ខេត្តបាត់ដំបង៖ ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង នៅថ្ងៃសៅរ៍ទី២៧ ខែឧសភា ឆ្នាំ២០២៣នេះ បានបង្ហាញមុខស្រ្តីម្នាក់ ដែលជាមុខសញ្ញាគ្រឿងញៀនខុសច្បាប់ នៅក្រុងបាត់ដំបង បន្ទាប់ពីឃាត់ខ្លួនយកមកសាកសួរ រហូតបញ្ចប់នីតិវិធី និងត្រៀមខ្លួនបញ្ជូនទៅកាន់សាលាដំបូងខេត្ត ដើម្បីចាត់ការតាមច្បាប់។
ប្រភពដដែលបន្តថា លោកវរសេនីយ៍ឯក ពេជ្រ សារ៉ែន អធិការនគរបាលក្រុងបាត់ដំបង កាលពីល្ងាចថ្ងៃទី២៦ ខែ ឧសភាម្សិលមិញនេះ បានដឹកនាំកម្លាំងជំនាញផ្នែកប្រឆាំងគ្រឿងញៀន នៃអធិការដ្ឋាននគរបាលក្រុង ចុះប្រតិបត្តិការ បង្រ្កាបករណីរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន ០១ករណី ក្នុងបទល្មើសជាក់ស្តែង និងឃាត់ខ្លួនជនសង្ស័យ ខាងលេីនេះ នៅចំណុចក្រុមទី១០ ភូមិចំការសំរោង២ សង្កាត់ចំការសំរោង ក្រុងបាត់ដំបង ខេត្តបាត់ដំបង។
ជនសង្ស័យឈ្មោះ វុធ សារ៉ាន់ ភេទស្រី អាយុ៣៦ឆ្នាំទីលំនៅបច្ចុប្បន ភូមិចំការសំរោង២ សង្កាត់ ចំការសំរោង ក្រុងនិងខេត្តបាត់ដំបង ដោយដកហូតវត្ថុតាងរួមមាន៖
-ម្សៅក្រាមពណ៌សថ្លាច្រកក្នុងថង់ប្លាស្ទិកថ្លាចំនួន ១៧ ថង់សង្ស័យមានសារធាតុញៀន
-កូនជញ្ជីងសម្រាប់ថ្លឹងថ្នាំញៀន ០១
– សម្ភារៈសម្រាប់ច្រករំលែកថ្នាំញៀនលក់មួយចំនួន។
បច្ចុប្បន្នជនសង្ស័យនិងវត្ថុតាង ត្រូវបាននគរបាលការិយាល័យជំនាញ កសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីចាត់ការតាមនីតិវិធី៕ដោយ៖សហការី