ភ្នំពេញ : សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា ថ្លែងថា សូមបណ្តាប្រទេសនានា មើលការដឹកនាំរបស់រាជរដ្ឋាភិបាលតាំងពីបាតដៃទទេ រហូតដល់មានការរីកចម្រើនដូចសព្វថ្ងៃនេះ។ នេះជាកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា តែបើប្រៀបនឹងថ្នាក់ដឹកនាំប្រទេសផ្សេងៗវិញ គឺហេដ្ឋារចនាសម្ព័ន្ធនានាមានស្រាប់ៗទាំងអស់ ដែលខុសពីកម្ពុជា កសាងប្រទេសលំបាកណាស់ ដៃម្ខាងទប់ខ្មែរក្រហម ដៃម្ខាងទៀត ការពារសន្តិភាព។
សម្តេចតេជោ ហ៊ុន សែន ថ្លែងបែបនេះ នៅព្រឹកថ្ងៃអង្គារ ទី២៣ ខែឧសភា ឆ្នាំ២០២៣ ក្នុងឱកាសពិធីសម្ពោធអគារមជ្ឈមណ្ឌលពហុឯកទេស «អគារតេជោអភិវឌ្ឍន៍» នៅមន្ទីរពេទ្យកាល់ម៉ែត។ សម្តេចតេជោ ថ្លែងបន្ត សូមបណ្ដាប្រទេសមិត្តបរទេស សូមរក្សាភាពស្ងៀមស្ងាត់ចាប់ពីពេលនេះរហូតដល់ការបោះឆ្នោតនីតិកាលទី៧ ដោយទុកឱ្យ កម្ពុជាប្រើប្រាស់នូវវិធានរបស់ខ្លួនដោះស្រាយបញ្ហាប្រជាធិបតេយ្យនៅកម្ពុជា។
សម្ដេចតេជោ ថ្លែងចោទជាសំនួរថា ហេតុអ្វីបានជាបរទេស ចូល ចិត្តជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ប្រទេសរដ្ឋអធិបតេយ្យមួយម៉្លេះ? កុំមើលតែមួយជ្រុងតូច ត្រូវសម្លឹងឱ្យឆ្ងាយជាងកម្ពុជា ពីព្រោះកម្ពុជាមានសិទ្ធិ តួនាទីនៅក្នុងអាស៊ាន។ ហើយសម្រាប់បណ្ដាទូតអាស៊ានមិនមានការលូកដៃចូលកិច្ចការផ្ទៃក្នុងរបស់កម្ពុជាឡើយ តែមានបណ្ដាទូតប្រទេសខ្លះចូលចិត្តជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់កម្ពុជា។
ទន្ទឹមនោះ សម្តេចតេជោ ថ្លែងរំលឹកថា ដោយសារតែមានការជ្រៀតជ្រែកពីបរទេសកាលពីអតីតកាលនេះហើយទើបធ្វើឱ្យប្រជាជនខ្មែរស្លាប់អស់រាប់លាននាក់ ដោយគាំទ្ររដ្ឋប្រហារយោធារបស់ លន់ នល់ និងគាំទ្រកៅអីខ្មែរក្រហមនៅអង្គការសហប្រជាជាតិ។ ហើយពួកគេមិនដែលសម្តែងនូវការសោកស្តាយសោះឡើយចំពោះទង្វើរបស់ខ្លួនបានធ្វើមកលើប្រទេសកម្ពុជា។
សម្ដេចតេជោ ហ៊ុន សែន លើកឡើងថា កម្ពុជាអត់មានស្នើសុំ និងក៏មិនទទួលការជ្រៀតជ្រែកកិច្ចការផ្ទៃពីប្រទេសណាមួយឡើយ។ សម្ដេចបញ្ជាក់ថា ដោយសារមានការជ្រៀតជ្រែកនេះហើយទើបធ្វើកម្ពុជារងគ្រោះស្លាប់មនុស្សរាប់លាននាក់ ។ សម្ដេចតេជោ ហ៊ុន សែន៖ «សូមមើលកម្ពុជាឲ្យផុតពីកម្ពុជា គឺកម្ពុជាជាសមាជិកសកម្មមួយនៅក្នុងអាស៊ាន» ។
ចំពោះមន្ទីរពេទ្យ សម្ដេចតេជោ ហ៊ុន សែន អំពាវនាវជាថ្មីដល់ក្រុមគ្រូពេទ្យ ត្រូវគោរពឲ្យបាននូវក្រមសីលធម៌វិជ្ជាជីវៈ និងបង្កើនសមត្ថភាពបច្ចេកទេស ខណៈមន្ទីរពេទ្យរបស់យើងបានបំពាក់នូវបច្ចេកទេសថ្មីៗរួចហើយនោះ ។
សម្ដេចតេជោ ហ៊ុន សែន បញ្ជាក់ថា ការកសាងមន្ទីរពេទ្យដែលមានសមត្ថភាពខ្ពស់ក្នុងការពិនិត្យព្យាបាល និងសង្គ្រោះ គឺជួយបង្កើនទំនុកចិត្តពីបណ្ដាទូតនានា វិនិយោគិន និងភ្ញៀវទេសចរ មកប្រទេសកម្ពុជា ៕
ដោយ : សិលា