ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន នៅព្រឹកថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៣នេះ បានមានប្រសាសន៍សំខាន់ៗ នាឱកាសអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់នៅក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ អគារមជ្ឈមណ្ឌលពហុឯកទេស «អគារតេជោអភិវឌ្ឍន៍» នៅមន្ទីរពេទ្យកាល់ម៉ែត ស្ថិតនៅសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
សូមអានប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន មានដូចខាងក្រោម៖
សម្តេចតេជោ ហ៊ុន សែន ថ្លែងថា ការកសាងអគារតេជោអភិវឌ្ឍន៍ នៃមន្ទីរពេទ្យកាល់ម៉ែតនេះ ពិតជាមានទំនាក់ទំនងជាមួយសម្តេចយពិតប្រាកដមែន ដែលកាលណោះសម្តេចបានយកម្តាយក្មេកសម្តេចមកសង្គ្រោះនៅទីនេះ។
សម្តេចបញ្ជាក់ថា ដោយអគារថ្មីនេះបំពាក់ដោយឧបករណ៍វេជ្ជសាស្ត្រ ទំនើបៗនាំចូលមកពីអាលឺ្លម៉ង់ និងអាមេរិក ឆ្លើយតបទៅនឹងតម្រូវការសេវាសុខភាពសាធារណៈ។
សម្ដេចតេជោ បានរម្លឹកអំពីគំនិតផ្ដួចផ្ដើមសាងសង់ មន្ទីរពេទ្យកាល់ម៉ែតនេះ ដោយ នាអំឡុខែវិច្ឆិកាឆ្នាំ ២០១៩ រាជរដ្ឋាភិបាលមានថវិកាសន្សំ ៣៥០០ លានដុល្លារ ក្រោយពេលដែលបានដក ៤០០ លានដុល្លារទៅអភិវឌ្ឍន៍លើម៉ាស៊ីនភ្លើង និងជាង ១០០ លានដុល្លារទៀតបានយកទៅអភិវឌ្ឍន៍ខេត្តព្រះសីហនុ។
សម្ដេចតេជោ ថ្លែងបញ្ជាក់ថា «យើងក្រ ប៉ុន្ដែកុំក្រទាំងចិត្ត»។ សម្ដេចតេជោ បញ្ជាក់ថា វិស័យឯកជននៅក្នុងប្រទេសកម្ពុជា ក៏បានចូលរួមចំណែកជាច្រើនក្នុងការជួយដល់រាជរដ្ឋាភិបាល និងប្រជាជនទាំងវិស័យសុខាភិបាល ការងារ និងវិស័យជាច្រើនទៀត។
សម្ដេចតេជោ កោតសរសើចំពោះផលិតផលកែវភ្នែកសិប្បនិម្មិតរបស់មិត្តជប៉ុន ដែលបានជូនសម្ដេចប្រើប្រាស់អស់ពេលជាង ៣០ ឆ្នាំកន្លងមកនេះ គឺមិនដែលមានបញ្ហាណាមួយកើតឡើងចំពោះសុខភាពសម្ដេចឡើយ។ សម្ដេចតេជោ ចង់ឱ្យមិត្តជប៉ុន ក្នុងការជួយបង្កើតទីតាំងផលិតកែវភ្នែកសិប្បនិម្មិតបែបនេះនៅកម្ពុជា។
សម្ដេចតេជោ បានឱ្យដកថវិកា ៣០លានដុល្លារដើម្បីមកកសាងមន្ទីរពេទ្យកាល់ម៉ែត រួមជាមួយនឹងថវិកាសប្បុរជនប្រមាណ ២២៥ នាក់ ដែលមានថវិកាជាង៧២លានដុល្លារ។
សម្តេចតេជោ ថវិកាដែលទទួលបានសរុបក្នុងការសាងសង់មន្ទីរពេទ្យនេះមានចំនួន ១០២លាន ៨សែនដុល្លារ និងថវិកា ២៨០ លានរៀល។ ការសាងសង់មន្ទីរពេទ្យនេះ បានប្រើប្រាស់ថវិកាសរុប សម្រាប់ផ្នែកអគារអាស់ចំនួន ៧០ លាន ៣ សែនដុល្លារ និងចំណាយ ១១ លាន ៣ សែន ទៀតទៅលើសម្ភារៈបរិក្ខា ដូច្នេះការសាងសង់សរុបជាង ៨២ លានដុល្លារ ខណៈថវិកានៃការសាងសង់មន្ទីរពេទ្យនេះ គឺជាថវិកាផ្សាភ្ជាប់ទៅនឹងគោលនយោបាយរបស់រាជរដ្ឋាភិបាល។
សម្ដេចតេជោ សំណូមពរចំពោះក្រុមគ្រូពេទ្យ និងនិស្សិតដែលកំពុងធ្វើកម្មសិក្សា និងកំពុងរៀន ត្រូវចាំថា ធ្វើគ្រូពេទ្យ គឺដើម្បីសង្គ្រោះជីវិតមនុស្ស។ សម្ដេចតេជោ សង្ឃឹមថា គ្រូពេទ្យដាក់ចិត្តដាក់កាយ ហើយត្រៀមខ្លួនបម្រើប្រជាជន សង្គ្រោះជីវិតប្រជាជន។
សម្ដេចតេជោ ថ្លែងថា បច្ចេកទេសបើកគ្មានការគ្រប់គ្រងដោយក្រមសីលធម៌មួយទេ បច្ចេកទេសនឹងនាំទៅដល់គ្រោះថ្នាក់ ឧទាហរណ៍ដូចជាពួកអ្នកធ្វើភេរវកម្ម ដែលសុទ្ធតែជាអ្នកមានបច្ចេកទេសខ្ពស់ក្នុងការអនុវត្តការងាររបស់ពួកគេ។
សម្ដេចតេជោ បានវាយតម្លៃខ្ពស់ចំពោះសមត្ថភាពគ្រូពេទ្យនៅមន្ទីរពេទ្យ កាល់ម៉ែត ដែលមានសមត្ថភាពក្នុងការប្រើប្រាស់បច្ចេកវិទ្យាទំនើបនៅក្នុងវិស័យសុខាភិបាល។
សម្ដេចតេជោ បានបន្តជំរុញឱ្យក្រុមគ្រូពេទ្យខិតខំអភិវឌ្ឍន៍ និងពង្រឹងសមត្ថភាពរបស់ខ្លួនបន្ថែមទៀត លើការប្រើប្រាស់បច្ចេកវិទ្យាទំនើបសម្រាប់វិស័យសុខាភិបាលនេះ ដើម្បីឈានទៅព្យាបាល និងសង្គ្រោះប្រជាជនប្រកបដោយប្រសិទ្ធភាពខ្ពស់។
សម្ដេចតេជោ ថ្លែងប្រាប់ឱ្យគ្រប់ស្ថាប័នត្រៀមខ្លួនក្នុងការកសាងសមិទ្ធផលនានាដោយខ្លួនឯង កុំចាំតែជំនួយបរទេស ឬកម្ចីពីប្រទេសដទៃ។
សម្ដេចតេជោ ថ្លែងថា ការកសាងបាននូវមន្ទីរពេទ្យដែលមានសមត្ថភាពសង្គ្រោះ ពិនិត្យព្យាបាល គឺបានជួយកម្ពុជា ក្នុងការបង្កើតបាននូវជំនឿទុកចិត្តនៃអ្នកការទូតដែលមកធ្វើការនៅកម្ពុជា, បង្កើតបាននូវជំនឿទុកចិត្តសម្រាប់វិនិយោគិននានា, បង្កើតបាននូវជំនឿទុកចិត្ត សម្រាប់ទេសចរ ដែលមកកាន់កម្ពុជា។
សម្តេចតេជោ ថ្លែងថា កម្ពុជាត្រូវមានការខិតខំរួមគ្នា ដើម្បីឱ្យវិស័យសុខាភិបាលរបស់កម្ពុជាសម្រាប់បំពេញតម្រូវការរបស់ប្រជាពលរដ្ឋក្នុងប្រទេសផង និងបរទេសដែលមកកាន់កម្ពុជាផងដែរ៕ដោយ៖ស តារា