ភ្នំពេញ៖ តាមរបាយការណ៍ពីនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ ស្តីពីការរឹតបន្ដឹងច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក នៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៣នេះ បានឱ្យដឹងថា ចំនួនគោលដៅសរុប ១៤គោលដៅ មានយានយន្តចូលគោលដៅចំនួន ១៨គ្រឿង ម៉ូតូ ១៣គ្រឿង ក្នុងនោះរកឃើញយានយន្តល្មើសសរុបចំនួន ០៩គ្រឿង មានម៉ូតូចំនួន ០៤គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ ៣៩.អនក្រ.បក នៅទូទាំងប្រទេស ។
របាយការណ៍ដដែល បានវាយតម្លៃថាការអនុវត្តតាមអនុក្រឹត្យថ្មីក្នុងការផាកពិន័យយានយន្តល្មើសបានដំណើរការ ទៅយ៉ាងល្អប្រសើរទទួលបានការគាំទ្រ ពិសេសអ្នកប្រើប្រាស់ផ្លូវទាំងអស់ បានចូលរួមគោរពច្បាប់ចរាចរណ៍យ៉ាងល្អប្រសើរ ។
ជាមួយគ្នានេះ យោងតាមទិន្នន័យគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេស ចេញដោយនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ នៅថ្ងៃទី២៨ ខែឧសភានេះ បានឱ្យដឹងដែរថា៖ ករណីគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេសនៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៣ បណ្តាលឲ្យមនុស្សស្លាប់ ៧នាក់ របួសធ្ងន់ ៣នាក់ និងស្រាល ២នាក់ ។គោរពច្បាប់ចរាចរណ៍ស្មើនឹងគោរពជីវិតខ្លួនឯង !
ក្នុងករណីគ្រោះថ្នាក់ដែលបង្កឲ្យមានមនុស្សស្លាប់ និងរបួសសរុបចំនួន ១២នាក់ គឺកើតឡើងដោយសារការប៉ះទង្គិច គ្នាចំនួន ៩លើក មាន កត្តាល្បឿន ៥លើក មិនគោរពសិទ្ធ ៣លើក និងបត់គ្រោះថ្នាក់ ១លើក ៕ដោយ៖សហការី