សម្ដេចប្រមុខការពារជាតិកម្ពុជានឹងចូលរួមកិច្ចប្រជុំកំពូលសន្តិសុខអាស៊ីលើកទី២០ពីថ្ងៃទី២-៤ ខែមិថុនា នៅប្រទេសសិង្ហបុរី

ចែករំលែក៖

ភ្នំពេញ÷តបតាមការអញ្ជើញរបស់បណ្ឌិតចនឈឺបមែន អគ្គនាយក និងជាប្រធានប្រតិបត្តិនៃវិទ្យាស្ថានអន្តរជាតិ សម្រាប់សិក្សាយុទ្ធសាស្ត្រ សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការពារជាតិ នឹងដឹកនាំគណៈប្រតិភូ ជាន់ខ្ពស់នៃកងយោធពលខេមភូមិន្ទ ទៅចូលរួមកិច្ចប្រជុំកំពូលសន្តិសុខអាស៊ី លើកទី២០ (កិច្ចសន្ទនាសាំងហ្គីឡា) ដែលនឹងប្រព្រឹត្តទៅពីថ្ងៃទី២ ដល់ថ្ងៃទី០៤ខែមិថុនា ឆ្នាំ២០២៣ នៅប្រទេសសិង្ហបុរី។ នេះ បើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់អគ្គនាយកដ្ឋាននយោបាយ និងកិច្ចការបរទេស នៃក្រសួងការពារ ជាតិ នៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៣។

កិច្ចប្រជុំកំពូលសម្រាប់ឆ្នាំ២០២៣ នឹងមានកិច្ចពិភាក្សាក្នុងសម័យប្រជុំពេញអង្គលើប្រធានបទសំខាន់ៗ រួមមានៈ បញ្ហាឥណ្ឌូ-ប៉ាស៊ីហ្វិក ភាពជាដៃគូថ្មី ការអភិវឌ្ឍន៍គំរូសម្រាប់សន្តិសុខជាដើម។ កិច្ចប្រជុំកំពូលក៏នឹងមានក្រុមពិភាក្សាតូចៗ នៅក្នុងសម័យប្រជុំពិសេសផងដែរ រួមមានៈ សន្តិសុខនៃប្រព័ន្ធអ៊ីនធឺណិត ការអភិវឌ្ឍសម្ថភាពយោធា ការធ្វើសមតុល្យភាព ក្នុងតំបន់ ។

ក្នុងឱកាសចូលរួមក្នុងកិច្ចប្រជុំកំពូលសន្តិសុខអាស៊ី លើកទី២០ សម្តេចពិជ័យសេនា ទៀ បាញ់ នឹងអញ្ជើញ ចេញថ្លែងការណ៍ប្រកបដោយអត្ថន័យខ្លឹមសារនៅក្នុងសម័យប្រជុំពេញអង្គទី៧ ស្តីពី “ការអភិវឌ្ឍគំរូសម្រាប់ សន្តិសុខប្រកបដោយកិច្ចសហប្រតិបត្តិការ ” ដោយផ្តោតលើទស្សនៈលើបញ្ហាប្រឈមនានា ដែលអាចបង្ក ឡើងដោយការ អភិវឌ្ឍវិស័យយោធាយ៉ាងលឿននៅក្នុងតំបន់ និងមុខងារដែលសមត្ថភាពថ្មីៗទាំងនោះអាចដើរ តួនាទីក្នុងការរក្សា តុល្យភាពស្ថិរភាពតំបន់។

អំឡុងពេលកិច្ចប្រជុំកំពូលសន្តិសុខអាស៊ី លើកទី២០ ក៏មានកិច្ចប្រជុំរួមមួយ នៃរដ្ឋមន្ត្រីការពារជាតិសហរដ្ឋ អាមេរិកជាមួយរដ្ឋមន្ត្រីការពារជាតិនៃបណ្តាប្រទេសអាស៊ានមួយចំនួន។ ក្រៅពីអញ្ជើញចូលរួមក្នុងកិច្ចប្រជុំកំពូលខាងលើ សម្ដេចពិជ័យសេនា ក៏នឹងមានជំនួបពិភាក្សាការងារ ទ្វេភាគី ជាមួយរដ្ឋមន្ត្រីការពារជាតិនៃបណ្តាប្រទេសមួយចំនួន ដូចជា អូស្ត្រាលី សិង្ហបុរី និងស្មាធាណរដ្ឋប្រជាមានិតចិន ក៏ដូច ជាទទួលការចូលជួបសម្តែងការគួរសមពីសំណាក់ឥស្សរជនសំខាន់ៗ ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិកផងដែរ៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print