ភ្នំពេញ៖ បុរសជាបុគ្គលិកក្រុមហ៊ុនឯកជនម្នាក់ ព្រោះតែខឹងជនសង្ស័យឆក់ទូរស័ព្ទរបស់គាត់ បានបើករថយន្តដេញបុក
រថយន្តបង្កម៉ាក តូយូតា សុីណា ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2E-4062 បើកដោយបុរសម្នាក់ឈ្មោះឃុន សុខឿន ភេទប្រុសអាយុ៣២ឆ្នាំ មានទីលំនៅសង្កាត់ស្នោរ ខណ្ឌពោធិ៍សែនជ័យ និងមានមុខរបរជាអ្នកបើករថយន្តឲ្យក្រុមហ៊ុនឯកជន ។
តាមសម្ដីអ្នកបើកបរបានឲ្យដឹងថា មុនពេលកើតហេតុ គាត់បានឈប់ទិញទឹកនៅតាមបណ្តោយផ្លូវព្រះមុន្នីវង្ស ជិតធនាគារកាណាឌីយ៉ា ពេលដែលគាត់ដកប្រាក់ឲ្យអ្នកលក់ក៏មានជនសង្ស័យ២នាក់ជិះម៉ូតូមួយគ្រឿងមិនចាំម៉ាក មកក្បែរហើយបានលួកយកទូរស័ព្ទរបស់លោកដែលដាក់ក្នុងហោប៉ៅអាវរួចជិះគេចខ្លួន ភ្លាមៗនោះរូបលោកបានបើករថយន្តដេញតាម លើផ្លូវលេខ៦១ក្នុងទិសដៅពីត្បូងទៅជើង រហូតដល់ផ្លូវកែង៩៦ ម៉ូតូជនសង្ស័យបត់ឆ្វេងតាមផ្លូវលេខ៩៦សំដៅទៅវត្តភ្នំ រីឯរូបលោកខំបួងចង្កូតបត់តាមពីក្រោយ តែដោយសារល្បឿនរថយន្តកំពុងតែលឿនទើបជ្រុលឡើងទៅលើសួនច្បារបុករះបាក់ដើមឈើមួយដើម និងស្លាកសញ្ញាសំគាល់ផ្លូវបាក់មួយដើមផងដែរ ។
បើតាមសន្តិសុខយាមនៅក្បែរនោះបានបន្ថែមថា នៅវេលាកើតហេតុខាងលើ គាត់បានឃើញរថយន្តបង្កបើក្នុងល្បឿនលឿនដេញតាមម៉ូតូជិះគ្នា២នាក់ព្រមទាំងបិតភ្លើងងងឹតសូន្យថែមទៀតផង ពេលមកដល់ផ្លូវបំបែក ម៉ូតូបត់ឡើងទៅវត្តភ្នុំ រីឯរថយន្តបត់មិនទាន់ក៏ជ្រុលឡើងសួនច្បារតែម្តងទៅ ។
ក្រោយពេលកើតហេតុសម្ថកិច្ចបានចុះទៅធ្វើការវាស់វែង និងស្ទួចយករថយន្តទៅរក្សាទុកនៅការិយាល័យចរាចរណ៍រាជធានីដើម្បីរង់ចាំម្ចាស់ចូលខ្លួនដោះស្រាយនៅពេលក្រោយ ៕
ដោយ៖ ព្រែកជ័យ