ជប៉ុនបានប្តេជ្ញាថានឹងកម្ទេចមីស៊ីលកូរ៉េខាងជើងទាំងអស់ប្រសិនបើវាបំពានលើទឹកដីរបស់ខ្លួន ហើយក្រុងតូក្យូកំពុងរៀបចំសម្រាប់រឿងនេះ។
នៅថ្ងៃទី 29 ខែឧសភា ភ្លាមៗបន្ទាប់ពីកូរ៉េខាងជើងបានប្រកាសពីផែនការរបស់ខ្លួនក្នុងការបាញ់បង្ហោះផ្កាយរណបនៅចន្លោះថ្ងៃទី 31 ខែឧសភាដល់ថ្ងៃទី 11 ខែមិថុនា ក្រសួងការពារជាតិជប៉ុនបានចេញសេចក្តីជូនដំណឹងមួយថា “យើងនឹងចាត់វិធានការបំផ្លិចបំផ្លាញទាំងអស់សម្រាប់មីស៊ីលផ្លោង និងកាំជ្រួចផ្សេងទៀត ប្រសិនបើបញ្ជាក់ថាបានចូលក្នុងទឹកដីជប៉ុន។
សារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី២៩ ខែឧសភា ឆ្នាំ២០២៣ ក្រសួងការពារជាតិជប៉ុន នៅថ្ងៃចន្ទនេះបានប្រកាសពីចេតនាចង់បាញ់កម្ទេចរាល់មីស៊ីលកូរ៉េខាងជើងទាំងឡាយណា ដែលបំពានចូលដែនអាកាសរបស់ជប៉ុន ហើយក៏កំពុងត្រៀមលក្ខណៈធ្វើបែបនេះដែរ។
ក្រសួងការពារជាតិជប៉ុនធ្វើការកត់សម្គាល់ខាងលើតែប៉ុន្មានម៉ោងប៉ុណ្ណោះ បន្ទាប់ពីកូរ៉េខាងជើងបានជូនដំណឹងដល់ទីក្រុងតូក្យូ ពីផែនការបាញ់បង្ហោះផ្កាយរណប។ នៅក្នុងសេចក្ដីថ្លែងការណ៍មួយ ក្រសួងការពារជាតិជប៉ុនបានគូសបញ្ជាក់ដូច្នេះថា «យើងនឹងចាត់វិធានការបំផ្លាញប្រឆាំងនឹងមីស៊ីលបាលីស្ទីគ និងមីស៊ីលដទៃទៀត ដែលបានបំពានចូលទឹកដីរបស់យើង»។ ក្រសួងបន្ថែមទៀតថាជប៉ុននឹងប្រើប្រាស់ប្រព័ន្ធមីស៊ីល Standard Missile-3 (SM-3) ឬ ប្រព័ន្ធមីស៊ីល Patriot ដើម្បី បាញ់កម្ទេចមីស៊ីលកូរ៉េខាងជើង។
ប្រព័ន្ធផ្សព្វផ្សាយជប៉ុន NHK នៅថ្ងៃចន្ទនេះក៏បានរាយការណ៍ដែរថាកូរ៉េខាងជើងបានជូនដំណឹងដល់រដ្ឋាភិបាលជប៉ុន ពីផែនការបាញ់បង្ហោះផ្កាយរណបមួយដែលក្រុមអ្នកវិភាគជឿថាជាផ្កាយរណបស៊ើបការណ៍យោធាដំបូងបំផុតរបស់ទីក្រុងព្យុងយ៉ាង នៅចន្លោះថ្ងៃទី៣១ ខែឧសភា ដល់ថ្ងៃទី១១ ខែមិថុនា។ ខាងក្រសួងការពារជាតិជប៉ុន បានជំរុញឱ្យកូរ៉េខាងជើងបញ្ឈប់ការធ្វើតេស្ដអាវុធ ហើយថារាល់ការធ្វើតេស្ដអាវុធ រួមទាំងការធ្វើតេស្ដបាញ់បង្ហោះផ្កាយរណបរបស់ កូរ៉េខាងជើង គឺធ្វើឱ្យប៉ះពាល់ដល់សុវត្ថិភាពប្រជាជនជប៉ុន៕ ដោយធីរីណា
រូបថត : KCNA