ចិន៖ គ្មានថ្នាំទិព្វដើម្បីបញ្ចប់សង្រ្គាមឡើយ គឺមានតែបង្កើតឱកាសដើម្បីចរចាគ្នារកសន្តិភាពប៉ុណ្ណោះ

ចែករំលែក៖

សារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី១៨ ខែឧសភា ឆ្នាំ២០២៣បានចុះផ្សាយថា នៅថ្ងៃព្រហស្បតិ៍នេះ ទីក្រុងប៉េកាំងបានឱ្យដឹងថា បេសកជនពិសេសចិន លោក (Li Hui) បានប្រាប់អ៊ុយក្រែនថា វាមិនមានឱសថទិព្វ ដែលអាចដោះស្រាយវិបត្តិនៅអ៊ុយក្រែននោះទេ ដោយរូបលោកបានទទូចឱ្យទីក្រុងកៀវនិងទីក្រុងមូស្គូ បង្កើតឱកាសដើម្បីចរចាគ្នារកសន្តិភាព ទើបអាចឆ្ពោះទៅបិទបញ្ចប់សង្រ្គាម។

លោក លី បានបំពេញទស្សនកិច្ចនៅទីក្រុងកៀវ កាលពីថ្ងៃអង្គារនិងថ្ងៃពុធសប្តាហ៍នេះ ជាទីដែលលោកបានជួបពិភាក្សាគ្នាជាមួយរដ្ឋមន្រ្តីការបរទេសអ៊ុយក្រែន លោក ឌីមីត្រូ គូលេបា (Dmitro Kuleba) និងមន្រ្តីអ៊ុយក្រែនដទៃទៀត។ លោក លី គឺជាមន្រ្តីជាន់ខ្ពស់បំផុតរបស់ប្រទេសចិន ដែលបានទៅទស្សនកិច្ចនៅអ៊ុយក្រែន គិតចាប់តាំងពីការឈ្លានពានរបស់រុស្ស៉ី កាលពីខែកុម្ភៈ ឆ្នាំ២០២២។ ក្នុងនាមជាប្រទេសមហាអំណាចដ៏មានឥទ្ធិពលមួយ ចិនកំពុងព្យាយាមដើរតួជាអ្នកសម្រុះសម្រួល ដើម្បីជួយស្វែងរកទីបញ្ចប់សម្រាប់សង្រ្គាមនៅអ៊ុយក្រែន។
យោងតាមសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសចិន អំឡុងទស្សនកិច្ចនៅអ៊ុយក្រែន លោក លី ហួយ ដែលជាបេសកជនពិសេសទទួលបន្ទុកកិច្ចការតំបន់អឺរ៉ាស៉ី បាននិយាយយ៉ាងដូច្នេះថា «វាពុំមានឱសថទិព្វដើម្បីដោះស្រាយវិបត្តិនេះឡើយ ដោយភាគីទាំងអស់ត្រូវចាប់ផ្តើមចេញពីខ្លួនឯងផ្ទាល់ ហើយកសាងការជឿទុកចិត្តគ្នាទៅវិញទៅមក រួចបង្កើតឱកាសដើម្បីជជែកគ្នា ឆ្ពោះទៅបញ្ចប់សង្រ្គាម»។ លោក លី ក៏បានដោះដូរទស្សនៈគ្នាជាមួយប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀរ ហ្សេលេនស្គី ផងដែរ។
បើតាមក្រសួងការបរទេសអ៊ុយក្រែន កាលពីថ្ងៃពុធលោក គូលេបា បានប្រាប់លោក លី ថាទីក្រុងកៀវនឹងមិនទទួលយកជាដាច់ខាតនូវសំណើបញ្ចប់សង្រ្គាមដែលមានតម្រូវឱ្យអ៊ុយក្រែនត្រូវលះបង់ទឹកដីរបស់ខ្លួនឱ្យទៅរុស្ស៉ី។ បន្ទាប់ពីទីក្រុងកៀវ លោក លី ក៏ត្រូវបំពេញទស្សនកិច្ចនៅប៉ូឡូញ បារាំង អាល្លឺម៉ង់ និងចុងក្រោយនៅរុស្ស៉ីផងដែរ។
ប្រធានាធិបតីចិន លោក ស៉ី ជិនពីង បានជួបផ្ទាល់ជាមួយប្រធានាធិបតីរុស្ស៉ី លោក វ៉្លាឌីមៀរ ពូទីន នៅឯទីក្រុងមូស្គូ កាលពីខែមីនា។ រីឯកាលពីខែមេសា លោក ស៉ី បានជួបសន្ទនាតាមទូរស័ព្ទរយៈពេលខ្ទង់មួយម៉ោង ជាមួយលោក ហ្សេលេនស្គី៕ ដោយធីរីណា

...

រូប​ថត​ : vtc.vn

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print