ខេត្តកណ្តាល : ថ្ងៃអាទិត្យ ៩កើត ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី ២៨ ខែឧសភា ឆ្នាំ ២០២៣ ក្រុមការងារគណៈចលនាកម្មករ-កម្មការិនីស្រុកពញាឮ តំណាងលោក លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកពញាឮ រួមជាមួយឯកឧត្តម អស់លោក ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំ បានអញ្ជើញជួបសំណេះសំណាលជាមួយបងប្អូនកម្មករ-កម្មការិនី បម្រើការងារនៅរោងចក្រកាត់ដេរក្នុងឃុំចំនួន ០៦ របស់ស្រុកពញាឮ ប្រមាណ ៨ ពាន់នាក់ នាបរិវេណវត្តកែវមូលី និងវត្តអរិយស្សប ស្រុកពញាឮ ខេត្តកណ្តាល ។
មានមតិសំណេះសំណាលនាឱកាសនេះ តំណាងរបស់លោករដ្ឋមន្រ្តី បានលើកឡើងថា ការជួបជុំគ្នានេះ គឺធ្វើឡើងដើម្បីបង្កឱកាសជួបជុំគ្នា ស្វែងយល់អំពីបញ្ហាប្រឈមមួយចំនួនដែលបានកើតឡើងនាពេលបច្ចុប្បន្ន និងការជួបប្រាស្រ័យទាក់ទងសួរសុខទុក្ខគ្នាទៅវិញទៅមក ក្នុងន័យបង្កើននូវភាពស្និទ្ធស្នាល ឲ្យកាន់តែស៊ីជម្រៅមួយកម្រិតថែមទៀតរវាងក្រុមការងារ និងបងប្អូនកម្មករ-កម្មការិនី ដែលកិច្ចការទាំងនេះ ក្រុមការងារគណៈចលនាកម្មករ-កម្មការិនីស្រុកពញាឮ បានធ្វើជាប់ជាប្រចាំរៀងរហូតមក ហេីយជាភ័ព្វសំណាងយ៉ាងខ្លាំង សម្រាប់ប្រជាពលរដ្ឋក្នុងស្រុកពញាឮ ក៏ដូចជាបងប្អូនកម្មករ-កម្មការិនីយេីង ជាមហាកិត្តិយសដ៏ខ្ពង់ខ្ពស់បំផុតដែល សម្តេចតេជោនាយករដ្ឋមន្ត្រី នឹងអញ្ជើញជួបសំណេះសំណាលជាមួយ នាពេលខាងមុខនេះ ។
ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា គឺធ្វើឡើងដើម្បីបម្រើផលប្រយោជន៍ជាតិ ថែរក្សាការពារស្ថិរភាព បូរណភាពទឹកដី ឯករាជ្យ សន្តិភាព និងការអភិវឌ្ឍន៍ជាតិ ។ បងប្អូនកម្មករ-កម្មការនីទាំងអស់ គឺជាកម្លាំងចលករដ៏មានសារៈសំខាន់របស់ជាតិ ប្រសិនបើយើងមិនបានយល់ដឹងពីតម្លៃនៃសន្តិភាព និងការអភិវឌ្ឍទេនោះ អាចបង្កចលាចលក្នុងសង្គម រោងចក្រ សហគ្រាសត្រូវបិទទ្វារ ជីវភាពប្រជាពលរដ្ឋជួបការខ្វះខាត ដូចនេះចាំបាច់ណាស់ត្រូវចូលរួមការពារសន្តិភាព ដែលជាកាតព្វកិច្ចរបស់យើងទាំងអស់គ្នានៅក្នុងសង្គមជាតិទាំងមូល ។ បងប្អូនកម្មករ-កម្មការនី គឺជាធនធានមនុស្សដ៏សំខាន់ សម្រាប់បន្តវេន ក្នុងការចូលរួមអភិវឌ្ឍន៍ប្រទេសជាតិ ឲ្យមានការរីកចម្រើនលើគ្រប់វិស័យ ។
ក្រុមការងារតំណាងលោករដ្ឋមន្រ្តី ក៏បានអំពាវនាវសូមឲ្យបងប្អូនកម្មករ-កម្មការិនីទាំងអស់ អញ្ជើញទៅបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ សម្រាប់នីតិកាលទី ៧ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ ២០២៣ ខាងមុខឲ្យបានគ្រប់ៗគ្នា ។ សម្រាប់បងប្អូនកម្មករ-កម្មការនីក្នុងឃុំទាំង ៦ ចំនួន ៧.៧៤៦ នាក់ លោករដ្ឋមន្រ្តី ឧបត្ថម្ភក្នុងម្នាក់ៗអាវយឺតដៃវែងចំនួន ០១ និងថវិកាចំនួន ២ ម៉ឺនរៀល ។ ក្រុមការងារតំណាងឯកឧត្តមរដ្ឋមន្រ្តី នឹងបន្តចុះជួបសំណេះសំណាលជាមួយបងប្អូនកម្មករ-កម្មការិនី ចំនួន ៣.២៥៥ នាក់ នៅក្នុងឃុំចំនួន ០៥ ទៀតរបស់ស្រុកពញាឮ នាពេលឆាប់ៗខាងមុខនេះ ៕
ដោយ : សុខ ខេមរា