ភ្នំពេញ ៖ បុរសម្នាក់បានបើករថយន្តម៉ាក HYUNDAI VENUE ទាំងខ្លួនស្រវឹងស្រា រេចង្កូតទៅបុករះម៉ូតូរបងផ្ទះលក់គុយទាវ បង្គោលស្លាកសញ្ញាចរាចរណ៍ និង បង្គោលភ្លើងថ្មរងការខូចខាតយ៉ាងដំណំ ខណៈដែករថយន្តបង្កហេតុខ្ទេចមួយកំណាត់មុខទៅមុខលែងរួច ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងនៅវេលាម៉ោង១០និង៣០នាទី យប់ថ្ងៃព្រហស្បតិ៍ទី២៥ ខែឧសភា ឆ្នាំ២០២៣ តាមបណ្តោយផ្លូវលេខ១៤៣កែងនឹងផ្លូវលេខ២៧៨ ក្នុងសង្កាត់អូឡាំពិក ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។
តាមប្រភពពីប្រជាពលរដ្ឋដែលឃើញហេតុការណ៍ខាងលេីបានប្រាប់ឱ្យដឹងថាដំបូងឡើយ គាត់ឃើញរថយន្តម៉ាកHYUNDAI VENUE ពណ៌ខ្មៅ ស៊េរីឆ្នាំ២០២២ ពាក់ផ្លាកលេខភ្នំពេញ2BO-3909បើកដោយបុរសម្នាក់ តាមបណ្ដោយផ្លូវលេខ១៤៣ ក្នុងទិសដៅពីជើងទៅត្បូងយ៉ាងលឿន បានប៉ះរថយន្តមួយគ្រឿងទៀតបន្តិចបន្តួច ដោយរថយន្តនោះក៏ទៅបាត់ទៅ។ បន្ទាប់មករថយន្តបង្កក៏រេចង្កូតទៅបុកម៉ូតូបីគ្រឿងដែលចតស្ងៀមនៅមុខផ្ទះ ម៉ូតូទីមួយគឺម៉ាក pcx ពណ៌ខ្មៅ ,ទីពីរម៉ាកADV ពណ៌ស និងទីបី ម៉ូតូម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ដួលគរលេីគ្នា ដោយរថយន្តបង្កមិនទាន់អស់ល្បឿនបានបន្តទៅមុខទៅបុករបងផ្ទះលក់គុយទាវខូចខាតរបងដែកអស់ជាច្រើនផ្ទាំងនិងបែកចានជាច្រើនទៀត។ រួចបន្តទៅបុកស្លាកសញ្ញាចរាចរណ៍និងបង្គោលភ្លើងថ្មទើបទៅមុខលែងរួច។ ចំណែកឯរថយន្តបង្ករងការខូចខាតក្រពឹតមួយកំណត់មុខយ៉ាងដំណំ ហើយភ្លាមៗនោះគេឃើញអ្នកបើកបរចុះមកដើរសំពះគេឯងក្នុងសភាពស្រវឹងស្រាជោកជាំ តែក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះមិនបង្កឱ្យនរណាម្នាក់រងរបួសនោះទេ។
ក្រោយពីកើតហេតុ សមត្ថកិច្ចមូលដ្ឋានសហការជាមួយជំនាញចរាចរណ៍ចុះមកដល់កន្លែងកើតហេតុ និងធ្វេីការវាស់វែងយករថយន្តបង្កទៅរក្សាទុក នៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រង់ចាំដោះស្រាយគ្នានៅពេលក្រោយ៕ដោយ ៖ ភារ៉ា