ជួលតៃកុងឲ្យមកដឹកកូនទៅសាលារៀន និងជូនទៅកន្លែងធ្វើការទីបំផុតដូចជួលឲ្យមកយកឡានទៅដាក់បញ្ចាំ

ចែករំលែក៖

ភ្នំពេញ ៖ នគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញ កាលពីថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៣ បានបញ្ជូនបុរសម្នាក់ទៅតុលាការ ដោយជាប់ពាក់ពន្ធពីបទ.រំលោភលើទំនុកចិត្ត “ផ្តើមចេញពីម្ចាស់រថយន្តបានជួលតៃកុងឲ្យមកដឹកកូនទៅសាលារៀន និងជូនទៅកន្លែងធ្វើការទីបំផុតដូចជួលឲ្យមកយករថយន្តទៅដាក់បញ្ចាំ” ។

ជនសង្ស័យឈ្មោះ សេង រតនា ភេទប្រុស អាយុ៤២ ឆ្នាំ មុខរបរ អ្នកបើកបររថយន្ត ស្នាក់នៅផ្ទះ១២៤ បុរី កាំកូស៊ីធី ផ្លូវបេតុង ភូមិពោងពាយ សង្កាត់ទួលសង្កែទី២ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ។

ដើមចមនៃការឃាត់ខ្លួនជនសង្ស័យខាងលើនេះ ត្រូវបានសម ត្តកិច្ចឲ្យដឹងថា ដើមបណ្តឹងឈ្មោះ កែវ ដាលីន កាលពី២០២០ បានជួលឈ្មោះ សេង រតនា ឲ្យមកបើករថយន្តជូនទៅធ្វើការ និងដឹកកូនទៅសាលារៀន ដោយឲ្យប្រាក់ឈ្នួលក្នុង១ខែ៤០០ដុល្លារអាមេរិក ។ លុះនៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២២ តៃកុងឡានឈ្មោះ សេង រតនា បានខ្ចីរថយន្តរបស់ថៅកែម៉ាក MAZDA PICK UP ព៌ណស សេរីឆ្នាំ២០១៥ ពាក់ស្លាកលេខ ភ្នំពេញ ១AD.៣៥១៨ ដើម្បីទៅលេងស្រុកកំណើកនៅស្រុកកងមាស ខេត្តកំពង់ចាម រយៈពេល៣ថ្ងៃ ។ ក្នុងនាមជាថៅកែ និងដោយក្តីស្រឡាញ់រាប់អានជាបុគ្កលិកបម្រើការងារ ព្រមទាំងមានការជឿទុកចិត្ត ក៏ឲ្យរថយន្តនោះទៅតៃកុងខ្ចីបើកយកទៅលេងស្រុក ស្រាប់តែបាត់រហូតតែម្តងទៅ ។ លុះដល់ថ្ងៃទី១ ខែតុលា ឆ្នាំ២០ ២២ ឈ្មោះ សេង រតនា បានត្រឡប់មកវិញតែមិនឃើញរថយន្តទេ ពេលថៅកែសួររករថយន្តជនសង្ស័យបានឆ្លើយដោះសារថា រថយន្តបានគ្រោះថ្នាក់ចរាចរណ៍ហើយកំពុងដោះស្រាយ ដូច្នេះសុំការយោគយល់ពីថៅកែ ។

សមត្តកិច្ចឲ្យដឹងទៀតថា ដោយគ្រាន់តែតៃកុងឡានប្រាប់រឿងគ្រោះចរាចរណ៍ ថៅកែរូបនោះក៏បានទុកពេលឲ្យជនសង្ស័យយករថយន្តមកប្រគល់ឲ្យវិញ ប៉ុន្តែពេលវេលាកាន់តែទៅមុខ រថយន្តមិនឃើញយកមកប្រគល់ឲ្យម្ចាស់នោះទេ រហូតដល់ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៣ ទើបត្រូវបានម្ចាស់រថយន្តនាំជនសង្ស័យមកឲ្យសមត្តកិច្ចចាត់ការតាមផ្លូវច្បាប់ ។

...

ក្រោយពីទទួលបានជនសង្ស័យ និងពាក្យបណ្តឹងរបស់ជនរងគ្រោះ សមត្តកិច្ចនគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញ បាននាំខ្លួនតៃកុងឡាននោះទៅកន្លែងទទួលបញ្ចាំ ហើយបានយករថយន្តនោះប្រគល់ឲ្យម្ចាស់ដើម តែជនសង្ស័យត្រូវអនុវត្តទោសព្រហ្មទណ្ឌពីបទ.រំលោភលើទំនុកចិត្ត ដែលស្ថិតនៅលើដើមបណ្តឹងតំណាងអយ្យការជាអ្នកសម្រេច ៕ ដោយ រ៉ារ៉ា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print