លោក ឃួង ស្រេង៖ តាមការប៉ាន់ស្មាននៅឆ្នាំ២០៣៥សំណល់ភក់បង្គន់របស់ប្រជា ពលរដ្ឋនៅរាជធានីភ្នំពេញ នឹងកើនឡើងដល់៣៣០០០០ម៉ែត្រគូបក្នុងមួយឆ្នាំ

ចែករំលែក៖

ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា៖ តាមការប៉ាន់ស្មាននៅឆ្នាំ២០៣៥ សំណល់ភក់បង្គន់របស់ប្រជាពលរដ្ឋបញ្ចេញចោលនៅរាជធានីភ្នំពេញ នឹងកើនឡើងដល់៣៣០០០០ ម៉ែត្រគូបក្នុងមួយឆ្នាំ នេះធៀបនិងបច្ចុប្បន្ន កើន ឡើងជិត១៣ដង ដូច្នេះទាមទារឱ្យយកចិត្តទុកដាក់ គ្រប់គ្រងជា ពិសេសរៀបចំអាងប្រព្រឹត្តិកម្មសំណល់ភក់បង្គន់ឱ្យបានត្រឹមត្រូវ ស្របតាម ស្តង់ដាបច្ចេកទេស។
នេះជាការបញ្ជាក់របស់លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញខណៈលោក និងលោកស្រី អារីយ៉ាណា អាដេហ្ស៊ី លេខាធិការរង អចិន្ត្រៃយ៍ ទទួលបន្ទុកកម្មវិធីសហប្រតិបត្តិការ នៃសមាគម អន្តរជាតិ នៃអភិបាលក្រុងប្រើប្រាស់ភាសាបារាំង ព្រមទាំង លោក ការីម ហ្ស៊ីយ៉ាឌីសមាជិកក្រុមប្រឹក្សាភិបាល ស្ថាប័នស្យ៉ាប (SIAAP) និងជាតំណាងទីក្រុងប៉ារីសតំបន់សហជីព finu (SIAAP) អញ្ជើញជាអធិបតី ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការស្ថានីយប្រព្រឹត្តិកម្មសំណល់ភក់បង្គន់ មានទីតាំងស្ថិតនៅក្នុងសង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៣ នេះ។
លោកឃួង ស្រេង បានមានប្រសាសន៍ថា ស្ថានីយប្រព្រឹត្តិកម្មសំណល់ភក់បង្គន់នេះ ជាស្ថានីយប្រព្រឹត្តិកម្មដំបូងបង្អស់នៅរាជ ធានីភ្នំពេញ ដែលបានបើក ការដ្ឋានសាងសង់ កាលពីថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២២ កន្លងទៅដោយចំណាយថវិកាសាងសង់អស់ចំនួន ១.១៩៤.៥៥៧ (មួយលាន មួយសែន ប្រាំបួនម៉ឺនបួនពាន់ប្រាំរយហាសិបប្រាំពីរ ដុល្លារអាមេរិក) ក្រោមគម្រោងហិរញ្ញប្ប ទានសរុបជាង ៣,៧លានដុល្លារ អាមេរិក ដែលជាការចូលរួមពីដៃគូ រួមមាន សហជីព ស៉្យាប (SIAAP), សមាគម អា.អុី.អឹម.អេហ្វ, ទីភ្នាក់ងារ អេ អុី អេស អុិន (AESN) និងថវិកា បដិភាគរបស់រដ្ឋបាលរាជធានីភ្នំពេញ។ នេះជាចំណងដៃរួមគ្នារវាងរដ្ឋបាលរាជធានីភ្នំពេញ និងសមាគម អា.ស៊ី.អឹម.អេហ្វ ជូន ចំពោះប្រជាជនក្មងរាជធានីភ្នំពេញ សំដៅ លើកកម្ពស់អនាម័យ-បរិស្ថាន ឆ្លើយតបទៅនឹងសេចក្តីត្រូវការ និងភាពស៊ីវិល័យរបស់ប្រជាជនក្នុង ទីក្រុង ។
លោកឃួង ស្រេងបានបន្តទៀតថា យោងតាមការ
សិក្សា នៅឆ្នាំ២០០១ សំណល់ភក់បង្គន់ របស់ប្រជាពលរដ្ឋនៅរាជធានីភ្នំពេញ មានចំនួនត្រឹមតែ ២៦.០០០ ម៉ែត្រគូបក្នុងមួយឆ្នាំ និងមានការកើនឡើងជាលំដាប់ ហើយ តាមការប៉ាន់ស្មាននៅឆ្នាំ២០៣៥ សំណល់ភក់បង្គន់របស់ប្រជាពលរដ្ឋនៅរាជធានីភ្នំពេញ នឹងកើនឡើងដល់ ៣៣០.០០០ ម៉ែត្រគូបក្នុងមួយឆ្នាំ ពោលគឺ កើនឡើងជិត ១៣ ដង ដូច្នេះ ទាមទារឱ្យយើងត្រូវយកចិត្តទុកដាក់ គ្រប់គ្រង ជាពិសេសរៀបចំអាងប្រព្រឹត្តិកម្មសំណល់នេះ ឱ្យបានត្រឹមត្រូវស្របតាមស្តង់ ដាបច្ចេកទេស។
លោកឃួង ស្រេង ក៏បានបញ្ជាក់ផងដែរថា៖ សម្រាប់ការស្ថាបនាស្ថានីយប្រព្រឹត្តកម្មសំណល់ភក់បង្គន់នៅ រាជធានីភ្នំពេញ គឺពិតជាមានភាពចាំបាច់ និងមានសារៈសំខាន់ខ្លាំងណាស់ ដើម្បីលើកកម្ពស់អនាម័យសាធា រណៈឆ្លើយតបទៅនឹងអត្រាកំណើន ប្រជាពលរដ្ឋកំណើនសេដ្ឋកិច្ច នគរូបនីយកម្ម ការពង្រីកទីក្រុង និង ការកើនឡើងផ្នែកជីវភាព-តម្រូវការរស់នៅកាន់តែស៊ីវិល័យរបស់ បងប្អូនប្រជាពលរដ្ឋ ក្នុងនោះ គម្រោងនេះ នឹងផ្តល់នូវអត្ថបយោជន៍ សំខាន់ចំនួន ៣ រូមមាន (ទី១) អត្ថប្រយោជន៍ផ្នែកបរិស្ថាន តាមរយៈ ការគ្រប់គ្រងសំណល់ភក់បង្គន់បានត្រឹមត្រូវ (ទី២) អត្ថប្រយោជន៍ផ្នែក សង្គម តាមរយៈការបង្កើតការងារ និងកែច្នៃសំណល់ភក់បង្គន់ទៅជា ជីសរីរាង្គ កាត់ បន្ថយការប្រើប្រាស់ជីគីមី និង (ទី៣) អត្ថប្រយោជន៍ ផ្នែកសេដ្ឋកិច្ច តាមរយៈការលក់ជីសរីរាង្គដែលផលិតបានទៅក្នងទីផ្សារ កសិកម្ម ឬ អាចនិយាយបានថា “យកសំណល់ គ្រប់គ្រងសំណល់”។
លោក ឃួង ស្រេង បានជំរុញឲ្យមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញ ណែនាំនិងផ្សព្វផ្សាយទៅបងប្អូនប្រជាពលរដ្ឋដែលធ្វើអាជីវកម្មបូមភក់បង្គន់នៅក្នុងរាជធានីភ្នំពេញ ទាំងអស់រាល់ការធ្វើអាជីវ
កម្មមូមភក់បង្គន់ត្រូវនាំមកចាក់នៅ អាងប្រព្រឹត្តិកម្មសំណល់ភក់បង្គន់នេះដើម្បីសុខ មាលភាពប្រជាជន ។ បើណែនាំហើយ មិនព្រមអនុវត្ត នោះរដ្ឋបាលរាជធានីភ្នំពេញនឹងមានវិធានការរដ្ឋបាល ដោយមិនអាចអោយពួកគាត់យកទៅចាក់ចោលពាសវាលពាសកាលដូចមុនទៀតទេ។
លោកស្រី អារីយ៉ាណា អាដេហ្ស៊ី ក៏ដូចជាលោក ការីម ហ្ស៊ីយ៉ាឌី បានមានប្រសាសន៍លើកឡើងផងដែរថា យើងបានធ្វើការសិក្សា ១០ឆ្នាំហើយលើការងារប្រតិកម្មទឹកស្អាត ជាលទ្ធផល យើងបានបើកការដ្ឋានស្ថាបនាស្ថានីយប្រព្រឹត្តិកម្មសំណល់ភក់បង្គន់នេះ ហើយនេះក៏ជាស្ថានីយប្រព្រឹត្តិកម្មដំបូងបង្អស់នៅរាជធានីភ្នំពេញ ។ ក្រោយបើកសម្ពោធដាក់អោយប្រើប្រាស់ យើងមិនបោះបង់ចោលនោះទេ គឺយើងនឹងបញ្ជូនអ្នកបច្ចេកទេស មកជួយដល់ស្ថានីយនេះ សំដៅធ្វើយ៉ាងណាអោយការងារមួយនេះទទួលបានជោគជ័យ សម្រាប់សុខមាលភាពប្រជាពលរដ្ឋ៕ ដោយ៖សំរិត


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print