ភ្នំពេញ៖ នៅទីបំផុតតារាចម្រៀងប្រចាំផលិតកម្មហង្សមាស កែសុវណ្ណារ៉េត ហៅ ហ្សូណូបានចេញមុខបំភ្លឺនិងបង្ហាញភស្តុតាងទឹកប្រាក់ទំនុកបម្រុងកូនស្រី និងព្រមានចំណាត់ការផ្លូវច្បាប់ទៅ ចាន់ សុផានីថែមទៀតប្រសិនបើបន្តបើកកាយរឿងមិនពិត។
គេចាំបានថាមុននេះធ្វើឲ្យមានការភ្ញាក់ផ្អើលក្នុងស្រទាប់មហាជនក្រោយពីអតីតពិធីការិនីអ្នកនាង ចាន់ សុផានី បានលេចមុខលើបណ្តាញសង្គម និងសារព័ត៌មានស្នើឲ្យតារាចម្រៀង លោក ហ្សូណូ ជាអតីតស្វាមីជួយដល់កូនស្រីនោះ។ ករណីមុននេះបានក្លាយជាប្រធានបទក្នុងការវែកញែកពេញបណ្តាញសង្គម ដោយ អ្នកនាង ចាន់សុផានី ស្នើឲ្យលោកហ្សូណូជួយនេះដែរក្រោយពីនាងលើកឡើងថានាងអស់លទ្ធភាពក្នុងការផ្គត់ផ្គង់កូនស្រីដែលជាតំណក់ឈាមរួមគ្នា ព្រោះតែនាងមានបញ្ហាផ្នែកជីវភាព។ការហែកទម្លាយរឿងរ៉ាវគ្រូសារនេះ កាន់តែធ្វើឲ្យរីកធំមិនអាចពន្លត់បានក្រោយពីវីដេអូបទសម្ភាសន៍របស់នាងជាបន្តបន្ទាប់ត្រូវបានទម្លាយ ខណៈដែលលោក ហ្សូណូ នៅបន្តរក្សាភាពស្ងប់ស្ងាត់ដដែល ប៉ុន្តែពេលនេះលោកចេញមុខបំភ្លឺច្បាស់ហើយរួមទាំងបង្ហាញភស្តុតាងពិតជាក់ស្តែងនូវរបាយការណ៍ផ្ទេរប្រាក់ទៅកាន់តារាស្រីរូបនេះជាបន្តបន្ទាប់នូវទឹកប្រាក់ច្រើនកា្រស់ក្រែលរួមទាំងទឹកប្រាក់ផ្គត់ផ្គង់ការសិក្សារបស់កូនស្រីនោះជាដើម។ យោងតាមភស្តុតាងភ្ជាប់ដោយការបដិសេធមិនទទួលយកការលើកឡើងរបស់អតីតភរិយា ហើយលោកលើកឡើងថាការមិនតបតកន្លងមកជាង១០ឆ្នាំព្រោះតែមិនចង់ប៉ះពាល់អារម្មណ៍កូនស្រីប៉ុន្តែអ្នកនាង ចាន់ សុផានីនៅតែទាមទារម្តងហើយម្តងទៀត ហើយយកកូនស្រីមកធ្វើជាប្រធានបទ បើទោះបីជាលោកបានផ្ញើប្រាក់ជាបន្តបន្ទាប់ទៅឲ្យក្តី និងធ្វើឲ្យប៉ះពាល់ខ្លាំងដល់លោក ហ្សូណូ ។ តាមលិខិតបំភ្លឺ៣ទំព័រដោយមេធាវីការពារក្តីរបស់លោកហ្សូណូគឺឲ្យលោកស្រី ចាន់ សុផានីបញ្ឈប់ជាបន្ទាន់ និងព្រមានចាត់វិធានការតាមផ្លូវច្បាប់ពីបទបរិហាកេរ្តិ៍។ បន្ថែមពីលើខ្លឹមសារទាំងនេះលោកបានបង្ហាញពីប្រតិបត្តិការតាមរយៈធនាគារមួយចំនួនដើម្បីបញ្ជាក់ភាពស្អាតស្អំ ដែលក្នុងប្រតិបត្តិការណ៍ជាច្រើនសន្ធឹកសន្ធាប់នេះគឺបានផ្ញើទៅកាន់គណនីយអ្នកនាង ចាន់ សុផានីដោយផ្ទាល់អមដោយការបញ្ជាក់ផ្សេង ពិសេសការផ្ញើប្រាក់បង់ថ្លៃសិក្សារបស់កូនស្រីនោះតែម្តង។ អ្នកលេងបណ្តាញសង្គមជាច្រើនស្វាងចែក និងបានបញ្ចេញយោបល់ដោយការចែករំលែកព្រោងព្រាតពេញបណ្តាញសង្គម។ លោកបានបន្ថែមក្នុងការបញ្ចេញយោបល់ថា ទ្រាំអស់១០ឆ្នាំ ព្រោះអាណិតក្មេងរក្សាកិត្តិយសកូន គ្មានឪពុកណាមិនស្រលាញ់កូនខ្លួនឯងទេ លោកអរគុណបងប្អូនមួយចំននដែលបានជេប្រមាថលោក មើលងាយលោកទាំងដែលមិនដឹងរឿង៕
ដោយ វឌ្ឍនា