សារព័ត៌មាន AFP នៅថ្ងៃសៅរ៍ ទី១៣ ខែឧសភា ឆ្នាំ២០២៣ បានផ្សាយថា នៅថ្ងៃសៅរ៍នេះ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀរ ហ្សេលេនស្គី បានធ្វើដំណើរមកដល់ទីក្រុងរ៉ូមនាថ្ងៃសៅរ៍នេះ សម្រាប់ជំនួបជាមួយនាយករដ្ឋមន្រ្តីអ៉ីតាលី លោកស្រី ចចជៀ មេឡូនី (Giorgia Meloni) ហើយនិងសម្តេចប៉ាប ហ្រ្វង់ស៉ីស។
«ថ្ងៃនេះកំពុងនៅទីក្រុងរ៉ូម» លោកប្រធានាធិបតីអ៊ុយក្រែន បានសរសេរសារនៅលើប្រព័ន្ធ Twitter យ៉ាងដូច្នេះ បន្ទាប់ពីរូបលោកបានមកដល់មូលដ្ឋានយោធាក្នុងព្រលានយន្តហោះ ឆាមពីណូ (Ciampino) នៃទីក្រុងរ៉ូម កាលពីវេលាម៉ោងខ្ទង់៨៖៣០នាទីព្រឹក (ម៉ោងនៅទីក្រុងរ៉ូម) ជាទីដែលលោក ហ្សេលេនស្គី ត្រូវបានទទួលស្វាគមន៍ដោយរដ្ឋមន្រ្តីការបរទេសអ៉ីតាលី លោក អាន់តូនីញ៉ូ តាយ៉ាងនី (Antonio Tajani)។ បើតាមលោក ហ្សេលេនស្គី ក្រៅពីលោកស្រី មេឡូនី និងសម្តេចប៉ាប រូបលោកក៏នឹងជួបប្រធានាធិបតីអ៉ីតាលី លោក សឺជីអូ ម៉ាតារេឡា (Sergio Mattarella) ផងដែរ។
គួរបញ្ជាក់ថា ទោះធ្លាប់មានទំនាក់ទំនងកក់ក្តៅជាប្រវត្តិសាស្រ្ត ជាមួយទីក្រុងមូស្គូក៏ដោយ ក៏អ៉ីតាលីដែលជាសមាជិកនៃអង្គការណាតូ (NATO) និងសហភាពអឺរ៉ុប (EU) បានចូលរួមផ្តល់សព្វាវុធនិងហិរញ្ញវត្ថុ ដើម្បីជួយទីក្រុងកៀវ ចាប់តាំងពីរុស្ស៉ីបានបើកការឈ្លានពានកាលពីខែកុម្ភៈឆ្នាំមុនមក ហើយក៏បានគាំទ្រការដាក់ទណ្ឌកម្មរបស់លោកខាងលិច ប្រឆាំងនឹងទីក្រុងមូស្គូផងដែរ។ យ៉ាងណាក្តី បញ្ហានៃការផ្តល់អាវុធឱ្យអ៊ុយក្រែននៅតែជាបញ្ហានយោបាយដ៏រសើបមួយក្នុងប្រទេសអ៉ីតាលី ហើយរដ្ឋាភិបាលទីក្រុងរ៉ូម មិនដែលប្រកាសជាសាធារណៈនោះឡើយ អំពីសព្វាវុធអ្វីខ្លះឱ្យប្រាកដដែលខ្លួនបានផ្តល់ឱ្យអ៊ុយក្រែន។
លោកស្រី មេឡូនី ដែលធ្លាប់ទៅទស្សនកិច្ចនៅទីក្រុងកៀវ កាលពីខែកុម្ភៈ ឆ្នាំនេះ បានទទួលស្វាគមន៍នាយករដ្ឋមន្រ្តីអ៊ុយក្រែន លោក ដេនីស ស្មីហាល់ (Denys Shmyhal) នៅទីក្រុងរ៉ូមកាលពីខែមុន ក្នុងឱកាសសន្និសីទស្តីពីការរិះរកមធ្យោបាយ ដើម្បីឱ្យវិស័យធុរកិច្ចរបស់អ៉ីតាលីអាចជួយដល់ កិច្ចប្រឹងប្រែងស្ថាបនាប្រទេសអ៊ុយក្រែនឡើងវិញ។ ដោយឡែក វាពុំទាន់ច្បាស់នោះទេថា តើលោក ហ្សេលេនស្គី នឹងចំណាយពេលស្ថិតក្នុងប្រទេសអ៉ីតាលីយូរប៉ុនណា ខណៈកន្លងមកមានសេចក្តីរាយការណ៍ថា លោកក៏ប្រហែលអាចគ្រោងធ្វើទស្សនកិច្ចទៅកាន់អាល្លឺម៉ង់ នាចុងសប្តាហ៍នេះផងដែរ៕ ដោយធីរីណា
រូបថត : NOVA NEWS