សម្ដេចវិបុលសេនាភក្ដី សាយ ឈុំ៖យើងត្រូវតែរួមគ្នាធ្វើឲ្យកាន់តែល្អថែមទៀត និងបន្តរួមគ្នាការពារសន្តិភាព សន្តិសុខ សណ្តាប់ធ្នាប់ ដើម្បីភាពសុខសាន្តរបស់ប្រជាពលរដ្ឋ

ចែករំលែក៖

ភ្នំពេញ៖ សម្ដេចវិបុលសេនាភក្តី សាយ ឈុំ អនុប្រធានគណបក្សប្រជាជនកម្ពុជា ប្រធានគណៈប្រចាំការ និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានរាជធានីភ្នំពេញ បានបញ្ជាក់ថា ៖ សម្រាប់មន្ត្រីរបស់គណបក្សប្រជាជនកម្ពុជា បានបំពេញការងារបានយ៉ាងល្អប្រសើរ ។ យើងត្រូវតែរួមគ្នា ធ្វើឲ្យកាន់តែល្អថែមទៀត និងបន្តរួមគ្នាការពារសន្តិភាព សន្តិសុខ សណ្តាប់ធ្នាប់ ដើម្បីភាពសុខសាន្តរបស់ប្រជាពលរដ្ឋ ជាមួយនិងការបន្តការផ្តល់សេវាជូនប្រជាពលរដ្ឋអោយកាន់តែលឿន និងទាន់ចិត្ត។
ការបញ្ជាក់បែបនេះរបស់សម្ដេចវិបុលសេនាភក្តីខាងលើនេះបានធ្វើឡើង កាលពីព្រឹកថ្ងៃទី២១ ឧសភា ឆ្នាំ២០២៣ ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារទីស្នាក់ការគណ បក្សប្រជាជនកម្ពុជាសង្កាត់ស្ពានថ្ម ខណ្ឌដង្កោ។
ក្នុងឱកាសនោះ លោក ឃួង ស្រេង សមាជិកគណៈកម្មាធិការកណ្តាលនិងជាប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ បានមានប្រសាសន៍ថា ទីស្នាក់ការគណបក្សប្រជាជនកម្ពុជា សង្កាត់ស្ពានថ្ម មានទីតាំង ស្ថិតនៅក្នុងសង្កាត់ស្ពានថ្ម ខណ្ឌដង្កោ រាជធានីភ្នំពេញនេះ មាន ផ្ទៃដីទំហំ១៩,៥០ម៉ែត គុណនឹង៨០, ៥០ម៉ែត្រ។ កាលដើម ឡើយទីស្នាក់ការនេះ មានអគាររដ្ឋបាលតូច ចង្អៀតទំហំត្រឹម៦ម៉ែត្រ គុណនឹង៨ម៉ែត្រ ប៉ុណ្ណោះ ។ដោយពិបាកបំពេញការងារ ក្រុមការងារគណបក្ស និងគណៈកម្មាធិការគណបក្សគ្រប់ថ្នាក់ បានផ្តួចផ្ដើមកសាងអគាររដ្ឋបាលថ្មី ក្នុងបរិវេណទីស្នាក់ការគណបក្ស សង្កាត់នេះឡើងវិញ។ អគាររដ្ឋបាលថ្មីនេះ មានទំហំ ១៤,៣៥ម៉ែត្រ គុណនឹង ៣៦ម៉ែត្រ និងមានកម្ពស់ ២ ជាន់ ត្រូវបានបើកការដ្ឋានសាងសង់ កាលពីថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០១៩ និងបានបញ្ចប់ការសាងសង់ កាលពីថ្ងៃទី៧ ខែមករា ឆ្នាំ២០២២ ដោយចំណាយថវិកាសាងសង់អស់ចំនួន ២៥៣.៧៧៨ (ម្ភៃប្រាំម៉ឺន បីពាន់ប្រាំពីរយចិតសិបប្រាំបួនដុល្លាអាមេរិក) និងបានសម្ពោធដាក់ ឱ្យប្រើប្រាស់ជាផ្លូវការនៅពេលនេះ ។
សម្ដេចវិបុលសេនាភក្តី សាយ ឈុំ ក្នុងឱកាសនោះបានសម្តែងនូវការកោតសរសើរចំពោះក្រុមការងារគណបក្សចុះមូលដ្ឋានសង្កាត់ស្ពានថ្ម ដែលបានរួមគ្នាក្នុងការកសាងអគាររដ្ឋបាលថ្មីដ៏ធំសម្បើមក្នុងបរិវេណទីស្នាក់ការគណបក្ស សង្កាត់ស្ពានថ្មខាងលើនេះ ដែលស្នាក់ការនេះស័ក្កសមនិងកិត្តិយសរបស់គណបក្សប្រជាជនកម្ពុជារបស់យើង។
សម្ដេចវិបុលសេនាភក្តី សាយ ឈុំ មានប្រសាសន៍លើកឡើងថា៖ ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា និងរាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចអគ្គមហាសនាបតី តេជោ ហ៊ុន សែន ជាប្រមុខដ៏ឈ្លាសវៃ, កម្ពុជាបានបន្តខិតខំ ពុះពារ ជម្នះការលំបាកទាំងអស់ ធ្វើឱ្យដំណើរការសេដ្ឋកិច្ច និងសង្គម មានភាពល្អប្រសើរជាបន្តបន្ទាប់ ហើយខិតខំសម្រេច ឱ្យបាន នូវគោលដៅអភិវឌ្ឍន៍ ដើម្បីក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅ ឆ្នាំ ២០៣០ និងក្លាយជាប្រទេសមានចំណូលខ្ពស់ នៅឆ្នាំ ២០៥០ ។
សម្ដេចវិបុលសេនាភក្តី បានបន្តទៀតថា ២០ឆ្នាំចុងក្រោយនេះប្រទេសកម្ពុជាមានការអភិវឌ្ឍខ្លាំងណាស់ សូម្បីតែប្រជាពលរដ្ឋរស់នៅក្នុងស្រុកនិងនៅក្រៅស្រុក ពួកគាត់សុទ្ធតែនឹកស្មានមិនដល់ ថាកម្ពុជាយើងបានដើរមកដល់ចំណុដូចសព្វថ្ងៃនេះឡើយ។ ប្រជាពលរដ្ឋធ្វើស្រែ ចំការ បានធ្វើទំនើបកម្មលើមុខរបររបស់ខ្លួនទាំងមិនដឹងខ្លួនឬត្រៀមទុកជាមុន ពោលគឺកម្លាំងពលកម្មនៃការធ្វើស្រែចំការនេះ លេងប្រើគោ ក្របីដូចមុនទៀតហើយ ដោយបែរមកប្រើគ្រឿងចក្រ និងបច្ចេកវិទ្យាជំនួសវិញ។
សម្ដេចវិបុលសេនាភក្តី បានបន្ថែមទៀតថា សម្រាប់មន្ត្រីរបស់គណបក្សប្រជាជនកម្ពុជា យើងបានបំពេញការងារល្អប្រសើរហើយ តែសម្រាប់ទិសដៅទៅមុខ យើងត្រូវតែធ្វើឲ្យកាន់តែល្អថែមទៀត ។ បន្តការពារសន្តិភាព សន្តិសុខ សណ្តាប់ធ្នាប់ ដើម្បីភាពសុខសាន្តរបស់ប្រជាពលរដ្ឋ ។បន្តការផ្តល់សេវាជូនប្រជាពលរដ្ឋអោយបានលឿន និងទាន់ចិត្ត៕ .ដោយ៖សំរិត


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print