ភ្នំពេញ ៖ បុរសម្នាក់ជាអ្នករត់ម៉ូតូឌុប ត្រូវបានជនដៃដល់ប្រេីកាំបិតចុងស្រួចចាក់ចំនួន៤កាំបិតបណ្តាលឱ្យស្លាប់ក្នុងថ្លុកឈាមបន្ទាប់ពីផឹកសុីបាត់លុយចំនួន១២មុឺនរៀល និងខឹងជនដៃដល់ប្រមាថមើលងាយកូនស្រីរបស់គាត់ផងក៏កើតជាហិង្សាប្រតាយប្រតប់គ្នាឡើង បង្កការភ្ញាក់ផ្អើលនៅវេលាម៉ោង៦និង៤០នាទីល្ងាចថ្ងៃសៅរ៍ទី២៧ ខែឧសភា ឆ្នាំ២០២៣នៅតាមបណ្តោយផ្លូវបេតុង ក្នុងភូមិព្រៃព្រីងខាងជើង១ សង្កាត់ ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ជនរងគ្រោះដែលស្លាប់មានឈ្មោះ គីម ប្រាក់ ភេទប្រុស អាយុ៤៧ឆ្នាំ ជនជាតិខ្មែរ មុខរបររត់ម៉ូតូឌុប ស្នាក់នៅបន្ទប់ជួលលេខ៤B នៅកន្លែងកើតហេតុខាងលើ មានស្រុកកំណើតនៅភូមិក្រាំងដូង ឃុំសំរោងក្រោម ស្រុកបន្ទាយមាស ខេត្តកំពត។ ចំណែកជនដៃដល់មានឈ្មោះ ប៉ុន វ៉ុន ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិព្រៃក្មេង ឃុំមេសាង ស្រុកមេសាង ខេត្តព្រៃវែង បច្ចុប្បន្នស្នាក់នៅបន្ទប់ជួល ក្នុងភូមិត្រពាំងពោធិ៍ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៏សែនជ័យ។
យោងតាមប្រភពពីប្រជាពលរដ្ឋដែលរស់នៅជិតកន្លែងកើតហេតុបានឱ្យដឹងថា ជនរងគ្រោះនិងជនសង្ស័យបានផឹកស៊ីជាមួយគ្នាចំនួន៤ទៅ៥នាក់អស់ពេលជាច្រើនម៉ោង រហូតដល់ម៉ោងកើតហេតុខាងលើ ជនសង្ស័យសុំចូលបត់ជើងក្នុងបន្ទប់ទឹករបស់ជនរងគ្រោះ ពេលចេញមកវិញ ប្រពន្ធជនរងគ្រោះក៏ចូលទៅមើលលុយរបស់ខ្លួនឃើញថាបាត់លុយចំនួន១២ម៉ឺនរៀល ប្រពន្ធជនរងគ្រោះក៏សួរនាំជនសង្ស័យបង្កើតបានជាការឈ្លោះប្រកែកតឹងសរសៃកដាក់គ្នាទៅវិញទៅមក ហើយបន្ទាប់មកក៏ប្រើហិង្សាដាក់គ្នាមួយប្រាវ រួចហើយជនសង្ស័យក៏ទាញម៉ូតូម៉ាកហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ ពាក់ផ្លាកលេខភ្នំពេញ1JC.4317ជិះចេញទៅបាត់ទៅ។ មួយសន្ទុះក្រោយមកក៏មកដល់មុខផ្ទះរបស់ជនរងគ្រោះវិញស្រែកជេរប្រមាថ មើលងាយទៅលើជនរងគ្រោះថា កូនស្រីរបស់គាត់អាយុ១៧ឆ្នាំធ្លាប់ដេកជាមួយខ្លួន(ជនសង្ស័យ) ខណៈពេលនោះជនរងគ្រោះខឹងសម្បាជាខ្លាំងក៏ទាញដំបងដេញវ៉ៃជនសង្ស័យ រហូតមានការ ប្រតាយប្រតប់គ្នា ជនសង្ស័យបានដកកាំបិតពីចង្កេះចាក់ទៅលើជនរងគ្រោះចំនួន៤កាំបិតចុងស្រួចបណ្ដាលឱ្យហូរឈាម ចំណែកឯប្រពន្ធជនរងគ្រោះក៏ជួយប្រទាញប្រទង់ឃាត់ត្រូវបានជនសង្ស័យដាល់មួយដៃឱ្យហើមមុខថែមទៀតផង។
ក្រោយពីចាក់ជនរងគ្រោះហើយ ជនសង្ស័យក៏ទាញម៉ូតូប្រុងជិះចេញត្រូវបានប្រពន្ធជនរងគ្រោះទាញបណ្ដាលឱ្យដួលម៉ូតូក៏រត់ចោលម៉ូតូបាត់តែម្ដង។ចំណែកឯជនរងគ្រោះដោយត្រូវរបួសឈាមហូរច្រើនពេកក៏ដើរមកដេកលើគ្រែដែលនៅមុខរោងចក្រ រួចក៏ស្លាប់បាត់បង់ជីវិតតែម្ដងទៅ។
ក្រោយកើតហេតុ សមត្ថកិច្ចចុះមកដល់កន្លែងកើតហេតុដោយយកខ្សែមកហ៊ុមព័ទ្ធជុំវិញនិងយកប្រពន្ធរបស់ជនសង្ស័យនិងប្រពន្ធជនរងគ្រោះទៅសួរនាំនៅប៉ុស្តិ៍នគរបាលរដ្ឋបាលចោមចៅទី៣ដើម្បីបន្តតាមនីតិវិធី។ចំណែកសពសមត្ថកិច្ចពិនិត្យនិងធ្វើកោសល្យវិច្ច័យរួចប្រគល់ឱ្យសាច់ញាតិដឹកទៅស្រុកកំណើតធ្វើបុណ្យតាមប្រពៃណី ៕ ដោយ ៖ ភារ៉ា ដង្កោ