លោកឯកអគ្គរដ្ឋទូតចិនអញ្ជើញចូលរួមពិធីបំពាក់គ្រឿងឥស្សរិយយសជូនក្រុមគ្រូពេទ្យវេជ្ជសាស្រ្តបូរាណចិននៃមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ

ចែករំលែក៖

ភ្នំពេញ ; នៅរសៀលថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣ ស្ថានឯកអគ្គរដ្ឋទូត សាធារណរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជា បានបង្ហោះអោយដឹងថា, នារសៀលថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៣ លោក Wang Wentian ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា និង លោកសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាលកម្ពុជាបានអញ្ជើញជាអធិបតីក្នុងពិធីបំពាក់គ្រឿងឥស្សរិយយសជូនក្រុមគ្រូពេទ្យវេជ្ជសាស្រ្តបូរាណចិននៃមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ នៅទីស្តីការក្រសួងសុខាភិបាល។ លោក Wu Guoquan ទីប្រឹក្សាសេដ្ឋកិច្ចពាណិជ្ជកម្មនៃស្ថានទូតចិនប្រចាំកម្ពុជា, លោកស្រី យក់ សម្បត្តិ លោកស្រី ឱ វណ្ណឌីន និងលោក ស៊ុន វិតន: រដ្ឋលេខាធិការនៃក្រសួងសុខាភិបាលកម្ពុជាអញ្ជើញមានវត្តមាននៅក្នុងពិធីខាងលើ។

លោកឯកអគ្គរដ្ឋទូតចិនបានបង្ហាញថា ក្រុមគ្រូពេទ្យវេជ្ជសាស្រ្តបូរាណចិនដំបូងគេបង្អស់ដែលបានចាត់បញ្ជូនមកកាន់ប្រទេសកម្ពុជាដើម្បីចូលរួមប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ទទួលបានសមិទ្ធផលជាច្រើនអនេត ហើយនឹងដំណើរវិលត្រឡប់ទៅកាន់ប្រទេសចិន ពួកគេក៏ជាក្រុមគ្រូពេទ្យវេជ្ជសាស្រ្តបូរាណចិនថ្នាក់ជាតិដំបូងគេដែលរដ្ឋាភិបាលចិនបានចាត់បញ្ជូនមកកាន់បរទេស។ ពួកគេបានមកដល់ប្រទេសកម្ពុជាជាបន្តបន្ទាប់នាខែមីនាឆ្នាំ២០២២។ ក្នុងអំឡុងពេល១៤ខែនៃការបំពេញបេសកកម្ម ពួកគេបានផ្សព្វផ្សាយស្មារតីក្រុមគ្រូពេទ្យជំនួយមកកាន់បរទេសគឺ “មិនខ្លាចភាពលំបាក ហ៊ានលះបង់យ៉ាងអង់អាច សង្គ្រោះព្យាបាលអាយុជីវិត និងផ្តល់ក្តីស្រលាញ់គ្មានព្រំដែន” រួមចិត្តមួយថ្លើមមួយដើម្បីកម្ចាត់ជំងឺវីរុសជូនដល់ប្រជាជនកម្ពុជានិងប្រជាជនក៏ដូចជាបងប្អូនជាប់សែស្រឡាយចិន និងព្រមទាំងទទួលបានសមិទ្ធផលផ្លែផ្កាជាច្រើនអនេកគ្រប់ភារកិច្ចទាំងឡាយ។ ពួកគេគឺជាអ្នកចម្បាំងអាវសដ៏ក្លាហានមិនរួញរា ជាបេសកជននៃចំណងមិត្តភាពដែកថែបរវាងចិននិងកម្ពុជា និងជាអ្នកអនុវត្តការកសាងសហគមន៍សុខាភិបាលនិងសុខភាពសម្រាប់មនុស្សជាតិ!

លោកឯកអគ្គរដ្ឋទូតចិន បានបន្តទៀតថា នៅថ្ងៃទី៥ ខែឧសភា អង្គការសុខភាពពិភពលោកបានប្រកាសថា ជំងឺកូវីដ១៩លែងបង្កើត”ព្រឹត្តិការណ៍សុខភាពសាធារណៈបន្ទាន់ដែលជាការព្រួយបារម្ភរបស់អន្តរជាតិ”ទៀតហើយ ប៉ុន្តែស្មារតីនៃការជួយគ្នាទៅវិញទៅមក និងការរួមសុខរួមទុក្ខជាមួយគ្នារវាងចិននិងកម្ពុជានឹងស្ថិតក្នុងក្រអៅបេះដូងប្រជាជនទាំងពីរជារៀងរហូត។ ឈរនៅចំណុចចាប់ផ្តើមថ្មីមួយ ក្រោមក្របខណ្ឌកិច្ចសហប្រតិបត្តិការ”ត្បូងពេជ្រទាំង៦” ជឿជាក់ថាក្រុមការងារវេជ្ជសាស្រ្តនៃភាគីទាំងពីរនឹងមានសកម្មភាពនិងចិត្តតែមួយ បន្តខិតខំកសាងសហគមន៍សុខាភិបាលសុខភាពដែលមានគុណភាពខ្ពស់ កម្រិតខ្ពស់ និងស្តង់ដារខ្ពស់នៅក្នុងយុគសម័យថ្មីសម្រាប់ប្រទេសទាំងពីរ ដើម្បីឱ្យសមិទ្ធផលនៃកិច្ចសហប្រតិបត្តិការដ៏ច្រើនមកបន្តជំរុញការផ្សារភ្ជាប់នៃបេះដូងប្រជាជនចិននិងកម្ពុជា បន្តផ្តល់ផលប្រយោជន៍ជូនដល់ប្រទេសនិងប្រជាជនទាំងពីរ។

លោកសាស្ត្រាចារ្យ ម៉ម ប៊ុនហេង តាំងនាមឱ្យរាជរដ្ឋាភិបាលកម្ពុជា បានថ្លែងអំណរគុណដោយស្មោះជាថ្មីម្តងទៀតជូនចំពោះរដ្ឋាភិបាលនិងប្រជាជនចិនដែលតែងផ្តល់ការគាំទ្រនិងជំនួយរយៈពេលវែង ជាពិសេសការផ្តល់ជំនួយជាវ៉ាក់សាំងកូវីដ បរិក្ខារវេជ្ជសាស្រ្ត សម្ភារៈប្រយុទ្ធប្រឆាំង និងការចាត់បញ្ជូនក្រុមគ្រូពេទ្យចិនមកកម្ពុជា និងតាមគ្រប់រូបភាពនៅក្នុងអំឡុងពេលនៃការផ្ទុះឡើងជំងឺកូវីដ១៩។ បានសម្ដែងការគោរពយ៉ាងជ្រាលជ្រៅជូនចំពោះអ្នកជំនាញវេជ្ជសាស្រ្តបូរាណចិនដែលបានធ្វើដំណើរឃ្លាតឆ្ងាយពីមាតុភូមិនិងគ្រួសារខ្លួនមកកាន់ប្រទេសកម្ពុជាដើម្បីបំពេញបេសកកម្មមនុស្សធម៌ដ៏ឧដុង្គឧត្តមនេះ។

លោកសាស្ត្រាចារ្យ ម៉ម ប៊ុនហេង បានសង្កត់ធ្ងន់ថា ក្នុងអំឡុងពេលប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ក្រុមគ្រូពេទ្យបានពាំនាំយកបទពិសោធន៍ព្យាបាលទប់ស្កាត់ជំងឺកូវីដ១៩ប្រកបដោយប្រសិទ្ធភាពតាមបែបវេជ្ជសាស្រ្តបូរាណចិនមកកាន់កម្ពុជា ហើយទទួលបានលទ្ធផលល្អជាទីគាប់ចិត្ត។ គ្លីនិកក្រុមគ្រូពេទ្យបានពិនិត្យព្យាបាលអ្នកជំងឺមានចំនួនសរុបលើសពី១.៦ម៉ឺននាក់ បាននាំយកនូវបច្ចេកវិទ្យាវេជ្ជសាស្រ្តកម្រិតខ្ពស់ជូនដល់តំបន់ និងទទួលបានការកោតសរសើរខ្ពស់ពីគ្រប់មជ្ឈដ្ឋាននៅក្នុងប្រទេសកម្ពុជា។ ក្រោមការដឹកនាំដោយផ្ទាល់របស់ថ្នាក់ដឹកនាំកំពូលរវាងចិននិងកម្ពុជាជាពិសេសគឺលោកប្រធានាធិបតីចិន Xi Jinping និងសម្ដេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន ចំណងមិត្តភាពនិងកិច្ចសហប្រតិបត្តិការរវាងប្រទេសនិងប្រជាជនទាំងពីរនឹងបន្តពង្រឹងនិងពង្រីកបន្ថែមទៀត ក៏សូមជូនពរឱ្យចំណងមិត្តភាពរវាងកម្ពុជានិងចិនឋិតថេរជាអមតៈ!

...

ដោយ ; សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print