ឃើញសំណង់បុរី ( VIP ) ធ្វើឱ្យអតិថិជន ខ្លាចរអា ក្នុងការចំណាយប្រាក់ ទិញផ្ទះល្វែង

ចែករំលែក៖

ភ្នំពេញ : ពិតណាស់ថា , ប្រជាពលរដ្ឋ ដែលជាអតិថិជនពួកគាត់រកប្រាក់ពិបាកណាស់ សន្សំផង ខ្ចីបុលគេផង ខ្ចីធនាគារផង ដើម្បីទិញផ្ទះល្វែង ឱ្យសមរម្យរស់នៅ ដែលគេច្រើនលើកឡើងថា, សត្វត្រូវមានសំបុក មនុស្សត្រូវមានជម្រក។ ម្ល៉ោះហើយ បងប្អូនប្រជាពលរដ្ឋដែលជាអតិថិជន ខិតខំព្យាយាម សន្សំប្រាក់កាស ដើម្បីរកផ្ទះដ៏សមរម្យសម្រាប់ការរស់នៅប្រចាំថ្ងៃ តាមលទ្ធភាពដែលខ្លួនមាន។

ទីបំផុត ! ប្រាក់ក៏អស់ ថង់ក៏ដាច ទិញចំបូរី( VIP ) សង់គ្មានគុណភាព ស្តង់ដាបច្ចេកទេស មានតែសោភ័ណភាព គុណភាពសំណង់វិញ សង់គេងចំណេញបច្ចេកទេស ធ្វើឱ្យផ្ទះល្វែង ធ្លុះធ្លាយ តាមពិដាន ដំបូល ពេលភ្លៀងធ្លាក់ម្ដងៗ ទឹកហូរចូល ដូចជារស់នៅក្នុងប្រឡាយទៅហើយ។
តាមរយៈ tik tok , ឬតាមបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុក ប្រជាពលរដ្ឋដែលជាអតិថិជន គាត់ឆ្អែតចិត្តពេក ទ្រាំលេងបាន ក៏បានថតបង្ហោះជាវីដេអូ ពីសកម្មភាពពេលភ្លៀងធ្លាក់ ផ្ទះល្វែងរបស់គាត់ ត្រូវបានទឹកហូរចូល ជ្រាប ធ្លាក់ពេញបន្ទប់ ប្រឈមនឹងគ្រោះថ្នាក់បំផុត ចំពោះការឆ្លងចរន្តអគ្គិសនីនេះជាដើម។
បូរី ( VIP ) បង្ករបញ្ហាច្រើនណាស់ ជាមួយអតិថិជនរបស់ខ្លួន លក់ផ្ទះល្វែង ប៉ុន្តែមិនបានបំពេញកាតព្វកិច្ច ផ្ដល់ផ្ទះល្វែងឲ្យអតិថិជន សំណង់ក៏គ្មានគុណភាព ដូច្នេះប្រជាពលរដ្ឋ តែងតែលើកគ្នាមកតវ៉ាដល់ស្នាក់ការ ទាំងនៅរាជធានីភ្នំពេញ ទាំងនៅខេត្តព្រះសីហនុ។
បន្ទាប់ពីឃើញសំណង់បុរី ( VIP ) ខាងជំនាញទាំងមន្ទីរនិងក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ ទាំងការចេញច្បាប់អនុញ្ញាតឲ្យសាងសង់ សូមមេត្តា ឱ្យជំនាញពិនិត្យមើលអំពីគុណភាពនៃសំណង់ទាំងនោះផង។ ទោះជាសំណង់ក្នុងបុរីណាមួយក៏ដោយ ប្រយោជន៍ការពារដល់អតិថិជន ប្រជាពលរដ្ឋ ចៀសវាង ខាតបង់ប្រាក់កាស ហើយចំណាយប្រាក់ទិញផ្ទះល្វែងដែលគ្មានគុណភាពស្តង់ដារបច្ចេកទេសបែបនេះ ។
សូមរំលឹកថា, បងប្អូនដែលទិញផ្ទះល្វែងតាមបុរី ត្រូវចំណាយប្រាក់ច្រើន ដើម្បីជាជម្រក ក្នុងសម័យប្រទេសជាតិយើងមានសន្តិភាពនេះ ប៉ុន្តែគួរសិក្សាឲ្យបានច្បាស់លាស់ តើសំណង់បុរីណា ធ្វើមានគុណភាព បុរីណាដែលធ្វេសប្រហែស សង់គ្មានគុណភាព គ្មានស្តង់ដារបច្ចេកទេស ដែលជាបញ្ហាបន្ទុកដ៏ធ្ងន់សម្រាប់យើង រស់នៅថ្ងៃក្រោយជួបបញ្ហាកើតឡើង ។
កន្លងទៅមានបុរីខ្លះ ពេលភ្លៀងម្ដងៗ អតិថិជនរបស់ខ្លួន បានថតបង្ហោះជាវីដេអូឃ្លីប ពីសកម្មភាពទឹកហូរតាមពិតាន តាមដំបូល ក្រោយមកឃើញម្ចាស់បុរី ក៏បានព្យាយាមជួសជុល ជូនអតិថិជន ដើម្បីកុំឲ្យខូចយីហោបុរីរបស់ខ្លួន។
យើងទទួលស្គាល់ថា, ប្រទេសមានសន្តិភាព គឺមានការអភិវឌ្ឍន៍ លើគ្រប់វិស័យ ជាពិសេសវិស័យអចលនទ្រព្យ ដីធ្លី សំណង់បុរី រីកព្រោងព្រាត ដែលធ្វើឱ្យ អ្នកវិនិយោគទុនមានឱកាស ចូលរួមអភិវឌ្ឍន៍កសាងប្រទេសជាតិជាមួយរាជរដ្ឋាភិបាល។ ប៉ុន្តែចំពោះម្ចាស់បុរីខ្លះ រកស៊ីគ្មានភាពស្មោះត្រង់ ទើបក្លាយទៅជាជម្លោះជាមួយអតិថិជន ជាបន្តបន្ទាប់ ទាំងសំណង់គ្មានគុណភាព ទាំងការសាងសង់យឺតយូរ ទាំងគ្មានសំណង់ផ្ទះល្វែងឱ្យនោះក៏មាន ដូចជាបុរី ( VIP ) មានបញ្ហាច្រើនណាស់ជាមួយអតិថិជន ។ ដូច្នេះសូមឱ្យអ្នកវិនិយោគលើកវិស័យបុរី មេត្តារកស៊ីប្រកបដោយភាពស្មោះត្រង់ជាមួយនឹងអតិថិជនរបស់ខ្លួន។ សំណង់សង់មានគុណភាព ស្តង់ដាបច្ចេកទេស សមនឹងតម្លៃ ល្មមសម្រាប់ពួកគាត់រស់នៅ ដែលបានប្រឹងប្រែងសន្សំប្រកាស ដើម្បីទិញផ្ទះល្វែងក្នុងបុរីរស់នៅឲ្យបានសមរម្យនោះ ៕

...

ដោយ : សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print