យកហេតុផលអ៉ីរ៉ង់បង្កការគំរាមកំហែងចំពោះកប៉ាល់ពាណិជ្ជកម្ម យោធាអាមេរិកបញ្ជូនកម្លាំងបន្ថែមទៅកាន់តំបន់ឈូងសមុទ្រពែរ្ស

ចែករំលែក៖

សារព័ត៌មាន AFP នៅថ្ងៃសៅរ៍ ទី១៣ ខែឧសភា ឆ្នាំ២០២៣ កាលពីថ្ងៃសុក្រសប្តាហ៍នេះបានផ្សាយថា សហរដ្ឋអាមេរិកបាននិយាយថា ខ្លួននឹងបញ្ជូនកងកម្លាំងបន្ថែមទៅកាន់តំបន់ឈូងសមុទ្រ

ពែរ្ស បន្ទាប់ពីអ្វីដែលខ្លួនចាត់ទុកថា ជាការកើនឡើងនៃការគំរាមកំហែងរបស់អ៉ីរ៉ង់ចំពោះកប៉ាល់ពាណិជ្ជកម្មនៅតំបន់ដែនទឹកនោះ។
អ្នកនាំពាក្យក្រុមប្រឹក្សាសន្តិសុខជាតិសេតវិមាន លោក ចន ខឺប៊ី (John Kirby) បានប្រាប់ក្រុមអ្នកសារព័ត៌មានថា ក្រសួងការពារជាតិអាមេរិកនឹងធ្វើសកម្មភាពមួយចំនួនដើម្បីពង្រឹងជំហរការពាររបស់យោធាអាមេរិក នៅឯតំបន់ឈូងសមុទ្រពែរ្ស។ ចំណែក កងកម្លាំង Fifth Fleet របស់កងទ័ពជើងទឹកអាមេរិក ដែលមានមូលដ្ឋាននៅប្រទេសបារ៉ែន បាននិយាយក្នុងសេចក្តីថ្លែងការណ៍ថា ខ្លួនកំពុងតែធ្វើការជាមួយសម្ព័ន្ធមិត្តនិងដៃគូនៅក្នុងតំបន់ ដើម្បីបង្កើនការចល័តនាវានិងយន្តហោះ ដែលធ្វើប្រតិបត្តិការល្បាតនៅច្រកសមុទ្រហូមូស (Hormuz) ដែលជាមាត់ច្រកដ៏សំខាន់ចូលទៅកាន់ឈូងសមុទ្រពែរ្ស។
លោក ខឺប៊ី បានអះអាងថា អ៉ីរ៉ង់បានរករឿងវាយប្រហារ ឬជ្រៀតជ្រែកកប៉ាល់ពាណិជ្ជកម្មអន្តរជាតិសរុប១៥គ្រឿង ក្នុងរយៈពេល១៥ឆ្នាំចុងក្រោយនេះ។ អ្នកនាំពាក្យទីប្រឹក្សាសន្តិសុខជាតិអាមេរិក បានលើកឡើងយ៉ាងដូច្នេះថា «យើងបានមើលឃើញជាដដែលៗ នូវការគំរាមកំហែង ការរឹបអូស និងការវាយប្រហារដោយអាវុធរបស់អ៉ីរ៉ង់ ប្រឆាំងនឹងកប៉ាល់ពាណិជ្ជកម្ម ដែលអនុវត្តសិទ្ធិនិងសេរីភាពនៃការធ្វើនាវាចរណ៍របស់ពួកគេនៅក្នុងដែនទឹកអន្តរជាតិ ក៏ដូចជានៅផ្លូវទឹកយុទ្ធសាស្រ្តក្នុងតំបន់»។
ជាចុងក្រោយ លោក ខឺប៊ី បានសង្កត់ធ្ងន់ដូច្នេះថា «សហរដ្ឋអាមេរិកនឹងមិនអនុញ្ញាតឱ្យមហាអំណាចបរទេសឬប្រចាំតំបន់ មកបំផ្លាញសិទ្ធិសេរីភាពនៃការធ្វើនាវាចរណ៍កាត់តាមផ្លូវទឹកនៅមជ្ឈិមបូព៌ាដាច់ខាត រួមមានទាំងនៅច្រកសមុទ្រហូមូស»៕ ដោយធីរីណា

...

រូប​ថត​ : TTXVN-VNA

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print