ភ្នំពេញ : ដើម្បីអបអរសាទរ ទិវាកុមារអន្តរជាតិ ១មិថុនា មូលនិធិគន្ធបុប្ផាកម្ពុជានឹងរៀបចំយុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់» សម្រាប់កុមារកម្ពុជា រយៈពេល៣០ថ្ងៃ ដោយចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣ តាមរយៈបណ្តាញផ្សព្វផ្សាយនានារួមមានទំព័រហ្វេសប៊ុក និងឆាណែលតេលេក្រាម ផ្លូវការរបស់មូលនិធិគន្ធបុប្ផាកម្ពុជា, ធនាគារដៃគូរ, និងក្រុមហ៊ុនដៃគួរសហការ ក៏ ដូចជាតាមរយៈសារព័ត៌មានជា ច្រើនផងដែរ។ នេះបើយោងតាមសេចក្ដីជូនដំណឹងរបស់ មូលនិធិគន្ធបុប្ផាកម្ពុជា ផ្សព្វផ្សាយនាថ្ងៃទី ២៩ ខែឧសភា ឆ្នាំ ២០២៣។
យុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់»សម្រាប់កុមារកម្ពុជាគឺជាយុទ្ធនាការប្រចាំឆ្នាំ ដែលត្រូវបានរៀបចំឡើងក្នុងគោលបំណងកៀរគរការបរិច្ចាគ ទោះតិចក្តី ច្រើនក្តី ពីសប្បុរសជននានាទាំងក្នុង និងក្រៅប្រទេស ដើម្បីរួមគ្នាផ្ដល់ក្ដីស្រលាញ់ដល់កុមារនៅកម្ពុជា ជាពិសេសក្នុងឱកាស ទិវាកុមារអន្តរជាតិ ១មិថុនា ហើយយុទ្ធនាការនេះ ត្រូវបានរៀបចំម្តងរួចមកហើយ កាលពីខែមិថុនា ឆ្នាំ២០២២ ដោយទទួលបានការគាំទ្រយ៉ាងខ្លាំងពីសាធារណជន និងទទួលបានថវិកាបរិច្ចាគជាង ៣០ម៉ឺនដុល្លារអាមេរិក។
ក្នុងឆ្នាំ២០២៣នេះ មូលនិធិគន្ធបុប្ផាកម្ពុជាសង្ឃឹមយ៉ាងមុតមាំថា សប្បុរសជននឹងចូលរួមកាន់តែច្រើនថែមទៀតក្នុងស្មារតី «ខ្មែរជួយខ្មែរ» ដើម្បីរួមគ្នាផ្ដល់ភាពញញឹមដល់កុមារដែលជាអនាគត ដ៏ភ្លឺស្វាងរបស់កម្ពុជា តាម រយៈការរក្សាឱ្យបាននូវនិរន្តរភាពនៃកិច្ចដំណើរការរបស់មន្ទីរពេទ្យគន្ធបុប្ផាទាំង ៥ទីតាំងនៅ ព្រះរាជាណាចក្រកម្ពុជា។
មន្ទីរពេទ្យគន្ធបុប្ផាជាមន្ទីរពេទ្យកុមារដែលត្រូវបានបង្កើតនិងដាក់ឱ្យដំណើរការឡើងវិញកាលពីឆ្នាំ១៩៩២ ដោយបានព្យាបាលកុមាររាប់លាននាក់ និងចំណាយថវិកាជាមធ្យម ៤០លានដុល្លារអាមេរិក ក្នុង១ឆ្នាំៗ ដើម្បីធ្វើប្រតិបត្តិការមនុស្សធម៌សង្គ្រោះជីវិតកុមារនៅកម្ពុជា ដោយឥតគិតថ្លៃប្រកបដោយគុណភាព និងមិនមានការរើសអើង៕