សារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី២៩ ខែឧសភា ឆ្នាំ២០២៣ រុស្ស៉ី បានបើកការវាយប្រហារទ្រង់ទ្រាយធំតាមអាកាសលើទីក្រុងកៀវពេញមួយយប់ថ្ងៃអាទិត្យចុងសប្តាហ៍កន្លងទៅ (ម៉ោងក្នុងតំបន់) ដែលជាប្រតិបត្តិការវាយប្រហារដោយយន្ដហោះដ្រូនដ៏ធំបំផុតមួយរបស់ទីក្រុងមូស្គូ ចំពេលដែលមនុស្សជាច្រើនជួបជុំគ្នាតាមដងផ្លូវដើម្បីប្រារព្ធខួបនៃការបង្កើតរដ្ឋធានីរបស់អ៊ុយក្រែន មួយនេះ។
យោធាអ៊ុយក្រែនបានអះអាងថា ខ្លួនបានបាញ់ទម្លាក់យន្តហោះដ្រូនចំនួន ៥៨គ្រឿង ក្នុងចំណោមយន្ដហោះដ្រូន៥៩គ្រឿងរបស់រុស្ស៉ី។ លោក វ៉ូឡូឌីមៀរ ហ្សេលេនស្គី ក៏បាននិយាយដែរថា យន្តហោះដ្រូនចំនួន៣៦គ្រឿងដែលសំដៅមកកាន់ទីក្រុងកៀវត្រូវបានបំផ្លាញទាំងអស់។ ក្នុងសុន្ទរកថាតាមវីដេអូ លោក ហ្សេលេនស្គី បានគូសបញ្ជាក់ថា «នេះជារបៀបដែលប្រទេសរុស្ស៉ីចូលរួមប្រារព្ធទិវានៃទីក្រុងកៀវ ដែលជាទីក្រុងបុរាណរបស់យើង»។ ចំណែក អភិបាលក្រុងកៀវ លោក វីតាលី ឃ្លីតស្កូ(Vitali Klitschko) បានឱ្យដឹងថា វាហាក់បីដូចជាការវាយប្រហារដ៏សាហាវលើកទី១មកលើទីក្រុងកៀវ និងជាការវាយប្រហារលើកទី១៤ នៅក្នុងខែឧសភានេះ ដែលបានសម្លាប់បុរសអាយុ ៤១ឆ្នាំម្នាក់ ខណៈដែលមនុស្សមួយចំនួនផ្សេងទៀតរងរបួស។
ការវាយប្រហារបានកើតឡើងចំពេលដែលរដ្ឋធានីកៀវប្រារព្ធទិវានៃការបង្កើតជាផ្លូវការកាលពីជាង ១៥០០ឆ្នាំមុន។ ទោះយ៉ាងនេះក្តី ទីក្រុងមូស្គូមិនបានធ្វើអត្ថាធិប្បាយលើការវាយប្រហារនេះទេ៕ ដោយធីរីណា
រូបថត : Reuters