ប្រជាជន ១.៥លាននាក់ នៅតំបន់ ដែលស្ថិតក្រោមការគ្រប់គ្រងរបស់រុស្ស៊ីទទួលបានលិខិតឆ្លងដែនរុស្ស៊ី

ចែករំលែក៖

សារព័ត៌មាន AFP នៅថ្ងៃពុធ ទី៣១ ខែឧសភា ឆ្នាំ២០២៣បានផ្សាយថា នាយករដ្ឋមន្ត្រីរុស្ស៉ី លោក មីកាអែល មីស៊ូទីន (Mikhail Mishustin) បាននិយាយនៅថ្ងៃអង្គារសប្តាហ៍នេះថា រុស្ស៉ីបានផ្តល់លិខិតឆ្លងដែនដល់ប្រជាជនជិត ១.៥លាននាក់ ដែលរស់នៅក្នុងទឹកដីឧបសម្ព័ន្ធនៃតំបន់ដូណេត (Donetsk) លូហាន់ (Luhansk) ហ្សាប៉ូរ៉ិចហ្ស៉ីយ៉ា (Zaporizhzhia) និងខឺសុន (Kherson) របស់អ៊ុយក្រែនគិតចាប់តាំងពីខែតុលា ឆ្នាំ២០២២មក។

មន្ត្រីរុស្ស៉ីហៅទឹកដីទាំងបួនថាជា «តំបន់ថ្មី»។ លោក មីស៊ូទីន បានប្រាប់កិច្ចប្រជុំរដ្ឋាភិបាលថា ចាប់តាំងពីខែតុលា ឆ្នាំ២០២២មក មនុស្សជិត ១.៥លាននាក់មកពីតំបន់ថ្មីបានទទួលលិខិតឆ្លងដែនរុស្ស៉ី។ ប្រជាជនប្រហែល ១.៦លាននាក់ ដែលកំពុងរស់នៅក្នុងតំបន់នេះ ក៏ទទួលបានប្រាក់សោធននិវត្តន៍ ហើយប្រហែល ១.៥លាននាក់កំពុងទទួលបាន ប្រាក់អត្ថប្រយោជន៍សង្គម។ លោក មីស៊ូទីន បានគូសបញ្ជាក់ថា «ការគាំទ្រនេះ គឺត្រូវតែផ្តល់ឱ្យ ខ្ញុំសូមនិយាយជាថ្មីម្តងទៀតឱ្យបានទាន់ពេលវេលា»។
គួរបញ្ជាក់ថា ទីក្រុងមូស្គូបានកាត់យកតំបន់ទាំង ៤របស់អ៊ុយក្រែនធ្វើជាកម្មសិទ្ធិរបស់ខ្លួន កាលពីខែកញ្ញា ឆ្នាំ២០២២ ប្រាំពីរខែបន្ទាប់ពីសង្រ្គាមឈ្លានពាន។ រហូតមកដល់ពេលនេះ រុស្ស៉ីនៅមិនទាន់បានគ្រប់គ្រងតំបន់ណាមួយ ក្នុងចំណោមនោះពេញទាំងស្រុងឡើយ ហើយតំបន់ឧបសម្ព័ន្ធទាំងនេះទៀតសោត ក៏មិនត្រូវបានទទួលស្គាល់ជាអន្តរជាតិ ដែរ។
ប្រធានាធិបតីរុស្ស៉ី លោក វ្ល៉ាឌីមៀរ ពូទីន កាលពីខែមេសា បានចុះហត្ថលេខាលើក្រឹត្យមួយដើម្បីផ្តល់ឱ្យអ្នកដែលរស់នៅក្នុងទឹកដីនៃតំបន់ឧបសម្ព័ន្ធអ៊ុយក្រែនទទួលបានសញ្ជាតិរុស្ស៉ី ប៉ុន្តែនៅក្រោមច្បាប់ដែលថាអ្នកបដិសេធ ឬមិនអនុវត្តតាមច្បាប់របស់ពួកគេ ត្រូវប្រឈមនឹងការនិរទេស៕ ដោយធីរីណា

...

រូប​ថត​: Reuters

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print