សារព័ត៌មាន AFP នៅថ្ងៃអាទិត្យ ទី២១ ខែឧសភា ឆ្នាំ២០២៣ បានផ្សាយថា នាថ្ងៃទី២១ខែឧសភា ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានប្រកាសអំពីកញ្ចប់ជំនួយយោធាថ្មីទៀតសម្រាប់អ៊ុយក្រែន ដែលមានទំហំ៣៧៥លានដុល្លារ ក្នុងជំនួបជាមួយប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀរ ហ្សេលេនស្គី នៅក្រៅកិច្ចប្រជុំកំពូល G7 ក្នុងប្រទេសជប៉ុន។
លោកប្រធានាធីបតីអាមេរិកបាននិយាយថា កញ្ចប់ជំនួយយោធាខាងលើ រួមមានទាំងគ្រាប់រំសេវ កាំភ្លើងធំ រថពាសដែក និងការបណ្តុះបណ្តាល។ លោក បៃដិន បានប្រាប់លោក ហ្សេលេនស្គី ថា សហរដ្ឋអាមេរិកកំពុងតែខំប្រឹងប្រែងឱ្យអស់លទ្ធភាពដើម្បីជួយពង្រឹងការការពាររបស់អ៊ុយក្រែន នៅក្នុងសង្រ្គាមប្រឆាំងការឈ្លានពានរបស់រុស្ស៉ី។ បើតាមសេតវិមាន ក្នុងជំនួបនោះ លោក បៃដិន ក៏បានជជែកផងដែរអំពីការគាំទ្ររបស់សហរដ្ឋអាមេរិកសម្រាប់កិច្ចប្រឹងប្រែងរួមជាមួយបណ្តាប្រទេសជាសម្ព័ន្ធមិត្តនិងដៃគូ ដើម្បីផ្តល់ការហ្វឹកហាត់ដល់ក្រុមពីឡុតអ៊ុយក្រែន ស្តីពីការប្រើប្រាស់យន្តហោះចម្បាំងជំនាន់ទី៤ ដូចជា F-16 ជាដើម។
សារព័ត៌មាន AFP នៅថ្ងៃអាទិត្យ ទី២១ ខែឧសភា ឆ្នាំ២០២៣បានផ្សាយថា ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀរ ហ្សេលេនស្គី នៅថ្ងៃអាទិត្យនេះ ហាក់បានទទួលស្គាល់ចំពោះការបាត់បង់ទីក្រុង បាកមូត (Bakhmut) ទៅក្នុងដៃរុស្ស៉ី នៅពេលលោកត្រូវបានសាកសួរថា តើវាកំពុងបន្តស្ថិតក្រោមការគ្រប់គ្រងរបស់ទីក្រុងកៀវដដែល ឬក៏យ៉ាងណា។
នៅពេលត្រូវបានគេសួរថា តើកងកម្លាំងអ៊ុយក្រែនកំពុងតែបន្តព្យាយាមទប់ទល់នៅបាកមូត ឬមួយរុស្ស៉ីដណ្តើមគ្រប់គ្រងទីក្រុងភាគខាងកើតមួយនេះ បានសម្រេចទាំងស្រុងឬយ៉ាងណាហើយនោះ លោកប្រធានាធិបតីអ៊ុយក្រែន បានឆ្លើយតបយ៉ាងដូច្នេះថា «វាគឺជារឿងគួរឱ្យខ្លោចផ្សា។ ពុំមានអ្វីសេសសល់នៅទីនោះទៀតទេ។ នាពេលនេះ ទីក្រុងបាកមូត មានតែនៅក្នុងបេះដូងយើងប៉ុណ្ណោះ»។ លោក ហ្សេលេនស្គី កំពុងស្ថិតនៅទីក្រុងហ៉ីរ៉ូស៉ីម៉ានៃប្រទេសជប៉ុន ដើម្បីចូលរួមកិច្ចប្រជុំកំពូល G7។
ថៅកែក្រុមហ៊ុនទាហានស៉ីឈ្នួលរុស្ស៉ី Wagner បានអះអាងពីការគ្រប់គ្រងបានទាំងស្រុងលើទីក្រុងបាកមូត កាលពីថ្ងៃសៅរ៍សប្តាហ៍នេះ បន្ទាប់ពីកងកម្លាំងរបស់លោក ទីបំផុតបានវាយបណ្តេញកងកម្លាំងអ៊ុយក្រែន ចេញពីទីតាំងចុងក្រោយនៅក្នុងទីក្រុងនេះ។ ប្រសិនបើពិតមែននោះ វានឹងជាការបិទបញ្ចប់សមរភូមិដ៏អូសបន្លាយ និងបង្ហូរឈាមខ្លាំងបំផុតនៃសង្រ្គាមអ៊ុយក្រែន ដ្បិតក្រុម Wagner បានដឹកនាំកិច្ចប្រឹងប្រែងព្យាយាមវាយយកទីក្រុងនេះ តាំងតែពីអំឡុងរដូវក្តៅឆ្នាំមុនមកម្ល៉េះ៕ ដោយធីរីណា
រូបថត : Reuters