ភ្នំពេញ : ហាងខារ៉ាអូខេ ដែលមានយីហោឈ្មោះថា , ( KTV ) អាហារដ្ឋាន នាគមាស តាមបណ្តោយ ផ្លូវ ឈ្នះ ឈ្នះ កប់ស្រូវ ស្ថិតក្នុងភូមិភ្លូផ្អែម សង្កាត់កោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ត្រូវបានគេទម្លាយឲ្យដឹងថា, កំពុងលួចបម្រើសេវាអាជីវកម្ម ឬជម្រុកជួញដូរផ្លូវភេទ មានន័យថា, ភ្ញៀវដែលចង់ភ្លក្សម្ហូបក្រៅផ្ទះ អាចយកនារីនៅទីនោះ ចេញទៅក្រៅបាន ប្រសិនបើត្រូវរូវតម្លៃគ្នាតាមការឯកភាព។
ធាតុពិត ! បើសិនជា ហាងខារ៉ាអូខេ ដែលមានយីហោ ឈ្មោះថា , ( KTV ) អាហារដ្ឋាន នាគមាស ធ្វើអាជីវកម្មបែបនេះមែន គឺជាអំពើខុសច្បាប់ ។ ម្យ៉ាងវិញទៀត ច្បាប់អនុញ្ញាតឲ្យធ្វើអាជីវកម្ម អាហារដ្ឋាន ក្លឹបកំសាន្ត ខារ៉ាអូខេ សុទ្ធតែមានកិច្ចសន្យាច្បាស់លាស់ជាមួយនឹងអាជ្ញាធរ ដូច្នេះគួរតែអាជ្ញាធរ សមត្ថកិច្ច ជំនាញពាក់ព័ន្ធ ចុះស៊ើបអង្កេត ស្រាវជ្រាវ ដើម្បីមានវិធានការលុបបំបាត់។
ពាក់ព័ន្ធក្នុងករណីនេះ លោក ហួរ ហួត អភិបាលរង ខណ្ឌព្រែកព្នៅ ទទួលបន្ទុកការងារប្រឆាំងការជួញដូរមនុស្ស នៅរសៀលថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៣ តាមទូរសព្ទ ជាមួយអង្គភាពមជ្ឈមណ្ឌលព័ត៌មាន”នគរវត្ត” លោកបានបញ្ជាក់ថា, ខ្ញុំមិនទាន់ដឹងរឿងនេះនៅឡើយដែរ ប្រសិនបើមានករណីបែបនេះមែន ខ្ញុំនឹងសុំគោលការណ៍ពីលោកអភិបាលនៃគណៈអភិបាលខណ្ឌ ដើម្បីចុះធ្វើការត្រួតពិនិត្យ នៅទីតាំងជាក់ស្ដែង ។
លោកអភិបាលរងខណ្ឌបានបន្តថា, ខ្ញុំនឹងសុំគោលការណ៍លោកអភិបាលខណ្ឌ ដើម្បីដឹកនាំកម្លាំងគណៈបញ្ជាការឯកភាព ចុះធ្វើការត្រួតពិនិត្យជាក់ស្ដែង ហើយបើរកឃើញមានការប្រព្រឹត្ត ដូចករណីបែបនេះ យើងនឹងអនុវត្តទៅតាមវិធានការរដ្ឋបាល និងនិងវិធានការច្បាប់។
សូមបញ្ជាក់ថា, ហាងខារ៉ាអូខេ ដែលមានយីហោឈ្មោះថា , ( KTV ) អាហារដ្ឋាន នាគមាស តាមបណ្តោយ ផ្លូវ ឈ្នះ ឈ្នះ កប់ស្រូវ នេះមានថៅកែឈ្មោះ សេង ពៅ ដែលមានបុគ្គលិកជាច្រើននាក់ផងដែរ។ បើការបើកអាជីវកម្ម ដោយស្របច្បាប់ តាមលិខិតអនុញ្ញាត នោះគឺជាការចូលរួមចំណែកមួយយ៉ាងសំខាន់ ជាមួយអាជ្ញាធរដែនដី ហើយស្រូបយកកម្លាំងពលកម្ម ឱ្យបងប្អូនប្រជាពលរដ្ឋយើងមានការងារធ្វើ ទទួលបានប្រាក់កម្រៃគ្រាន់ដោះស្រាយជីវភាពប្រចាំគ្រួសារ។ ប៉ុន្តែបើម្ចាស់ទីតាំង ឈ្មោះ សេង ពៅ មានគំនិតមិនល្អ លួចបើកបម្រើសេវាផ្លូវភេទ គឺជាអំពើខុសច្បាប់ ដែលអាជ្ញាធរ សមត្ថកិច្ច មន្ត្រីជំនាញ ត្រូវមានវិធានការត្រួតពិនិត្យរដ្ឋបាល។
ពាក់ព័ន្ធក្នុងករណីនេះ អង្គភាពមជ្ឈមណ្ឌលព័ត៌មាន”នគរវត្ត” មិនអាចធ្វើការទំនាក់ទំនងសុំការបំភ្លឺបានទេពីឈ្មោះ សេង ពៅ ដែលជាម្ចាស់ហាង នៅរសៀលថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៣ ដោយគ្មានលេខទូរសព្ទ ។ ប៉ុន្តែអង្គភាពយើងខ្ញុំ និងរង់ចាំការបកស្រាយ ប្រសិនបើមានហេតុផលច្បាស់លាស់ណាមួយ នូវគ្រប់រៀងរាល់ម៉ោងរដ្ឋបាល៕