ភ្នំពេញ÷ ផ្លូវល្បឿនលឿនខ្សែទី២ តភ្ជាប់ពីរាជធានីភ្នំពេញ ទៅក្រុងបាវិត ប្រវែងជាង១៣៥គីឡូម៉ែត្រ គ្រោងនឹងបើកការដ្ឋានសាងសង់ នៅថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៣ខាងមុខនេះ បើតាមប្រសាសន៍លើកឡើងរបស់លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានគូស បញ្ជាក់នៅក្នុងពិធីចុះហត្ថលេខាលើកិច្ចសន្យាភាពជាដៃគូរវាងរដ្ឋ និងឯកជន នៃគម្រោងហេដ្ឋារចនាសម្ព័ន្ធផ្លូវល្បឿនលឿនតភ្ជាប់ពីរាជធានីភ្នំពេញទៅ ក្រុងបាវិតរវាងរាជរដ្ឋាភិបាលកម្ពុជានិងក្រុមហ៊ុនសាជីវកម្មស្ពាននិងថ្នល់ចិន នាថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៣ នៅទីស្តីការក្រសួង។
លោកបានមានប្រសាសន៍បន្តថា ផ្លូវល្បឿនលឿនខ្សែទី២ ពីរាជធានីភ្នំពេញ ទៅក្រុងបាវិត មានប្រវែង១៣៥គីឡូម៉ែត្រ មាន៤គន្លង ២គន្លងទៅ២គន្លងមក សាងសង់ដោយក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន ប្រើប្រាស់ថវិកាសាងសង់អស់ប្រមាណ១៤០០លានដុល្លាសហរដ្ឋអាមេរិក មានរយះពេលសាងសង់៤ឆ្នាំ។
គួរបញ្ជាក់ថា ផ្លូវល្បឿនលឿនខ្សែទី២ តភ្ជាប់ពីរាជធានីភ្នំពេញ ទៅក្រុងបាវិត ប្រវែងជាង ១៣៥គីឡូម៉ែត្រ ពិតជាមានសារះសំខាន់ ណាស់សម្រាប់ព្រះរាជាណាចកម្ពុជាយើង ដោយសារប្រទេសកម្ពុជាយើង ស្ថិតនៅចំកណ្តាលមហាអនុតំបន់មេគង្គ រួមមាន កម្ពុជា ឡាវ វៀតណាម ថៃ មីយ៉ាន់ម៉ា និងចិន។ បើនិយាយពីទំហំពាណិជ្ជកម្មរវាង ប្រទេសថៃ និងប្រទេសវៀតណាម គឺមានរហូតទៅដល់រាប់ពាន់លានដុល្លាសហអាមេរិកក្នុង១ឆ្នាំៗ ។ ដូច្នេះនៅពេលផ្លូវល្បឿនលឿនខ្សែទី២ តភ្ជាប់ពីរាជធានីភ្នំពេញ ទៅក្រុងបាវិត សាងសង់រួចរាល់ ការដឹកជញ្ជូនទំនិញ ពីប្រទេសថៃមកកាន់ប្រទេសវៀតណាម នឹងឆ្លងកាត់ប្រទេសកម្ពុជា ហើយកម្ពុជាយើងនឹងអាចឈានដល់មានទីតាំងសម្រាប់ស្តុកទុកទំនិញ ថែមទាំងអាចបង្កើតការងារជូនប្រជាពលរដ្ឋយើងបានថែមទៀតផង។
គួរបញ្ជាក់ដែរថា តាមការគ្រោងទុក ផ្លូវល្បឿនលឿនខ្សែទី២ ពីរាជធានីភ្នំពេញ ទៅក្រុងបាវិតខេត្តស្វាយរៀង គ្រោងនឹងបើកការដ្ឋានសាងសង់ នៅថ្ងៃទី៧ ខែ មិថុនា ឆ្នាំ២០២៣ខាងមុខនេះ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ហើយស្របពេលជាមួយគ្នានេះដែរ ក៏នឹងមានពិធីចុះហត្ថលេខាលើកិច្ចសន្យាភាពជាដៃគូរវាងរដ្ឋ និងឯកជន នៃគម្រោងហេដ្ឋារចនាសម្ព័ន្ធផ្លូវល្បឿនលឿនខ្សែទី៣ តភ្ជាប់ពីរាជធានីភ្នំពេញ ទៅក្រុងសៀមរាប រវាងរាជរដ្ឋាភិបាលកម្ពុជានិងក្រុមហ៊ុនសាជីវកម្មស្ពាននិងថ្នល់ចិនផងដែរ៕ ដោយ៖ សូរិយា