ភ្នំពេញ : មកដឹងពីចំនួនសត្វកម្រ ៤ ប្រភេទនេះ តើវាមានចំនួនប៉ុន្មាន? នេះជាការលើកឡើង របស់លោក នេត្រ ភក្ត្រា អ្នកនាំពាក្យ និងជារដ្ឋលេខាធិការ ក្រសួងបរិស្ថាន នៅរសៀលថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៣ ។
លោក នេត្រ ភក្ត្រា អ្នកនាំពាក្យ និងជារដ្ឋលេខាធិការ ក្រសួងបរិស្ថាន បានបញ្ជាក់ថា, សត្វទន្សោង ខ្ទីង ក្តាន់ និងដំរីអាស៊ីគឺជាសត្វកម្រនៅក្នុងចំណោមសត្វកម្រជាច្រើនប្រភេទដែលមានវត្តមាននៅក្នុងតំបន់អភិរក្សរបស់កម្ពុជា និងជាប្រភេទសត្វកម្រនៅលើពិភពលោក រួមមាន៖ (១) សត្វទន្សោងជាប្រភេទសត្វកម្រនៅលើពិភពលោកត្រូវបានគេប៉ាន់ស្មានថានៅសល់តែប្រមាណ ៤០០០ក្បាល នៅលើពិភពលោកប៉ុណ្ណោះក្នុងនោះ កម្ពុជាយើងមានច្រើនជាងគេ ប្រមាណ ១ ៥០០ក្បាល។ (២) សត្វខ្ទីងនៅលើពិភពលោកត្រូវបានគេប៉ាន់ស្មានថា មានចន្លោះពី ១៥ ០០០ ទៅ ៣៥ ០០០ ក្បាល ហើយក្នុងនោះសត្វខ្ទីងពេញវ័យអាចមានចន្លោះពី ៦ ០០០ ទៅ ២១ ០០០ ក្បាលប៉ុណ្ណោះ។ កម្ពុជាត្រូវបានសម្គាល់ថាមានវត្តមានសត្វខ្ទីងច្រើន តែមិនមានទិន្នន័យច្បាស់លាស់នៅឡើយ។ (៣) សត្វក្តាន់ជាប្រភេទសត្វកម្រជិតផុតពូជនៅលើពិភពលោក។ កម្ពុជាត្រូវបានដឹងថាមានយ៉ាងហោចណាស់ ៨៤ ក្បាលកំពុងរស់នៅក្នុងតំបន់អភិរក្ស។ (៤)សត្វដំរីអាស៊ី, នៅកម្ពុជាមានសត្វដំរីអាស៊ីចន្លោះពី ៤០០ ទៅ ៦០០ ក្បាលកំពុងរស់នៅក្នុងភូមិភាពឦសាន និងតំបន់ជួរភ្នំក្រវាញ ៕