ក្លិបបានប្រកាសថា ខ្សែប្រយុទ្ធរបស់ Toulouse កីឡាករ Zakaria Aboukhlal នឹងហ្វឹកហាត់តែម្នាក់ឯងដោយរង់ចាំការស៊ើបអង្កេតលើការចោទប្រកាន់ជាមួយនឹងមន្ត្រីក្នុងតំបន់។
សារព័ត៌មាន RMC Sport បានរាយការណ៍ថា Aboukhlal បានជួបជាមួយអភិបាលរងក្រុង Toulouse ទទួលបន្ទុកផ្នែកកីឡាលោកស្រី Laurence Arribage ក្នុងពិធីអបអរសាទរជ័យជម្នះចុងក្រោយរបស់ក្លិបក្នុងការប្រកួត French Cup ទល់នឹង Nantes កាលពីថ្ងៃទី២៩ ខែមេសា។
លោកស្រី Arribage បាននិយាយថា ឧប្បត្តិហេតុត្រូវបានកើតមានបន្ទាប់ពីបានសុំឱ្យកីឡាកររក្សាភាពស្ងៀមស្ងាត់ក្នុងអំឡុងពេលពិធីអបអរ។ លោកស្រីបានប្រាប់សារព័ត៌មានបារាំងថា “អ្នកលេងមិនចូលចិត្តត្រូវបានប្រាប់ឱ្យនៅស្ងៀមបែបនេះទេ” ។
ក្លិប Toulouse បានប្រកាសនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “ដើម្បីឆ្លើយតបទៅនឹងការចោទប្រកាន់ដ៏ធ្ងន់ធ្ងរដែលចេញផ្សាយដោយ RMC Sport ប្រឆាំងនឹងកីឡាករ Zakaria Aboukhlal ក្លិបបានប្រកាសថាកីឡាករនឹងហ្វឹកហាត់ឆ្ងាយពីក្រុមអាជីពរហូតដល់មានការជូនដំណឹងបន្ថែម ដោយរង់ចាំលទ្ធផលនៃការស៊ើបអង្កេតផ្ទៃក្នុង”។
Aboukhlal គឺជាកីឡាករម្នាក់ក្នុងចំណោមកីឡាករក្រុម Toulouse ដែលបានបដិសេធមិនចូលរួមក្នុងយុទ្ធនាការទូទាំងលីកប្រឆាំងនឹងមនុស្សស្រលាញ់ភេទដូចគ្នាកាលពីចុងសប្តាហ៍មុន។ កីឡាករអន្តរជាតិម៉ារ៉ុករូបនេះបានការពារជម្រើសរបស់គាត់មិនចូលរួមក្នុងយុទ្ធនាការនេះនោះទេ។
គាត់បានសរសេរនៅលើ Twitter ថា “ការគោរពគឺជាតម្លៃដែលខ្ញុំគោរព។ វាពង្រីកដល់អ្នកដទៃ ប៉ុន្តែវាក៏រួមបញ្ចូលការគោរពចំពោះជំនឿផ្ទាល់ខ្លួនរបស់ខ្ញុំផងដែរ។ ដូច្នេះហើយខ្ញុំមិនជឿថា ខ្ញុំជាមនុស្សដែលស័ក្តិសមបំផុតក្នុងការចូលរួមក្នុងយុទ្ធនាការនេះ” ។
ខ្សែប្រយុទ្ធ Mostafa Mohamed របស់ក្រុម Nantes ក៏បដិសេធមិនចូលរួមដែរ ដោយបាននិយាយនៅលើ Twitter កាលពីថ្ងៃចន្ទថា “ដោយសារឫសគល់ វប្បធម៌របស់ខ្ញុំ សារៈសំខាន់នៃការជឿជាក់ និងជំនឿរបស់ខ្ញុំ វាមិនអាចទៅរួចទេសម្រាប់ខ្ញុំក្នុងការចូលរួមក្នុងយុទ្ធនាការនេះ”។ ជាមួយគ្នានេះក្លិប Nantes បានប្រកាសថា កីឡាករអន្តរជាតិអេហ្ស៊ីបរូបនេះត្រូវបានពិន័យដោយក្លិបហើយ ៕ (រូបភាព ៖ Reuters/CNA)