ខេត្តព្រះសីហនុ៖ កីឡាករម៉ូតូទឹកកម្ពុជា ទទួលបានមេដាយដល់ទៅ២លើវិញ្ញាសា Ski GP នៃព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២នៅឆ្នេរសុខា ខេត្តព្រះសីហនុ។
សូមបញ្ជាក់ថា, កីឡាករឆ្នើម សាលី អ៊ូមើត បានឈ្នះមេដាយមាស, កីឡាករ មីន មូសស្តាន់ បានមេដាយប្រាក់ រីឯកីឡាករថៃ Nantawat Sigurai បានមេដាយសំរឹទ្ធ។
បូកសរុបពិន្ទុពីការប្រកួត៣ថ្ងៃកន្លងមក អ៊ូមើត សម្រេចបាន១៦៦ពិន្ទុ, មូសស្តាន់ បាន១៥៦ពិន្ទុ, Nantawat បាន១៥១ពិន្ទុ រីឯកីឡាករថៃម្នាក់ទៀត រួមទាំងកីឡាករហ្វីលីពីន និងម៉ាឡេស៊ី មិនបានមេដាយឡើយ។
នាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការ កងទ័ពជើងគោក បានបង្ហោះសារ អបអរសាទរកីឡាករម៉ូតូទឹកកម្ពុជា សាលី អូមើត ដែលបានឈ្នះមេដាយមាស លើវិញ្ញាសា SKI GP នៅ ខេត្តព្រះសីហនុ, ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៣ ។
លោកស្រី ហ៊ុន ម៉ាណា អគ្គនាយិកា ស្ថានីយទូរទស្សន៍ បាយ័ន ក៏បានបង្ហោះសារ ថា, សូមអបអរសាទរ កីឡាករម៉ូតូទឹកកម្ពុជា សាលី អូមើត ឈ្នះមេដាយប្រាក់ លើវិញ្ញាសា SKI LITE។
ជូនពរកីឡាករ កីឡាការិនីកម្ពុជាទទួលបានមេដាយអោយបានច្រើនបន្ថែមទៀត៕
ដោយ : សិលា