សារព័ត៌មាន AFP នៅថ្ងៃពុធ ទី៣១ ខែឧសភា ឆ្នាំ២០២៣ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង KCNA បានរាយការណ៍ថា ការបាញ់បង្ហោះផ្កាយរណបមួយរបស់កូរ៉េខាងជើង នៅថ្ងៃពុធនេះបានទទួលបរាជ័យ បន្ទាប់ពីមានបញ្ហានៅត្រង់កំណាត់ទី២នៃគ្រាប់រ៉ុក្កែត ដោយធ្វើឱ្យផ្កាយរណបនេះធ្លាក់ចូលទឹកសមុទ្រ។
នៅក្នុងសេចក្ដីរាយការណ៍របស់ខ្លួន KCNA បានគូសបញ្ជាក់ដូច្នេះថា «រ៉ុក្កែតបាញ់បង្ហោះផ្កាយរណបថ្មីឈ្មោះ ឆុលលីម៉ា-១ (Chollima-1) បានធ្លាក់ចូលក្នុងសមុទ្រខាងលិច ដោយសារតែបញ្ហាកើតឡើងលើម៉ាស៊ីននិងកំណាត់ទី២ បន្ទាប់ពីកំណាត់ទី១ (នៃគ្រាប់រ៉ុក្កែត) បានផ្ដាច់ខ្លួនចេញជាធម្មតា»។ ការបាញ់បង្ហោះផ្កាយរណបនេះដែរ គឺជាការប៉ុនប៉ងបាញ់បង្ហោះផ្កាយរណបលើកទី៦ របស់កូរ៉េខាងជើង គិតចាប់តាំងពីឆ្នាំ២០១៦មក ហើយមិនតែប៉ុណ្ណោះការប៉ុនប៉ងនេះក៏បានបង្ខំឱ្យកូរ៉េខាងត្បូងនិងជប៉ុនប្រកាសអាសន្នព្រមានឱ្យប្រជាជនរបស់ខ្លួននៅតាមតំបន់មួយចំនួនមានការប្រុងប្រយ័ត្នខ្ពស់ និងរត់រកកន្លែងមានសុវត្ថិភាពជាបណ្ដោះអាសន្នផងដែរ។
តាមរដ្ឋាភិបាលជប៉ុន កូរ៉េខាងជើងបានអះអាងថាខ្លួននឹងបាញ់បង្ហោះផ្កាយរណបស៊ើបការណ៍យោធាដំបូងបំផុត នៅចន្លោះពីថ្ងៃទី៣១ ខែឧសភា ដល់ថ្ងៃទី១១ ខែមិថុនា ដើម្បីពង្រឹងសមត្ថភាពតាមឃ្លាំមើលសកម្មភាពយោធារបស់សហរដ្ឋអាមេរិកនិងសម្ព័ន្ធមិត្ត៕ ដោយធីរីណា
រូបថត : Reuters