ចិនមិនស្វាគមន៍ ណាតូ បើកការិយាល័យរបស់ខ្លួននៅជប៉ុន

ចែករំលែក៖

អ្នកនាំពាក្យក្រសួងការបរទេសចិន Mao Ning បានបញ្ជាក់ថា តំបន់អាស៊ីប៉ាស៊ីហ្វិកមិនស្វាគមន៍វត្តមានការិយាល័យណាតូនៅក្នុងប្រទេសជប៉ុនឡើយ។ សារព័ត៌មានរ៉យទ័រ បានដកស្រង់សម្តីលោកស្រី Mao Ning ដែលបានបញ្ជាក់ថា «យើងចង់និយាយថា អាស៊ីប៉ាស៊ីហ្វិកមិនស្វាគមន៍ការប្រឈមមុខជាក្រុម ការប្រឈមមុខដោយយោធា»នោះទេ។ លោកស្រីបញ្ជាក់ថា ជប៉ុនត្រូវតែពិចារណាឱ្យបានច្បាស់លាស់ពីបញ្ហាសន្តិសុខ យោធា។

នៅថ្ងៃពុធនេះ នាយករដ្ឋមន្រ្តីជប៉ុន លោក ហ្វូមីអុ គីស៉ីដា (Fumio Kishida) បាននិយាយថា ប្រទេសរបស់លោក មិនមានគម្រោងក្លាយជាសមាជិករបស់អង្គការណាតូ (NATO) ប៉ុន្តែលោកបានទទួលស្គាល់ ផែនការរបស់បក្សសម្ព័ន្ធយោធាលោកខាងលិចមួយនេះ ស្តីពីការបើកការិយាល័យទំនាក់ទំនងនៅជប៉ុន។
ថ្លែងក្នុងកិច្ចប្រជុំសភាមួយនាថ្ងៃពុធនេះ លោកនាយករដ្ឋមន្រ្តីជប៉ុនបានលើកឡើងដូច្នេះថា «ខ្ញុំមិនទាន់ដឹងច្បាស់ថា មានការសម្រេចចិត្តណាមួយនៅឡើយទេ» នៅអង្គការណាតូ ពាក់ព័ន្ធផែនការបង្កើតការិយាល័យក្នុងប្រទេសជប៉ុន ហើយលោកបានបន្ថែមថា ប្រទេសរបស់លោកមិនមានគម្រោងចង់ចូលរួមក្នុងណាតូ នៅក្នុងនាមជារដ្ឋសមាជិកពេញលេញ ឬមិនពេញលេញនោះឡើយ។
ការគូសបញ្ជាក់ដូចខាងលើរបស់លោក គីស៉ីដា កើតមានឡើង បន្ទាប់ពីក្នុងខែឧសភានេះ ឯកអគ្គរាជទូតជប៉ុនប្រចាំនៅសហរដ្ឋអាមេរិក បានអះអាងថា អង្គការណាតូ ដែលដឹកនាំដោយទីក្រុងវ៉ាស៉ីនតោនកំពុងមានផែនការបើកការិយាល័យមួយនៅទីក្រុងតូក្យូ ដែលនឹងក្លាយជាការិយាល័យណាតូដំបូងបង្អស់ប្រចាំនៅអាស៉ី ដើម្បីជួយសម្របសម្រួលដល់ការប្រឹក្សាពិគ្រោះយោបល់នៅក្នុងតំបន់នេះ៕ ដោយធីរីណា

...

រូប​ថត​ : Reuters

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print