UEFA បានប្រកាសថា អាជ្ញាកណ្តាលជនជាតិប៉ូឡូញលោក Szymon Marciniak ដែលទទួលបន្ទុកការប្រកួតវគ្គផ្តាច់ព្រ័ត្រWorld Cup កាលពីខែធ្នូ ក្នុងប្រទេសកាតានឹងទទួលបន្ទុកការប្រកួតវគ្គផ្តាច់ព្រ័ត្រនៃក្របខ័ណ្ឌ Champions League នៅខែក្រោយរវាង Manchester City និង Inter Milan ។
លោក Marciniak វ័យ៤២ឆ្នាំបានក្លាយជាអាជ្ញាកណ្តាលប៉ូឡូញដំបូងគេដែលដឹកនាំការប្រកួតវគ្គផ្តាច់ព្រ័ត្រ World Cup នៅពេលដែលគាត់ទទួលបន្ទុកក្នុងការទទួលជ័យជម្នះដោយបាល់ប៉េណាល់ទីរបស់អាហ្សង់ទីនលើបារាំងក្នុងទីក្រុងដូហា ហើយត្រូវបានកោតសរសើរចំពោះការកាត់សេចក្តីការប្រកួតរបស់គាត់។
ការប្រកួតវគ្គផ្តាច់ព្រ័ត្រនៃក្របខ័ណ្ឌ Champions League ដែលនឹងធ្វើឡើងនៅទីក្រុងអ៊ីស្តង់ប៊ុល នៅថ្ងៃទី១០ ខែមិថុនា នឹងមានក្រុមមន្ត្រីនៅទីលានដូចគ្នាទៅនឹងការប្រកួតវគ្គផ្តាច់ព្រ័ត្រ World Cup ដោយលោក Marciniak ត្រូវបានជួយដោយមន្ត្រីអាជ្ញាកណ្តាលជនរួមជាតិលោក Pawel Sokolnicki និងលោក Tomasz Listkiewicz ម្តងទៀត។
លោក Marciniak ធ្លាប់ធ្វើជាអាជ្ញាកណ្តាលការប្រកួតក្របខ័ណ្ឌ Champions League ចំនួន៨លើកក្នុងរដូវកាលនេះ រួមទាំងការឈ្នះ ៤–០ របស់ Man City លើក្រុម Real Madrid ក្នុងការប្រកួតពាក់កណ្តាលផ្តាច់ព្រ័ត្រជើងទី២ និងការស្មើដោយគ្មានគ្រាប់បាល់របស់ក្រុម Inter Milan នៅលើទឹកដីក្រុម Porto ក្នុងវគ្គ១៦ក្រុមចុងក្រោយ។
លោក Marciniak នឹងទទួលបន្ទុកការប្រកួតវគ្គផ្តាច់ព្រ័ត្រនៃក្របខ័ណ្ឌ Champions League ជាលើកដំបូងរបស់គាត់ ដោយលោកធ្លាប់បានបម្រើការជាមន្ត្រីទី៤នៅក្នុងការប្រកួតកាលពីឆ្នាំ២០១៨ នៅពេលដែល Real Madrid បានផ្តួលក្រុម Liverpool ៕(រូបភាព ៖ Reuters/CNA)