ភ្នំពេញ : នៅថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៣ ក្រសួងទេសចរណ៍ បានបញ្ជាក់អោយដឹងថា, តាមរយៈការវាយតម្លៃពីកម្មវិធីវេទិកាទេសចរណ៍មេគង្គ ឆ្នាំ២០២៣ ក្រោមប្រធានបទ “គិតគូរឡើងវីញពីភាពធន់ និងឌីជីថលនីយកម្ម” ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះចាប់ពីថ្ងៃទី២៤ ដល់២៨ ខែមេសា ឆ្នាំ២០២៣ នៅខេត្តព្រះសីហនុកន្លងមក បានបង្ហាញថាប្រតិភូ និងភ្ញៀវកិត្តិយសជាតិ-អន្តរជាតិចំនួន ១០០% បានវាយតម្លៃថាការរៀបចំព្រឹត្តិការណ៍នេះបានល្អប្រសើរ ៩៣% បានវាយតម្លៃថាពេញចិត្តនឹងព្រឹត្តិការណ៍នេះ និង ៩៨% នឹងចែករំលែកព័ត៌មានពីព្រឹត្តិការណ៍វេទិកាទេសចរណ៍មេគង្គទៅមិត្តភ័ក្រ្ក និងសហសេវិក។
ក្រៅពីការពេញចិត្ត និងកោតសរសើរលើដំណើរការរៀបចំទូទៅ ការរៀបចំពិព័រណ៌ទេសចរណ៍ប្រកបដោយនិរន្តរភាព វាគ្មិនកិត្តិយសនៅក្នុងកិច្ចពិភាក្សា ការទទួលបដិសណ្ឋារកិច្ច ដឹកជញ្ជូន សេវាកម្មម្ហូបអាហារនិងភេសជ្ជៈ ការស្នាក់នៅ និងការរៀបចំដំណើរកម្សាន្តទៅតំបន់កោះរ៉ុង ប្រតិភូ និងភ្ញៀវកិត្តិយសជាតិ-អន្តរជាតិបានសំណូមពរឲ្យមានការកាត់បន្ថយការប្រើប្រាស់ផ្លាស្ទិកនៅក្នុងព្រឹត្តិការណ៍ ការកាត់បន្ថយចំនួនវាគ្មិនក្នុងកិច្ចពិភាក្សា អញ្ជើញអ្នកចូលរួមឲ្យបានកាន់តែច្រើន តាំងបង្ហាញផលិតផលក្នុងស្រុកឲ្យបានច្រើន និងស្នើឲ្យបង្ហាញឲ្យបានកាន់តែច្បាស់ពីកិច្ចខិតខំរបស់ប្រទេសជាសមាជិកមហាអនុតំបន់មេគង្គក្នុងការអភិវឌ្ឍន៍វិស័យទេសចរណ៍។
សូមរំលឹកផងដែរថា វេទិកាទេសចរណ៍មេគង្គឆ្នាំ២០២៣ មានអ្នកចូលរួមសរុបចំនួន២៥០រូប មកពី១៩ជនជាតិជុំវិញពិភពលោក និងបានចូលរួមធ្វើបទបង្ហាញពីអ្នកជំនាញអន្តរជាតិលើប្រធានបទចំនួន២ រួមមាន៖ (១) ការគិតគូរឡើងវិញពីវិស័យទេសចរណ៍ និង (២) គិតគូរឡើងវិញពីប្រព័ន្ធចំណីអាហារក្នុងវិស័យទេសចរណ៍ និងកិច្ចពិភាក្សា (Panelist Discussion) ចំនួន៣ រួមមាន៖ (១) ទេសចរណ៍វ័យឆ្លាត និងគោលដៅទេសចរណ៍វ័យឆ្លាតតាមរយៈបច្ចេកវិទ្យា (Smart Tourism and Smart Destination via Digitalization) (២) គិតគូរឡើងវិញពីវិស័យម្ហូបអាហារ ដើម្បីការពារភពផែនដី (Rethinking Food System- A lever to protect the Planet) និង (៣) ការពង្រឹងមូលធនមនុស្ស ដើម្បីភាពធន់ក្នុងវិស័យទេសចរណ៍ (Advancing Human Capital… Advancing Industry Resilience) ដោយមានការចូលរួមពីអ្នកសម្របសម្រួល និងវាគ្មិនជាតិ និងអន្តរជាតិ ដែលមកពីស្ថាប័នសាធារណៈ ឯកជន និងអ្នកជំនាញការអន្តរជាតិនានា។ កម្ពុជាបានប្រគល់ទង់មេគង្គប្តូរវេនជូនដល់តំណាងប្រទេសចិន ដែលនឹងត្រូវធ្វើជាម្ចាស់ផ្ទះប្តូរវេនវេទិកាទេសចរណ៍មេគង្គឆ្នាំ២០២៤ នៅទីក្រុង Lijiang ខេត្តយូណាន ប្រទេសចិន នៅខែឧសភា ឆ្នាំ២០២៤៕
ដោយ : សហការី