ភ្នំពេញ៖ បើតាមការបញ្ជាក់របស់លោកឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អគ្គស្នងការរង និងជាអ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ បានឱ្យដឹងនៅល្ងាចថ្ងៃសៅរ៍ទី២៧ ខែឧសភា ឆ្នាំ២០២៣នេះថា៖ មានយានយន្តសរុបចំនួន ៦០គ្រឿងទៀត ត្រូវបាននគរបាលទូទាំងប្រទេសត្រួតពិនិត្យ និងផាកពិន័យ នៅថ្ងៃទី២៧ ឧសភានេះ។ ក្នុងនោះមានម៉ូតូ ៣៤គ្រឿង និងរថយន្ត ២៦គ្រឿង។
លោកឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន បានគូសបញ្ជាក់ថា កម្លាំងនគរបាលចរាចរណ៍ទូទាំងប្រទេស បានត្រួតពិនិត្យ និងផាកពិន័យយានយន្តសរុបចំនួន ៨២១គ្រឿង ក្នុងនោះមានម៉ូតូ ៥៣៣គ្រឿង និងរថយន្តគ្រប់ប្រភេទ ២៨៨គ្រឿង។
បទល្មើសដែលត្រូវបានកត់សម្គាល់សម្រាប់ម៉ូតូរួមមាន៖ មួក អត់ស្លាកលេខ និងល្មើសសញ្ញាជាដើម។ ដោយឡែករថយន្តរួមមាន៖ ល្មើសល្បឿន ខ្សែក្រវាត់ លើសចំណុះ អត់បណ្ណបើកបរ និងល្មើសសញ្ញាជាដើម។
ជាមួយគ្នានេះ សម្រាប់ថ្ងៃទី២៧ ខែឧសភានេះដែរ ករណីគ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេសកម្ពុជា ក៏បានកើតឡើងចំនួន ១៤លើក ក្នុងនោះអ្នកស្លាប់ចំនួន ០៧នាក់ របួសចំនួន ១៦នាក់ (របួសធ្ងន់ចំនួន ០៨នាក់)។ រយៈពេល ២៧ថ្ងៃមានករណីគ្រោះថ្នាក់ចរាចរណ៍ចំនួន ២១១លើក បណ្ដាលឱ្យមនុស្សស្លាប់ ១០៨នាក់ របួស ២៦៦នាក់ (របួសធ្ងន់ ១៦៣នាក់)។
បន្ថែមពីនេះ លោកឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន បានថ្លែងអំណរគុណ និងកោតសរសើរដល់ជនរួមជាតិជាអ្នកប្រើប្រាស់ផ្លូវទាំងអស់ ដែលបានចូលរួមគោរពច្បាប់ចរាចរណ៍យ៉ាងល្អប្រសើររយៈពេលកន្លងមកនេះ ជាពិសេសកោតសរសើរ និងអរគុណដល់នគរបាលចរាចរណ៍ដែលបានលះបង់ និងខិតខំប្រឹងប្រែងជំរុញការរឹតបន្តឹងចរាចរណ៍ប្រកបដោយស្មារតី ទទួលខុសត្រូវខ្ពស់បំផុត៕ដោយ៖សហការី