ខេត្តព្រះសីហនុ៖ រដ្ឋបាលខេត្តព្រះសីហនុ នៅរសៀលថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៣នេះ បានឱ្យដឹងថា លោក វង្ស ផាណាត ប្រធានក្រុមប្រឹក្សាខេត្ត និងលោក គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ កាលពីព្រឹកមិញនេះ បានអញ្ជើញប្រកាសចូលកាន់មុខតំណែងអភិបាលរង នៃគណៈអភិបាលស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។
តាមសេចក្តីប្រកាស ស្តីពីការផ្ទេរភារកិច្ច និងតែងតាំងមន្រ្តីរាជការប្រកាសលេខ ២៤៦២ប្រក សម្រេច ១.ផ្ទេភារកិច្ចលោកស្រី ម៉ម សាមុត ឋានន្តរស័ក្តិនាយក្រមការថ្នាក់លេខ៤ ពីអភិបាលរង នៃគណៈអភិបាលស្រុកព្រៃនប់ ទៅជាអភិបាលរង នៃគណៈអភិបាលស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។
ប្រការ២.តែងតាំងលោកស្រី វាល់ ច័ន្ទវលក្ខណ៍ ឋានន្តរស័ក្តិនាយក្រមការ ថ្នាក់លេខ៦ ឱ្យកាន់មុខតំណែងជាអភិបាលរង នៃគណៈអភិបាលស្រុកព្រៃនប់ ខេត្តព្រះសីហនុ។
លោកស្រី ម៉ម សាមុត អភិបាលរង នៃគណៈអភិបាលស្រុកស្ទឹងហាវថ្មី បានធ្វើការបេ្តជ្ញាចិត្ត៖
១.ខិតខំបំពេញភារកិច្ចបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋប្រកបដោយគុណភាព តម្លាភាព និងប្រសិទ្ធភាព
២.ប្តេជ្ញាធ្វើជាសេនាធិការបម្រើជូនរដ្ឋបាលស្រុក រក្សាសាមគ្គីភាព-ឯកភាពផ្ទៃក្នុងប្រកបដោយឆន្ទៈក្នុងស្មារតីទទួលខុសត្រូវ
៣.ប្តេជ្ញាពង្រឹង និងពង្រីកកិច្ចសហការស្អិតរមួតជាមួយកងកម្លាំងប្រដាប់អាវុធ ដើម្បីបម្រើប្រជាពលរដ្ឋ សំដៅកែប្រែនិងលើកស្ទួយជីវភាពរស់នៅសុខុមាលភាព សន្តិសុខ និងសុវត្តិភាពជូនប្រជាពលរដ្ឋ ស្របតាមគោលនយោបាយភូមិ-ឃុំមានសុវត្តិភាព ព្រមទាំងបង្កលក្ខណៈសម្បត្តិងាយស្រួលដល់ការប្រកបអាជីវកម្មនានា
៤.បម្រើសាវាសាធារណៈជូនប្រជាពលរដ្ឋ មិនរើសអើងនិន្នាការនយោបាយ ជាតិសាសន៍ ពណ៌សម្បុរឱ្យមានប្រសិទ្ធិភាព។
លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានធ្វើការផ្តាំផ្ញើលោកស្រីអភិបាលរងស្រុកថ្មី ប្រើប្រាស់ឱ្យអស់សមត្ថភាព និងបទពិសោធន៍ក្នុងការចូលរួមដឹកនាំ ចាត់ចែង ដើម្បីអនុវត្តតាមតួនាទី ភារកិច្ច ដែលថ្នាក់ដឹកនាំប្រគល់ជូន ដើម្បីធ្វើឱ្យការងារស្រុកស្ទឹងហាវ មានការអភិវឌ្ឍរីកចម្រើន និងកិច្ចប្រតិបត្តិការល្អ ទន់ភ្លន់ ហ្មត់ចត់ ជាមួយគ្រប់មន្ទីរ-អង្គភាព រដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ ប្រកបដោយមនសិការវិជ្ជាជីវៈ មានការទទួលខុសត្រូវខ្ពស់ រួមគ្នាអភិវឌ្ឍស្រុកស្ទឹងហាវឱ្យកាន់តែមានការរីកចម្រើនសម្រេចបាននូវសមិទ្ធផល និងស្នាដៃថ្មីៗបន្ថែមទៀត។
ជាពិសេសត្រូវប្រកាន់ភ្ជាប់នូវអភិក្រម របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា គឺ “ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និងវះកាត់” ។ ខ្ញុំសូមស្នើដល់ក្រុមប្រឹក្សាស្រុក គណៈអភិបាលស្រុក ក្រុមប្រឹក្សាឃុំ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ព្រមទាំងប្រជាពលរដ្ឋទូទាំងស្រុកស្ទឹងហាវ សូមផ្តល់ការគាំទ្រដល់លោកស្រីអភិបាលរងស្រុកថ្មី ក្នុងការចូលរួមបន្តថែរក្សា ពង្រឹងសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងការអភិវឌ្ឍស្រុកស្ទឹងហាវឱ្យកាន់តែមានការរីកចម្រើនជាបន្តទៀត។
លោកអភិបាលខេត្ត បានបញ្ជាក់ថា ត្រូវពង្រឹងតួនាទី ភារកិច្ចជាមន្ត្រីដឹកនាំជាស្រ្តីឱ្យបានកាន់តែច្រើន ក្នុងការបំពេញការងារជាអភិបាល អភិបាលរងក្រុង ស្រុក ហើយការចូលកាន់តំណែងជាអភិបាល ក្រុង ស្រុក មានពីរអាណត្តិ (ស្មើ ៨ឆ្នាំ) ស្នើសុំឱ្យមន្រ្តីជានារីស្រុកស្ទឹងហាវ ត្រូវក្លាហាន ដើម្បីអភិវឌ្ឍសមត្ថភាពខ្លួនក្នុងការលើកទឹកចិត្ត និងមានសក្តានុពលក្នុងការបំពេញការងារ ពិសេសបណ្តុះបណ្តាលផ្តល់តួនាទីដល់ស្ត្រីនៅស្រុកស្ទឹងហាវ តាមច្បាប់ នៃព្រះរាជាណាចក្រកម្ពុជា គណៈបញ្ជាការឯកភាពរដ្ឋបាលស្រុក មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធត្រូវយកចិត្តទុកដាក់បំពេញការងារគ្រប់គ្រងរចនាសម្ព័ន្ធ រដ្ឋបាលស្រុកត្រូវយក ចិត្តទុកដាក់បន្តការខិតខំត្រួតពិនិត្យការងារសន្តិសុខ សណ្តាប់ធ្នាប់សាធារណ ត្រួតពិនិត្យរដ្ឋបាលចំហរតាមដងផ្លូវ ដើម្បីផ្តល់សេចក្តីសុខជូនប្រជាពលរដ្ឋ ហើយបំណងប្រាថ្នារបស់ប្រជាពលរដ្ឋ ជាគោលដៅរបស់យើង ដើម្បីការពារសេចក្តីសុខសាន្តរបស់ពួកគាត់។ ទាក់ទងការងារអភិវឌ្ឍនៅមូលដ្ឋានស្រុកស្ទឹងហាវ មានផ្លូវថ្នល់ និងផ្លូវបេតុងជាច្រើនកំពុងកើតមានឡើង ដូច្នេះយើងត្រូវបង្កើនសមត្ថភាពរបស់ខ្លួនទាំងថ្នាក់ឃុំ ស្រុកដោយផ្តើមចេញពីការរៀបចំធ្វើផែនការអភិវឌ្ឍរបស់ខ្លួន ត្រូវម្ចាស់ការចាត់ចែងអភិវឌ្ឍដោយខ្លួនឯងប្រកបដោយគុណភាព ប្រសិទ្ធភាព។
ក្នុងឱកាសនោះ លោកអភិបាលខេត្ត ក៏បានផ្តល់ថវិកាជូនរដ្ឋបាលស្រុកស្ទឹងហាវចំនួន ១ម៉ឺនដុល្លាសហរដ្ឋអាមេរិក សម្រាប់ឱ្យរដ្ឋបាលស្រុកស្ទឹងហាវរៀបចំពង្រីកសាលប្រជុំឱ្យបានធំទូលាយ ឆ្លើយតបតាមតម្រូវការនៃការអភិវឌ្ឍនាពេលបច្ចុប្បន្ន៕ដោយ៖សហការី