ខេត្តសៀមរាប៖ គួរឱ្យរន្ធត់ណាស់លោកអេីយ! ម្ចាស់កសិដ្ឋានចិញ្ចឹមសត្វក្រពើ ត្រូវក្រពើខាំហែកស៉ីស្លាប់យ៉ាងអាណោចអាធ័ម ខណៈដែលរូបគាត់ដេីរហាត់ប្រាណហើយរអិលជើងធ្លាក់ចូលក្នុងអាងក្រពើរបស់ខ្លួន បង្កការភ្ញាក់ផ្អើលដល់ក្រុមគ្រួសារសាច់ញាតិ និងសមត្ថកិច្ចមូលដ្ឋានចុះមកត្រួតពិនិត្យមើលជាក់ស្ដែង។
ហេតុការណ៍ខាងលេីនេះបានកេីតឡេីងនៅវេលាម៉ោងជាង៥ព្រឹកថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៣នេះ ស្ថិតនៅទល់មុខផ្សារវត្តពោធិ៍ ភូមិពោធិ៍បន្ទាយជ័យ សង្កាត់សៀមរាប ក្រុងសៀមរាប។
សពជនរងគ្រោះឈ្មោះ លូន ណាំ ភេទប្រុស អាយុ៧០ឆ្នាំ មុខរបរម្ចាស់កសិដ្ឋានចិញ្ចឹមក្រពើ និងជាគណ:កម្មការវត្តពោធិបន្ទាយជ័យ រស់នៅភូមិពោធិ៍បន្ទាយជ័យ សង្កាត់សៀមរាប។
យោងតាមសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋនៅកន្លែងកើតហេតុបានឱ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះ២នាក់ប្តីប្រពន្ធនាំគ្នាដើរហាត់ប្រាណនៅលើអាងចិញ្ចឹមក្រពើដូចសព្វមួយដង ខណៈពេលនោះប្រពន្ធរបស់គាត់ចុះទៅមុន នៅសល់តែគាត់ (បុរសរងគ្រោះ) បានយកឫស្សីមកចាក់ទៅលើសត្វក្រពើ (ប្រហែលវាកំពុងពង) ស្រាប់តែបាក់ដងឫស្សីនោះ ហាក់ដូចជាវាខឹង (ក្រពើ) ក៏ខាំរលាស់
ឫស្សីតែម្តង បណ្តាលឱ្យជនរងគ្រោះ រអិលជើងធ្លាក់ចូលក្នុងអាង ហើយត្រូវសត្វក្រពើទាំងអស់នាំគ្នាស្ទុះមកខាំបោកធ្វើឱ្យបាក់ដៃទាំងសងខាង, ធ្លាយពោះ និង ខ្ទេចក្បាលស្លាប់ភ្លាមៗតែម្តង។
ប្រភពដដែលបន្តថា បន្ទាប់ពីសត្វក្រពើខាំបោកបណ្តាលឱ្យស្លាប់ ភ្លាមនោះពួកគាត់នៅជិតខាងបានស្រែកឆោឡោ ទើបប្រពន្ធកូនជនរងគ្រោះនាំគ្នាយកដំបងមកវាយដេញសត្វក្រពើនោះចេញ ដើម្បីរំដោះយកសាកសពជនរងគ្រោះមកដាក់មុខផ្ទះ រួចរៀបចំធ្វើបុណ្យតាមប្រពៃណី។
ក្រោយកេីតហេតុ កម្លាំងនគរបាលជំនាញខេត្តបានចុះទៅពិនិត្យជាក់ស្ដែង រួចបានបញ្ជាក់ថា ជនរងគ្រោះស្លាប់ដោយសារសត្វក្រពើខាំពិតប្រាកដមែន ព្រោះតែជនរងគ្រោះយកឫស្សីទៅចាក់វា (ក្រពើ) ខណៈកំពុងតែពងទេីបធ្វើឱ្យសត្វក្រពើខាំបោកបណ្តាលឱ្យជនរងគ្រោះរអិលជើងធ្លាក់ចូលក្នុងអាង ហើយហ្វូងក្រពើក៏នាំគ្នាខំបោកស្លាប់ភ្លាមៗតែម្តង។ ចំណែកសពដែលមានសភាពដាច់សាច់ជាបំណែក ត្រូវបានឱ្យក្រុមគ្រួសារសាច់ញាតិធ្វេីបុណ្យតាមប្រពៃណី៕ដោយ៖សហការី