សារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី៣០ ខែឧសភា ឆ្នាំ២០២៣ នៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃចន្ទសប្តាហ៍នេះ ប្រធានាធិបតីអេហ្ស៉ីប លោក អាប់ដែល ហ្វាតតា អាល់ស៉ីស៉ី (Abdel Fattah al-Sisi) និងប្រធានាធិបតីទួរគី លោក តាយីព អឺដូហ្កាន់ (Tayyip Erdogan) បានព្រមព្រៀងគ្នាលើការចាប់ផ្តើមធ្វើឱ្យប្រសើរឡើងនូវទំនាក់ទំនងការទូត តាមរយៈការផ្លាស់ប្តូរឯកអគ្គរដ្ឋទូតទៅវិញទៅមក។
ការព្រមព្រៀងគ្នាខាងលើនេះធ្វើឡើងក្នុងជំនួបតាមទូរស័ព្ទរវាងលោក ស៉ីស៉ី នឹងលោក អឺដូហ្កាន់ ដើម្បីអបអរជ័យជម្នះក្នុងការជាប់ឆ្នោតប្រធានាធិបតីរបស់លោក អឺដូហ្កាន់។ រដ្ឋមន្ត្រីការបរទេសអេហ្ស៉ីប លោក Sameh Shoukry បានទៅបំពេញទស្សនកិច្ចនៅទួរគីកាលពីអំឡុងខែមេសា ហើយបានជួបរដ្ឋមន្រ្តីការបរទេសទួរគី លោក Mevlut Cavusoglu ដោយភាគីទាំងពីរបានព្រមព្រៀងគ្នា កំណត់ពេលវេលាជាក់លាក់ដើម្បីបង្កើនទំនាក់ទំនងការទូត និងរៀបចំសម្រាប់កិច្ចប្រជុំកំពូលរវាងប្រធានាធិបតីនៃប្រទេសទាំងពីរ។
លោក កាវ៉ូសូគ្លូ ធ្លាប់បានលើកឡើងកាលពីខែមេសាថា ជំនួបរវាងប្រធានាធិបតីអាចនឹងធ្វើឡើងម្តងទៀត ក្រោយការបោះឆ្នោតរបស់ទួរគី នៅថ្ងៃទី១៤ ខែឧសភា៕ ដោយធីរីណា
រូបថត : TKNEWS