ភ្នំពេញ ៖ បុរសម្នាក់ស្រវឹងស្រាបានបើករថយន្តឡង់គ្រីស័រតាមបណ្ដោយផ្លូវ ២០០៤ ខណៈមកដល់ផ្លូវកោង កាច់ចង្កូតមិនទាន់ក៏បានជ្រុលទៅបុក ផ្លាក ktv បណ្ដាលឱ្យរួញនិងបុករបងផ្ទះប្រជាពលរដ្ឋបាក់រាបដល់ដី។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៣និង ៥០នាទីរំលងអធ្រាត្រឈានចូលថ្ងៃព្រហស្បតិ៍ ទី ២៥ ខែឧសភា ឆ្នាំ២០២៣នៅចំណុចខាងក្រោយផ្សារជិនជូរីផ្លាហ្សា ក្នុងសង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
បេីតាមប្រភពពីកន្លែងកើតហេតុបានឱ្យដឹងថា ដំបូងឡើយគេឃើញបុរសម្នាក់ស្រវឹងស្រាបានបើករថយន្តម៉ាកឡង់គ្រីស័រ ពណ៌បៃតង ស៊េរីឆ្នាំ១៩៩៩ ពាក់ផ្លាកលេខភ្នំពេញ2T. 7774 ដោយបើកតាមបណ្ដោយផ្លូវលេខ២០០៤ ក្នុងទិសដៅពីត្បូងទៅជើងយ៉ាងលឿន ខណៈមកដល់ចំណុចកើតហេតុខាងលើដោយសារផ្លូវកោងផងកាច់ចង្កូតមិនទាន់ក៏ជ្រុលទៅបុកផ្លាក ktv kct បណ្ដាលឱ្យក្រពឹតនិងរបងផ្ទះប្រជាពលរដ្ឋបាក់រាបដល់ដី ចំណែកឯរថយន្តខូចខាតមួយកំណត់មុខយ៉ាងដំណំ ។ ក្នុងគ្រោះថ្នាក់ចរាចរណ៍នេះមិនបណ្ដាលឱ្យនរណាម្នាក់រងរបួសនោះទេ។ ម្ចាស់រថយន្តបានចុះពីលើរថយន្តមានសភាពទ្រេតទ្រោតដោយស្រវឹងស្រាជោកជាំហើយក៏ឡើងដេកក្នុងរថយន្តវិញទៅ។
ក្រោយពីកើតហេតុ សមត្ថកិច្ចជំនាញខណ្ឌពោធិ៍សែនជ័យបានមកស្ទូចយករថយន្តទៅរក្សាទុករង់ចាំដោះស្រាយគ្នានៅពេលក្រោយ៕ដោយ ៖ ភារ៉ា ដង្កោ