ខេត្តស្ទឹងត្រែង៖ ក្មេងស្រីពីរនាក់ដោយសារចង់រំលែកបន្ទុកឪពុកម្តាយក្នុងគ្រួសារផងនោះ ក៏បានបបួលគ្នាទៅរាវខ្ចៅខ្យងនៅឯទន្លេមេគង្គឱ្យម្តាយធ្វើម្ហូប តែអកុសលត្រូវទឹកទន្លេកួចយកទៅបាត់បណ្តាលឱ្យស្លាប់បាត់បង់ជីវិតទាំងពីរនាក់បងប្អូនយ៉ាងអាណោចអាធ័មរកអ្វីថ្លែងពុំបានឡើយ។
ហេតុការណ៍នេះបានកើតឡើងនៅរសៀលថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៣ ត្រង់ចំណុចកែងកក ក្នុងភូមិកោះស្រឡៅ ឃុំកោះស្នែង ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង។
ប្រភពពីនគរបាលស្រុកថាឡាបរិវ៉ាត់បានឱ្យដឹងថា ក្មេងស្រីពីរនាក់បងប្អូនលង់ទឹកស្លាប់នោះ ម្នាក់ឈ្មោះសុត ផានេត ភេទស្រី អាយុ១២ឆ្នាំ និងម្នាក់ទៀតឈ្មោះសុត ផានឿន ភេទស្រី អាយុ៦ឆ្នាំស្នាក់នៅភូមិឃុំកើតហេតុខាងលើជាមួយឪពុកម្តាយ។
ឪពុកឈ្មោះឃុត អឿន អាយុ៤២ឆ្នាំ ម្តាយឈ្មោះអ៊ុំ អៀង អាយុ៣៨ឆ្នាំ មានស្រុកកំណើតនៅឯភូមិសែនជ័យ ឃុំកន្ទួត ស្រុកស្វាយលើ ខេត្តសៀមរាប ហើយបច្ចុប្បន្នមកសុីឈ្នួលដកដំឡូងមីឱ្យម្ចាស់
ចម្ការលោកមា មិត្ត ដែលមានចម្ការនៅភូមិវាលខ្សាច់ ឃុំថាឡា ស្រុកថាឡាបរិវ៉ាត់ ។
ប្រភពបន្តថា មុនពេលកើតហេតុ កុមារីទាំងពីរនាក់បងប្អូនបានទៅមុជទឹករាវរកខ្ចៅខ្យង ជាមួយមនុស្ស៣នាក់ផ្សេងទៀត ដោយជិះម៉ូតូចំនួន២គ្រឿង។ ក្នុងនោះមានឈ្មោះហុីម ប៊ុត ភេទប្រុសអាយុ២៣ឆ្នាំ ឈ្មោះហុីម ម៉េងប៊ុន ភេទប្រុស អាយុ១៦ឆ្នាំ និងឈ្មោះ ហុីម ម៉េងហៀង ភេទប្រុស អាយុ១២ឆ្នាំ។
ពេលចុះទៅដល់ចំណុចខាងលើ កុមារីទាំងពីរនាក់បងប្អូនរួមជាមួយនាក់ទាំង៣នាក់បានចុះទៅចំកន្លែងអន្លង់ជ្រៅជាហេតុបណ្តាលឱ្យក្មេងស្រីទាំងពីរនាក់ត្រូវទឹកកួចលង់ស្លាប់តែម្តងដោយសារពួកគេមិនចេះហែលទឹកផង។
ក្នុងពេលឃើញហេតុការណ៍នេះឈ្មោះហុីម ប៊ុត បានជួយសង្គ្រោះដែរ តែមិនអាចជួយសង្គ្រោះបានដោយសាររូបគាត់ក៏មិនសូវចេះហែលទឹកដូចគ្នា។
បច្ចុប្បន្នសពត្រូវបានឪពុកម្តាយយកមកតម្កល់ទុកនៅវត្តស្រែឫស្សី ឃុំស្រែឧឫស្សី ស្រុកថាឡាបរិវ៉ាត់ ដើម្បីឱ្យកម្លាំងនគរបាលជំនាញបន្តនីតិវិធីនិងធ្វើបុណ្យតាមប្រពៃណី៕ ដោយ ជីវន្ត