ភ្នំពេញ : សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានរំលឹកសារជាថ្មីម្តងទៀត ពីកម្ពុជាបានឆ្លងកាត់វាល៣ ដែលរួមមាន សង្រ្គាម ភាពអត់ឃ្លាន និងជំងឺផ្សេងៗ។ សម្តេចមានប្រសាសន៍ក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិតពេទ្យបញ្ចប់ការសិក្សាពីសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល (University of Health Science) ចំនួនជាង១ពាន់នាក់ ដែលធ្វើឡើងនៅសណ្ឋាគារសុខាភ្នំពេញ រាជធានីភ្នំពេញ នាព្រឹកថ្ងៃព្រហស្បតិ៍ទី១៨ ខែឧសភា ឆ្នាំ២០២៣ ។
សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា វាលទី៣ ដែលជាជំងឺដង្កាត់ផ្សេងៗរួមទាំងកូវីដ-១៩ផងដែរ ដែលតម្រូវឱ្យយើងត្រូវត្រៀមធនធានមនុស្សខាងវិស័យសុខាភិបាលរបស់យើងដើម្បីការពារអាយុជីវិតរបស់ប្រជាជនយើង។
សម្តេចតេជោ ហ៊ុន សែន ក៏បានគូសបញ្ជាក់ថា ការប្រែប្រួលអាកាសធាតុ បាននាំមកនូវជំងឺដ៏កាចសាហាវជាច្រើនដែលយើងមិនធ្លាប់មាន ហើយយើងក៏មិនដឹងថា តើនៅថ្ងៃខាងមុខ នឹងមានជំងឺអ្វីខ្លះកើតឡើងចំពោះកម្ពុជាយើង។
នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានបន្តការរិះគន់ការស្រាវជ្រាវយោធា និងការបង្កើតសង្គ្រាមដោយប្រទេសនានាក្នុងពិភពលោក។ សម្ដចតេជោថាការប្រើប្រាស់លុយបង្កើតនូវអាវុធ និងពង្រឹងយោធានេះអ្នកដែលខាតបង់គឺមនុស្សជាតិទាំងមូល។
សម្ដេចថាសង្គ្រាមបានបង្ករវិនាសកម្ម បំផ្លាញសេដ្ឋកិច្ច សម្លាប់មនុស្ស ហើយអ្នកដែលចំណេញគឺអ្នកលក់អាវុធឯណោះទេ។ សម្ដេចថាប្រសិនជាគេកាត់បន្ថយលុយពីយោធាតែពាក់កណ្ដាលយកមកធ្វើការស្រាវជ្រាវវេជ្ជសាស្ត្រនោះពិតជាអាចជួយមនុស្សជាតិបានច្រើននិងធ្វើឱ្យពិភពលោកកាន់តែមានភាពសុខុដុមនីយ។
សម្ដេចថា៖ «យើងក៏នៅក្នុងក្របខ័ណ្ឌពិភពលោកក្នុងការទទួលខុសត្រូវលើកិច្ចការពារសុខមាលភាពប្រជាជនយើង» ៕
ដោយ : សហការី