ទូតអាមេរិកប្រចាំកម្ពុជា ៖ ខាន់ ចេសា បានធ្វើឲ្យអាមេរិកនិងកម្ពុជា មានមោទនភាព ខណៈកីឡារស់ក្នុងសន្តិភាព !

ចែករំលែក៖

ភ្នំពេញ ៖ លោកឯកអគ្គរដ្ឋទូត Murphy និងក្រុមសមាជិកបុគ្គលិក និងគ្រួសារ​របស់ស្ថានទូតជាង ១០០ នាក់ មានការសប្បាយរីករាយក្នុងការទទួលជួបកីឡាការិនី ខាន់ ចេសា ដែលជនជាតិអាមេរិកមានដើមកំណើតខ្មែរ និងជាអ្នកទទួលបានមេដាយមាស​ក្នុងការប្រកួតកីឡាស៊ីហ្គេម នៅក្នុងស្ថានទូត រួមដំណើរដោយគ្រូបង្ហឹកនិងជាឪពុករបស់នាង។

សូមបញ្ជាក់ថា, បើយោងតាម Facebook ស្ថានទូតអាមេរិក ផ្សាយនៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៣ កន្លងទៅ បានឲ្យដឹងថា , ក្នុងពេលបដិសណ្ឋារកិច្ច​នោះ នាងបាននិយាយពីបទពិសោធន៍​ក្នុងការប្រកួតកីឡាស៊ីហ្គេម និងការខិតខំរបស់នាង ក្នុងការជំរុញការស្រឡាញ់ចំពោះក្បាច់គុននេះ ក្នុងចំណោមស្រ្តី និងក្មេងស្រី ទាំង​នៅកម្ពុជា និងសហរដ្ឋអាមេរិក។

«ចេសា បានធ្វើឲ្យប្រជាជាតិទាំងពីរ មានមោទនភាព។ យើងសូមឲ្យ ចេសា បន្តទទួលបានជោគជ័យ នៅក្នុងអាជីពកីឡា ju-jitsu របស់នាង ហើយសូមគាំទ្រនាង!»។ នេះជាសារលើ Facebook ស្ថានទូតអាមេរិក។

សូមបញ្ជាក់ផងថា ខាន់ ចេសា បានឈ្នះមេដាយមាស ប្រភេទកីឡាជឺជីតស៊ូ លើវិញ្ញាសា Ne-Waza NOGI ទម្ងន់ ៥២គីឡូក្រាម ក្រោយយកឈ្នះហ្វីលីពីន ក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម២០២៣ ធ្វើឡើងនៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍អន្តរជាតិជ្រោយចង្វារ (OCIC) នាថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៣។ 

បើយោងតាមប្រភពពី(BeeTube News) បានសរសេរថា, ចេសា ខាន់ ឬ ចេសា ចាដា ខាន់ (Jessa Khan or Jessa Jada Khan) គឺជាកីឡាករ ជូ ជីត ស៊ូ (Jiu-Jitsu ​Practitioner) ដ៏ល្បីម្នាក់ដែលតំណាងឲ្យកម្ពុជានៅលើឆាកអន្តរជាតិ។ គ្រប់ការប្រកួតរបស់នាងគឺសុទ្ធសឹងតែទទួលបានជោគជ័យ និងពានរង្វាន់។ មុននឹងនិយាយអំពីប្រវត្តិរបស់យុវតី វ័យ ២១ឆ្នាំ រូបនេះ យើងសូមពន្យល់អំពីពាក្យ “Jiu-Jitsu” សិន។ “jiu-Jitsu” ឬ “Ju-Jutsu” មានដើមកំណើតមកពីភាសា​​ ជប៉ុន ដែលពាក្យ “Jiu” មានន័យថា “ទន់ភ្លន់” (Gentle) ហើយពាក្យ “Jitsu or Jutsu” មានន័យថា “សិល្បៈ” (Art) ដូច្នេះពាក្យទាំងពីរនេះ បើគេបូកបញ្ចូលគ្នាមានន័យថា “សិល្បៈទន់ភ្លន់” (Gentle Art) ។ ជូ ជីត ស៊ូ គឺជាកីឡាដែលផ្តោតលើការចូលទៅគៀក ដៃគូរ ហើយ ចាប់ឱបគៀបឲ្យណែនជាប់ កុំឲ្យរើខ្លួនរួច។ ម្យ៉ាងវិញទៀតដោយយោងទៅតាមជនជាតិជប៉ុន ជូ ជីតស៊ូ គឺពុំមែនជាកីឡាទេ តែវាគឺជាក្បាច់គុណការពារខ្លួន។ ដូច្នេះ តើយុវតីកូនកាត់រូបនេះ ជានរណា? ​មកពីណា? ធ្លាប់ប្រកួត និងទទួលបានពានអ្វីខ្លះ? សូមអញ្ជើញស្តាប់វិដេអូនេះទាំងអស់គ្នា។ 

កុមារភាព និងប្រវត្តិនៃការហាត់ ជូ​ ជីត ស៊ូ 

ចេសា ខាន់ កើតនៅថ្ងៃទី៨​​ ខែតុលា ឆ្នាំ២០០១ នៅរដ្ធតិចសាស់ ហើយរស់នៅក្នុងរដ្ធកាលីហ្វ័រញ៉ាខាងត្បូង។ នាងគឺជាកូនកាត់ ខ្មែរ មុិចស៊ីកូ និងអាមេរិក  ដែលមានឪពុកជាជនជាតិខ្មែរកាត់អាមេរិក និងម្តាយជាជនជាតិមុិចស៊ីកូកាត់អាមេរិក។ ក្រុមគ្រួសាររបស់យុវតី ចេសា ខាន់ តែងតែផ្លាស់ទីលំនៅជារឿយៗដោយសារតែឪពុករបស់នាងជាមន្ត្រីកងទ័ពជើងទឹក។ ដោយសារតែមានទំនាក់ទំនងយ៉ាងខ្លាំងជាមួយនឹងកីឡាតំាងពីតូចមក ចេសា ខាន់ បានហាត់លេងកីឡាជាច្រើនមុនពេលចាប់អាជីពខាងកីឡា ជូ ជីតស៊ូ។ នាងបានចូលហាត់រៀនរាំរបាំបាលេ កីឡាបាល់ទាត់ ការ៉ាតេ និង ធី បល (Tee-Ball) ។ នៅក្នុងចំណោមកីឡាទាំងនេះ ការ៉ាតេ គឺជាសិល្បៈក្បាច់គុនដំបូងដែលនាងបានហាត់ចាប់តាំងពីនៅអាយុ ៦ឆ្នាំម្ល៉េះ។ បន្ទាប់មកនៅពេលដែលគ្រួសាររបស់នាងបានផ្លាស់ប្តូរទៅរស់នៅរដ្ធហាវ៉ៃ នាងចាប់ផ្តើមចូលហាត់កីឡាជូជីតស៊ូនៅអាយុ១២ឆ្នាំ។ ក្រៅពីកីឡា ជូ ជីតស៊ូ យុវតីឆ្នើមរូបនេះក៏បានហាត់ កីឡា យូដូ និងចំបាប់ ដើម្បីជួយពង្រឹង និងបង្កើនជំនាញ សិល្បៈក្បាច់គុណ ជូ ជីតស៊ូ របស់នាងថែមទៀតឲ្យកាន់តែខ្លាំង។ នាងបានក្លាយជាអ្នកប្រកួតប្រជែងដ៏លេចធ្លោម្នាក់នៅក្នុងក្រុមយុវជន ហើយបានចូលរួមជាមួយក្រុម Art of Jiu-Jitsu ជាក្រុមខ្សែរក្រវ៉ាត់ពណ៏ទឹកក្រូច​ ដែលនាងហ្វឹកហាត់ក្រោមការណែនាំរបស់គ្រូបង្វឹកហ្គីម៉ង់ដេ (GuiMendes) ។ ក្រៅពីគ្រូបង្វឹកនាងមានវីរបុរសដែលចាំជួយជម្រុញនាងជាច្រើនទៀតដូចជា អត្តពលិក ជូ ជីតស៊ូ ប្រេស៊ីល រ៉ាហ្វែល ម៉ង់ដេ (Rafael Mendes) ហ្គីហឺម ម៉ង់ដេ (Guilherme Mendes) ល្វីហ្សា មុងទែររូ (Luiza Monteiro) ហើយនិង មីគី មុយសូមេស៊ី (Mikey Musumeci) ។ បើទោះបីជាក្រុមគ្រួសាររបស់នាងឧស្សាហ៍ផ្លាស់ទីកន្លែងក៏ដោយ ចេសា ខាន់​ នៅតែបន្តសម្រេចក្តីស្រមៃរបស់នាងឲ្យបានក្នុងនាមជាអ្នកហាត់ ជូ ជីតស៊ូ ប្រេស៊ីល ប្រកបដោយ វិជ្ជាជីវៈ។ នៅថ្ងៃទី៦ ខែតុលា ឆ្នាំ២០២០ នាងបានទទួលខ្សែរក្រវ៉ាត់ ពណ៏ខៀវ ស្វាយ ត្នោត ហើយនិងខ្មៅពី លោក ហ្គីលហឺម ម៉ង់ដេ (Guilherme Mendes) នៅក្នុងពិធីមួយមុនពេលថ្ងៃខួបកំណើត គម្រប់អាយុ​ ១៩ឆ្នាំរបស់នាង។ 

ប្រវត្តិនៃការប្រកួត និងពានរង្វាន់ដែលទទួលបាន

ចាប់តាំងពីឆ្នាំ២០១៧ មករហូតដល់បច្ចុប្បន្ន ២០២២ ចេសា ខាន់ បានចូលរួមប្រកួតនៅក្នុងព្រឹត្តិការណ៍ជាច្រើន ពីលំដាប់តំបន់ទៅដល់លំដាប់ពិភពលោក ជាពិសេសនាងបានតំណាងឲ្យប្រទេសកម្ពុជានៅក្នុងព្រឹត្តិការណ៍ Asian Games ឆ្នាំ២០១៨ និងដណ្តើមបានមេដាយមាសក្នុងវិញ្ញាសា នេវ៉ាហ្សា (newaza) ទម្ងន់៤៩គីឡូក្រាមផ្នែកនារី ហើយវាបានក្លាយជាមេដាយមាសដំបូងគេ ដែលកម្ពុជាទទួលបាននៅក្នុងប្រភេទកីឡា ជូ ជីតស៊ូ

ដែលគេមិនដែលបានរំពឹងទុកនៅក្នុងប្រវត្តិសាស្រ្តរបស់កម្ពុជា។ ជេសសា ខាន់ បានក្លាយជាកីឡាករទីពីរតំណាងឲ្យប្រទេសកម្ពុជា ដែលទទួលបានមេដាយមាស បន្ទាប់ពីកីឡាតែក្វាន់ដូក្នុងឆ្នាំ ២០១៤។ នៅក្នុងឆ្នាំ២០២១ នាងមានប្រាក់ចំណូលសរុប គឺពី ១លានដុល្លារ ទៅ​ ៥លានដុលា្លរ​ ($ 1 million-$ 5 million) ហើយនៅក្នុងស្នាដៃ និងពានរង្វាន់សំខាន់ៗដែលនាងទទួលបានត្រូវបែងចែកចេញជាបីប្រភេទគឺ​៖ 

សមិទ្ធផលសំខាន់ៗ (Main Achievements) 

សម្រាប់សមិទ្ធផលទីមួយនេះ នាងទទួលបានបី គឺ ពានរង្វាន់ First Place IBJJF Pan Championship (២០២២) ពានរង្វាន់ Third Place IBJJF World Championship (២០២១) ហើយនិង ពានរង្វាន់ Third Place IBJJF Pan Championship NOGI (២០២១)។ 

សមិទ្ធផលសំខាន់ៗ (ខ្សែរក្រវ៉ាត់ព័ណ៏) (Main Achievements-Colored Belts) 

សម្រាប់ពានរង្វាន់នេះ នាងទទួលបាន៥ គឺ ពានរង្វាន់ First Place IBJJF World Championship ពណ៌ស្វាយ (២០១៩) ពានរង្វាន់ First Place IBJJF Pan Championship ពណ៌ស្វាយ​ (២០១៩) ពានរង្វាន់ First Place IBJJF European Open ពណ៌ស្វាយ (២០១៩)​ និងពណ៌ត្នោត (២០២០) ពានរង្វាន់ First Place UAEJJF Abu Dhabi World Pro ពណ៌ស្វាយ​ (២០១៩) ហើយនិង ពានរង្វាន់ Third Place IBJJF World Championship ពណ៌ស្វាយ (២០១៩)។ 

សមិទ្ធផលសំខាន់ៗ (អនីតិជន) (Main Achievements-Juvenile) 

សម្រាប់ពានរង្វាន់ចុងក្រោយនេះ នាងទទួលបាន បួនគឺ​ ពានដំបូង​ First Place IBJJF World Championship សម្រាប់ឆ្នាំ២០១៧ ហើយនិង២០១៨។ ចំណែក ពានទីពីរគឺ First Place IBJJF Pan Championship សម្រាប់ឆ្នាំ២០១៧​ និង​២០១៨។ ពានទីបីគឺ First Place IBJJF European Open សម្រាប់ឆ្នាំ២០១៧ និងពានទីបួនគឺ Third Place IBJJF European Open Juvenile សម្រាប់ឆ្នាំ២០១៧៕

ដោយ : សហការី

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print