បទឈប់បាញ់ជិតផុតកំណត់ ការប្រយុទ្ធយ៉ាងខ្លាំងក្លានៅស៊ូដង់ កើតមានឡើងជាថ្មី

ចែករំលែក៖

សារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី២៩ ខែឧសភា ឆ្នាំ២០២៣ អ្នកស្រុកស៊ូដង់បាននិយាយថា ការប្រយុទ្ធគ្នាយ៉ាងធ្ងន់ធ្ងរ និងកក្រើកកំពុងកើតមាននៅថ្ងៃចន្ទនេះ នៅក្នុងផ្នែកខ្លះនៃរដ្ឋធានីរបស់ប្រទេសស៊ូដង់ ប៉ុន្មានម៉ោងមុនពេលកិច្ចព្រមព្រៀងបទឈប់បាញ់ត្រូវផុតកំណត់ ដែលបានធ្វើឲ្យជម្លោះរយៈពេលជាង ៦សប្តាហ៍មកនេះមានសភាពថមថយខ្លះ។

ការប្រយុទ្ធគ្នាកើតឡើងបន្តពីថ្ងៃអាទិត្យចុងសប្តាហ៍ មកដល់ថ្ងៃចន្ទនេះនៅឯភាគខាងត្បូង និងខាងលិចនៃទីក្រុងអូមឌូម៉ាន់ (Omdurman) ដែលនៅជាប់រដ្ឋធានីខាទុំរបស់ប្រទេសស៊ូដង់។ ចំណែកអ្នកស្រុកក្នុងទីក្រុងខាទុំ នៅត្រើយម្ខាងទៀតនៃទន្លេនីល (Nile) ក៏បានរាយការណ៍ពីការប៉ះទង្គិចគ្នា កាលពីយប់ថ្ងៃអាទិត្យផងដែរ។
ភាគីជម្លោះទាំងពីរនិយាយថា ពួកគេកំពុងពិចារណាពន្យារពេលបទឈប់បាញ់ ដែលនឹងត្រូវផុតកំណត់នៅវេលាម៉ោង ៩និង៤៥យប់ថ្ងៃចន្ទនេះ ឲ្យបន្តរយៈពេលមួយសប្តាហ៍ទៀត ក្រោមការសម្របសម្រួលដោយអារ៉ាប៊ីសាអូឌីត និងសហរដ្ឋអាមេរិក ដើម្បីអនុញ្ញាតឲ្យមានការចែកចាយជំនួយមនុស្សធម៌។
កងទ័ពស៊ូដង់ និងកងកម្លាំងទាហានប៉ារ៉ា (RSF) កំពុងជាប់គាំងក្នុងជម្លោះដណ្តើមអំណាច ដែលបានផ្ទុះឡើងក្នុងជម្លោះកាលពីថ្ងៃទី១៥ ខែមេសា ដោយបានសម្លាប់មនុស្សរាប់រយនាក់ និងជំរុញមនុស្សជិត ១.៤លាននាក់ចាកចេញពីផ្ទះសម្បែងរបស់ពួកគេ៕

...

រូប​ថត​ : Reuters

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print