ផលិតផលកសិកម្មរបស់កម្ពុជាចំនួន ១១ប្រភេទថែមទៀត ​ទទួលបានការអនុញ្ញាតឱ្យនាំចេញ ទៅកាន់ទីផ្សារប្រទេសចិន

ចែករំលែក៖

ភ្នំពេញ៖​ បើតាមការបញ្ជាក់របស់លោក​ ប៉ែន​ សុវិជាតិ​ រដ្ឋលេខាធិការ​ និងជាអ្នកនាំពាក្យក្រសួពាណិជ្ជកម្ម បានឱ្យដឹងនៅថ្ងៃទី៣១​ ខែឧសភា​ ឆ្នាំ២០២៣នេះថា៖​ កម្ពុជា​ ​ទទួលបានការអនុញ្ញាត​ឱ្យនាំចេញផលិតផលជលផលពីធម្មជាតិចំនួន ១១ប្រភេទថែមទៀត ទៅកាន់ទីផ្សារប្រទេសចិន​។ ហើយផលិតផលកសិកម្មទាំង១១ប្រភេទនោះ សុទ្ធសឹងជាជលផលគ្រប់ប្រភេទទាំងទឹកសាប និងទឹកសមុទ្រ​​។

លោកអ្នកនាំពាក្យរូបនេះ​​ បានថ្លែងថា​ ពិធីសារចំនួន៣ ស្តីពីលក្ខខ័ណ្ឌ​តម្រូវនាំចូល​ សម្រាប់ផលផលិតផលជលផលកម្ពុជា​ ត្រូវបានចុះហត្ថលេខា​រវាងប្រទេសចិន​ និងកម្ពុជា​រួចរាល់ ដូច្នេះប្រទេសកម្ពុជាអាចនាំចេញ​ផលិតផលជលផល​ គ្រប់ប្រភេទទាំងទឹកសាប និងទឹកសមុទ្រទៅកាន់ទីផ្សាចិនបាន។ ប៉ុន្តែរាល់ការនាំចេញ​ក្រុមហ៊ុន ដែលមានបំណងនាំចេញ​ ត្រូវធ្វើការចុះបញ្ជីនៅអគ្គរដ្ឋបាលគយចិន (GACC) មុនពេលនាំចេញ។

លោករដ្ឋលេខាធិការ​ បានថ្លែង​បន្ដថា​ ថ្មីៗកន្លងទៅនេះអគ្គរដ្ឋបាលគយចិន បានអនុម័តលើការចុះបញ្ជី​របស់ក្រុមហ៊ុននាំចេញមានឈ្មោះ KIM CHOU Co., Ltd Import Export and International Transportation ដែលបានស្នើសុំនាំចេញផលផលិតផលជលផលពីធម្មជាតិចំនួន ១១ប្រភេទទៅកាន់ប្រទេសចិន។​ ចំពោះ​ផលិផលចំនួន ១១ប្រភេទនេះរួមមាន៖​ កំពឹសទឹកសាប,​ ត្រីប្រាធំ, ត្រីប្រាខ្ចៅ,​ ខ្យងទឹកសាបពីរប្រភេទ, អន្ទង់ទឹកសាប, បង្កងកណ្តូបពីរប្រភេទ, បង្គាខ្លឹង,​ បង្គាស,​ និងបង្គាប៉ារ៉ា។

លោកអ្នកនាំពាក្យ​ បានបញ្ជាក់ថា​ ការជំរុញការនាំចេញ ផលិតផលកសិកម្ម រួមមានផលផលិតផលជលផល​ ជាគោលនយោបាយ​អភិវឌ្ឍន៍​វិស័យកសិកម្ម និងក្របខណ្ឌផែនការយុទ្ធសាស្ត្រ សម្រាប់វិស័យជលផលក្នុងការចូលរួមធានា សុខសន្តិសុខស្បៀង និងអាហារូបត្ថម្ភ បង្កើតការងារពាណិជ្ជកម្ម និងជំរុញកំណើនសេដ្ឋកិច្ចជាតិ។

លោករដ្ឋលេខាធិការ​រូបនេះ​ បានថ្លែងបន្ដថា​៖ «ការនាំចេញផលផលិតផលជលផល របស់ក្រុមហ៊ុន​ KIM CHOU ដែលអគ្គរដ្ឋបាលគយចិន​ទើបអនុញ្ញាត​នេះ គ្រាន់តែការបោះជំហ៊ាន ទៅក្នុងការធ្វើពាណិជ្ជកម្ម​ លើផលិតផល​​ជលផលកម្ពុជា​ ទៅកាន់ទីផ្សារចិន​ ជាទីផ្សារ​មានសក្តានុពលក្នុងតំបន់»។​ លោកបន្តថា​ «ចំពោះការនាំចេញនេះនឹងជួយដល់វិស័យ SMEs ផ្នែកក្រោយប្រមូលផលជលផល មានការអភិវឌ្ឍ និងពង្រីកខ្លួនកាន់តែទូលំទូលាយ ជាពិសេសការរកទីផ្សារ​សម្រាប់ផលផលិតផលជលផល»​។

...

គួរជម្រាបថា គិររហូតមកដល់ពេលនេះ ផលិតផលកសិកម្មរបស់កម្ពុជា ដែលអាចនាំចេញប្រទេសចិន រួមមាន៖ អង្ករ ដំឡូងមីក្រៀម គ្រាប់ស្វាយចន្ទី ចេក ផ្លែស្វាយ ពោត ផ្លែមៀនប៉ៃលិន (តាង៉ែន) ត្រីប្រា ម្រេច រួមទាំងផលិតផលជលផលពីធម្មជាតិចំនួន ១១ប្រភេទថែមទៀត៕ដោយ​៖សហការី​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print