ភ្នំពេញ៖ សមត្ថកិច្ចជំនាញនៃមន្ទីរប្រឆាំងគ្រឿងញៀន បេីប្រតិបត្តិការបង្ក្រាប និងឃាត់ខ្លួនក្រុមឧក្រិដ្ឋជនជួញដូរគ្រឿងញៀនឆ្លងដែនចំនួន ៣នាក់ និងរឹបអូសគ្រឿងញៀនជាង ២៤៦គីឡូក្រាម។ នេះបេីយោងតាមប្រភពព័ត៍មានពីនាយកមន្ទីរប្រឆាំងគ្រឿងញៀន នៃក្រសួងមហាផ្ទៃ បានឱ្យដឹងនៅព្រឹកថ្ងៃសៅរ៍ទី២៧ ខែឧសភា ឆ្នាំ២០២៣។
ប្រភពដដែលបន្តថា អនុវត្តតាមបញ្ជាលោកនាយឧត្ដមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងលោកនាយឧត្ដមសេនិយ៍ ម៉ក់ ជីតូ អគ្គស្នងការរងទទួលផែនប្រឆាំងបទល្មើសគ្រឿងញៀន ក្រោមការបញ្ជាដឹកនាំផ្ទាល់របស់លោកឧត្ដមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងគ្រឿងញៀន ។
សូមជម្រាបថា កាលពីយប់ថ្ងៃទី ២២ ខែឧសភា ឆ្នាំ២០២៣ វេលាម៉ោង ២១ និង ១០នាទី សមត្ថកិច្ចជំនាញ(ក១)នៃមន្ទីរប្រឆាំងគ្រឿងញៀន ដឹកនាំដោយលោក ឧត្តមសេនីយ៍ទោ អុិន សុង និងលោក វរសេនីយ៍ឯក ហុង វណ្ណារិទ្ធ នាយករងមន្ទីរ ចូលរួមសហការកម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សម្របសម្រួលដោយ លោក សេង ពុទ្ធី ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានស្រាវជ្រាវ និងឈានទៅបង្ក្រាបក្រុមឧក្រិដ្ឋជនជួញដូរសារធាតុញៀនឆ្លងដែនចូលពីឡាវមកកម្ពុជា បង្ក្រាបនៅ ៤គោលដៅផ្សេងគ្នាជាបន្តបន្ទាប់ ៖
គោលដៅទី១ ផ្ទះលេខ ១៩៩A ផ្លូវ២៧១ សង្កាត់ចាក់អង្រែ ខណ្ឌមានជ័យ រាជធានីភ្នំពេញ៖ ឃាត់ខ្លួនជនសង្ស័យចំនួន ១ នាក់ ឈ្មោះ សុខ ណារ៉ុង ភេទប្រុស អាយុ ២៩ឆ្នាំ ជនជាតិខ្មែរ។
វត្ថុតាង និងសំភារៈចាប់យក៖
• ក្រាមពណ៌សថ្លា ចំនួន ១ កញ្ចប់ធំ សង្ស័យជាគ្រឿងញៀន
• ម្សៅកញ្ចប់ ចំនួន ៩៣ កញ្ចប់ សង្ស័យជាគ្រឿងញៀន
• ម្សៅពណ៌សចំនួន ៤ កញ្ចប់តូច និងពណ៌ខៀវចំនួន ១ កញ្ចប់តូច
• ជញ្ជីងថ្លឹងចំនួន ១ គ្រឿង
• ម៉ូតូចំនួន ១ គ្រឿង
• ថង់វេចខ្ចប់មួយចំនួន។
គោលដៅទី២ ស្ថានីយ៍ប្រេងឥន្ទនៈ PTT ផ្លូវសហព័ន្ធរុស្សី សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ៖ ឃាត់ខ្លួនជនសង្ស័យចំនួន ១ នាក់ ឈ្មោះ ឆៃយិត សេយ៉ាង ហៅ ប៉ន ភេទប្រុស អាយុ ២៧ឆ្នាំ ជនជាតិថៃ។
វត្ថុតាង និងសំភារៈចាប់យក៖
• ដុំកញ្ចប់ពណ៌លឿងរូបប៉ាន់តែសញ្ញាផ្កាយប្រាំ ចំនួន ៥ ដុំធំ
• រថយន្តចំនួន ១ គ្រឿង។
គោលដៅទី៣ វីឡាកូនកាត់ បុរីធូលន ផ្ទះលេខ FZ-11 ផ្លូវលេខ៨ ភូមិព្រៃព្រីងខាងត្បូង សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
វត្ថុតាង និងសំភារៈចាប់យក៖
• សំបកកញ្ចប់(រូបតែ)ចំនួន ១៨ សំបក
គោលដៅទី៤ ៖ នៅថ្ងៃទី ២៥ ខែឧសភា ឆ្នាំ២០២៣ វេលាម៉ោង ១៧និង២០នាទី នៅផ្ទះលេខ១៦៣ ផ្លូវលេខ១៣ បុរីពិភពថ្មី ភូមិព្រៃកី សង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល រាជធានីភ្នំពេញ លទ្ធផលឆែកឆេរចាប់យកវត្ថុតាង៖
-គ្រឿងញៀនប្រភេទមេតំហ្វេតាមីន(ICE) 201 ដុំ ស្មើទម្ងន់ 200 kg 397 g
-គ្រឿងញៀនប្រភេទកេតាមីន(KETMINE) 40 ដុំ ស្មើទម្ងន់ 39 kg 616 g
សរុបលទ្ធផល ៖
ក- ឃាត់ខ្លួនជនសង្ស័យ៖ ៣នាក់ :
១.ឈ្មោះ សុខ ណារ៉ុង ភេទប្រុស អាយុ ២៩ឆ្នាំ ជនជាតិខ្មែរ
២.ឈ្មោះ ឆៃយិត សេយ៉ាង ហៅ ប៉ន ភេទប្រុស អាយុ ២៧ឆ្នាំ ជនជាតិថៃ
៣.ឈ្មោះ យ័ន គុយហេង ភេទប្រុស ជនជាតិខ្មែរ អាយុ ៣៣ឆ្នាំ(មេខ្លោង )
ខ- ចាប់យកវត្ថុតាង :
- មេតំហ្វេតាមីន(ICE) ទម្ងន់ 205 kg 407 g
- កេតាមីន(KETMINE) ទម្ងន់ 40 kg 281.04 g
- មេតំហ្វេតាមីន(ម្សៅចំរុះពណ៍) ទម្ងន់ 822.40 g
- សរុបរួមទម្ងន់ 246 kg 510.44 g
– រថយន្ត ២គ្រឿង ម៉ូតូ ៣គ្រឿង ទូរស័ព្ទ ២គ្រឿង គណនីធនាគារ ៨គណនី ។
បច្ចុប្បន្នជនសង្ស័យ ព្រមទាំងវត្ថុតាងចាប់យកខាងលើ បានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការបន្តតាមនីតិវិធី ៕ដោយ៖សហការី