ភ្នំពេញ ; អាវភ្លៀង និងគ្រឿងឧបភោគ បរិភោគ ដែលជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានផ្ដល់ជូនកងកម្លាំង ១៣កងឯកភាព ចំណុះកងទ័ពជើងគោក ។
សូមបញ្ជាក់ថា : នៅព្រឹកថ្ងៃអង្គារ ១២រោច ខែពិសាខ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៣ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត មេបញ្ជាការរងកងទ័ពជើងគោក តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អញ្ជើញជួបសំណេះសំណាល សួរសុខទុក្ខ និងបើកចែកជូនអាវភ្លៀង និងគ្រឿងឧបភោគ បរិភោគ ដែលជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចទាំងទ្វេ ជូនដល់កងកម្លាំង ១៣កងឯកភាព ចំណុះកងទ័ពជើងគោក ។
ក្នុងឱកាសនោះ លោក ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត បាននាំយកនូវពាក្យផ្តាំផ្ញើរសួរសុខទុក្ខរបស់ សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលជានិច្ចកាលតែងតែយកចិត្តទុកដាក់ គិតគូរពីសុខទុក្ខ និងការរស់នៅ គ្រប់កងកម្លាំងប្រដាប់អាវុធ និងបានសំដែងនូវការកោតសរសើរ ចំពោះគំរូវីរភាពដ៏អង់អាចក្លាហានរបស់នាយទាហាន នាយទហានរង ពលទហានទាំងអស់ របស់យើង ដែលបានពុះពារឆ្លងកាត់គ្រប់ឧបសគ្គ បូជាទាំងកម្លាំងកាយ កម្លាំងចិត្ត ប្រាជ្ញា ស្មារតី និងហ៊ានពលីជីវិតដើម្បីបុព្វហេតុការពារជាតិមាតុភូមិ។
ឆ្លៀតក្នុងឱកាសនោះផងដែរ លោក ឧត្តមសេនីយ៍ឯក អ៊ុច វ៉ាន់ថា មេបញ្ជាការរង កងទ័ពជើងគោក មេបញ្ជាការ បញ្ជាការដ្ឋាន វិស្វកម្ម ព្រមទាំងនាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត និងសូមគោរពជូនពរសម្តេចទាំងទ្វេ ព្រមទាំងបុត្រា បុត្រី ចៅប្រុស ចៅស្រី សូមជួបប្រទះតែនឹងសេចក្តីសុខ កម្លាំងមាំមួន និងសូមជួបតែនឹងពុទ្ធពរទាំងបួនប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕
ដោយ : សហការី