ភ្នំពេញ : សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា ថ្លែងថា នៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៣នេះ ជាថ្ងៃប្រកាសសម្រាប់ស្រ្តី ដែលធ្វើការ ក្នុងតំបន់សេដ្ឋកិច្ចក្នុងប្រព័ន្ធទាំងអស់ ដែលនៅក្រោមការគ្រប់គ្រងរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នឹងត្រូវទទួលបាននូវរបបសាច់ប្រាក់ឧបត្ថម្ភ ពេលមានផ្ទៃពោះ នឹងទទួលបានគោលនយោបាយឧបត្ថម្ភសាច់ប្រាក់របស់រាជរដ្ឋាភិបាល ចាប់តាំងពីចាប់ផ្តើមមានផ្ទៃពោះដំបូង រហូតដល់កូនមានអាយុ២ឆ្នំា។
សម្តេចតេជោ ហ៊ុន សែន ថ្លែងបែបនេះ នៅព្រឹកថ្ងៃទី ២២ ខែឧសភា ឆ្នាំ២០២៣ ក្នុងឱកាសអញ្ជើញសំណេះសំណាលជាមួយកម្មករនិយោជិត ជាង ២ម៉ឺននាក់ និងទស្សនាសមិទ្ធផលក្នុងតំបន់សេដ្ឋកិច្ចពិសេស ក្រុង ព្រះ សីហនុ ព្រមទាំងសម្ពោធដាក់ឱ្យដំណើរការ រោង ចក្រផលិតសំបកកង់ ដើម្បីអបអរសាទរខួបលើកទី១០ នៃ” គំនិតផ្តួចផ្តើមខ្សែក្រវាត់មួយ-ផ្លូវមួយ” នៅតំបន់សេដ្ឋកិច្ចពិសេ សក្រុងព្រះសីហនុ។
សម្តេចតេជោ ហ៊ុន សែន ថ្លែងបញ្ជាក់ថា ការអនុវត្តន៍បន្ថែម សម្រាប់សេដ្ឋកិច្ចក្នុងប្រព័ន្ធ ក៏មិនបានធ្វើឲ្យសេដ្ឋកិច្ចកម្ពុជា ដួលនោះទេ មានតែបានត្រឡប់មកវិញ នូវសុខមាលភាពរបស់ស្ត្រីមានផ្ទៃពោះ។ ដូច្នេះអ្នកមានផ្ទៃពោះ ពេលទៅពិនិត្យផ្ទៃពោះ គឺទទួលបានប្រាក់ឧបត្ថម្ភតែម្តង ហើយប្រាក់ឧបត្ថម្ភនេះ នឹងទទួលបានរហូតដល់កូនអាយុបាន ២ឆ្នាំ។
សម្តេចតេជោ បានអះអាងថា កម្មការិនីទាំងអស់នៅក្នុងសេដ្ឋកិច្ចក្នុងប្រព័ន្ធដែលគ្រប់គ្រងដោយក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នឹងទទួលបានប្រាក់ឧបត្ថម្ភនេះ។
នាយករដ្ឋមន្ត្រីបានថ្លែងថា៖ «ខ្ញុំគិតថា ប្រសិនបើយើងអនុវត្តបន្ថែម ក៏មិនអាចដួលរលំសេដ្ឋកិច្ចកម្ពុជាទេ ប៉ុន្តែផ្ទុយទៅវិញវាក៏បានជួយកម្មការិនីរបស់យើងមានសុខភាពល្អ»។
សូមបញ្ជាក់ថាកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនដល់កម្មការនីមានផ្ទៃពោះ និងកុមារក្រោមអាយុ ២ឆ្នាំនេះ គឺអនុវត្តចំនួន ៣ដំណាក់កាល ដោយដំណាក់កាលទី១ ស្ត្រីមានផ្ទៃពោះទៅពិនិត្យផ្ទៃពោះចំនួន ៣លើកនឹងទទួលបានថវិកាក្នុង១លើកចំនួន ៤ម៉ឺនរៀល។ ពេលសម្រាលកូនភ្លាមស្ត្រីទទួលប្រាក់ចំនួន ២០ម៉ឺនរៀល។ ក្រោយសម្រាលកូនរួច ស្ត្រីទៅពិនិត្យសុខភាពទាំងម្តាយ និងកូនអាយុដល់ ២ឆ្នាំ ចំនួន ១០លើក ទទួលបានក្នុង១លើក ៤ម៉ឺនរៀល៕
ដោយ : សហការី