ភ្នំពេញ៖ តំណាងអភិបាលរាជធានីភ្នំពេញ បានណែនាំឱ្យក្រុមហ៊ុនទទួលម៉ៅការ ដែលឈ្នះការដេញថ្លៃគម្រោងមូលនិធិអភិវឌ្ឍន៍សង្កាត់ ឆ្នាំ២០២៣ ត្រូវសាងសង់ឱ្យស្របតាមស្តង់ដារបច្ចេកទេស និងធានាបាននូវគុណភាព ។ នេះជាការបញ្ជាក់របស់លោក ហ៊ត វ៉ាន់ធី អភិបាលរងខណ្ឌចំការមន ក្នុងឱកាសអញ្ជើញជាតំណាងរបស់ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ក្នុងពិធីដេញថ្លៃគម្រោងមូលនិធិអភិវឌ្ឍន៍សង្កាត់ ឆ្នាំ២០២៣ របស់រដ្ឋបាលខណ្ឌចំការមន នៅព្រឹកថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៣ នៅសាលាខណ្ឌចំការមន ដោយមានការចូលរួមពីលោក ព្រំ សំខាន់ ប្រធានក្រុមប្រឹក្សាខណ្ឌផងដែរ និងមានក្រុមហ៊ុនចូលរួមដេញថ្លៃ ចំនួន ០៥ក្រុមហ៊ុន ។
លោក ហ៊ត វ៉ាន់ធី ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះឯកឧត្តមអភិបាលរាជធានី ដែលបានជួយស្ថាបនាហេដ្ឋារចនាសម្ព័ន្ធជាច្រើនដូចជា៖ ស្ថាបនាលូមេ ស្ដាលូ ជួសជុលផ្លូវ ស្ថាបនាស្ពានអាកាសថ្មើជើង កែលំអសាលារៀន ដាក់ភ្លើងបំភ្លឺផ្លូវ និងរៀបការ៉ូឡានៅតាមដងផ្លូវនានា។ល។ សមិទ្ធផលទាំងអស់នេះ បានធ្វើឱ្យភូមិសាស្ត្រខណ្ឌចំការមន មានការអភិវឌ្ឍ និងបានរួមចំណែកកាត់ បន្ថយភាពក្រីក្រយ៉ាងពិតប្រាកដ ដល់ប្រជាពលរដ្ឋក្នុងខណ្ឌទាំងមូល បានធ្វើឱ្យប្រជាពលរដ្ឋមានការគាំទ្រ និងទទួលបាននូវភាពកក់ក្ដៅលើការយកចិត្តទុកដាក់របស់រដ្ឋបាលខណ្ឌ និងរដ្ឋបាលរាជធានីភ្នំពេញ ជាពិសេសក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់រាជរដ្ឋាភិបាលដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំ ក្នុងការអភិវឌ្ឍប្រទេសជាតិទាំងមូល ។
សូមជម្រាបថា សម្រាប់ឆ្នាំ២០២៣ គម្រោងមូលនិធិអភិវឌ្ឍន៍សង្កាត់ ដែលដាក់ឱ្យដេញថ្លៃនាពេលនេះរួមមាន៖
១-សង្កាត់ទន្លេបាសាក់៖ ដាក់លូដោះទឹក ទំហំ០,៦ ម៉ែត្រ ប្រវែង២៤៣ម៉ែត្រ និងជួសជុលអណ្តូងចំនួន១០ អណ្តូង ជួសជុលចាក់បេតុង ទំហំ ៧៣ ម៉ែត្រការ៉េ តម្លៃប៉ាន់ស្មាន : ១០៩,៨៥៤,៤០៩រៀល ។
២-សង្កាត់ទួលទំពូងទី១៖ ដាក់លូដោះទឹក ទំហំ០,៦ ម៉ែត្រ ប្រវែង១៦៤ម៉ែត្រ និងជួសជុលអណ្តូងចំនួន៧ អណ្តូង – ជួសជុលចាក់បេតុង ទំហំ ១២៥ ម៉ែត្រការ៉េ តម្លៃប៉ាន់ស្មាន : ១៤៤,៩៧៣,២៧២ រៀល។
៣-សង្កាត់ទួលទំពូងទី២៖ ដាក់លូដោះទឹក ទំហំ០,៦ ម៉ែត្រ ប្រវែង២៤៦ម៉ែត្រ និងជួសជុលអណ្តូងចំនួន១០ អណ្តូង តម្លៃប៉ាន់ស្មាន : ១៣៣,៦២២,៤០០ រៀល។
៤-សង្កាត់បឹងត្របែក ដាក់លូដោះទឹក ទំហំ០.៦ ម៉ែត្រ ប្រវែង៤០៥ម៉ែត្រ និងជួសជុលអណ្តូងចំនួន១៨ អណ្តូង តម្លៃប៉ាន់ស្មាន : ១៤៧,៨១៩,២២២ រៀល។
៥-សង្កាត់ផ្សារដើមថ្កូវ៖ ដាក់លូដោះទឹក ទំហំ០,៦ ម៉ែត្រ ប្រវែង៩៣៩ម៉ែត្រ និងជួសជុលអណ្តូងចំនួន១៦ អណ្តូង តម្លៃប៉ាន់ស្មាន : ១៣៥,៧៧៥,០៦៣ រៀល។
ក្នុងឱកាសនេះ លោកអភិបាលរងខណ្ឌ បានណែនាំដល់ក្រុមហ៊ុនចូលរួមដេញថ្ងៃទាំងអស់ ត្រូវពិចារណាអោយបានច្បាស់លាស់ពីតំលៃ និងស្ថានភាពទីតាំងគំរោង ហើយត្រូវគោរពនូវបទបញ្ជាផ្ទៃក្នុង ក្រមសីលធម៌ និងកិច្ចសន្យា គោលការណ៍សំខាន់ៗ អំពីការដេញថ្ងៃ។ កុំអោយមានការដេញថ្លៃបានហើយ បែរជាអនុវត្តមិនបាន ។
លោកបន្តថា រដ្ឋបាលរាជធានីភ្នំពេញ នឹងចុះត្រួតពិនិត្យការងារអនុវត្តគម្រោងរបស់សង្កាត់ទាំងអស់ អញ្ចឹងទេ សុំឱ្យក្រុមហ៊ុនទាំងអស់ យកចិត្តទុកដាក់ ដោយការដេញថ្លៃនេះ សូមឱ្យធានាបាននូវភាពត្រឹមត្រូវគិតគូរឲ្យបានច្បាស់លាស់ នូវតម្លៃ និងទំហំការងារ និងធានាសុវត្ថិភាពជូនដល់សាធារណៈជន និងធានាដល់គុណភាព ស្របតាមស្តង់ដារបច្ចេកទេសឱ្យបានត្រឹមត្រូវ ៕