ភ្នំពេញ៖ នៅថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២៣ វេលាម៉ោង១០ និង ០០នាទី មានជនជាតិវៀតណាមដែលកំពុងនេសាទត្រី បានប្រទះឃើញសាកសព អណ្ដែតទឹកនៅចំណុចមាត់ច្រាំងទន្លេក្រៅ ស្ថិតនៅចុងបឹងក្រៅ ឃុំផ្ទះកណ្ដាល ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម។ចំពោះ:សាកសពមានសភាពហើមស្អុយរលួយ គ្មានអាវ ស្លៀកខោខ្លីពណ៌ខ្មៅ។ ក្រោយពីទទួលបានព័ត៌មានភ្លាម លោកឧត្តមសេនីយ៍ត្រី ហេង វុទ្ធី ស្នងការនគរបាលខេត្តកំពង់ចាមបានចាត់បញ្ជាឱ្យលោកវរសេនីយ៍ឯក ប៉ាក ជាតិ អធិការនគរបាលស្រុកស្រីសន្ធរ បញ្ជាដឹកនាំកម្លាំងជំនាញដោយបានបង្កើតគណៈកម្មការចុះដល់កន្លែងកើតហេតុ ដើម្បីពិនិត្យសាកសព ។
១-តាមការពិនិត្យវិភាគលេីសាកសពនេះ ផ្នែកដងខ្លួនខាងមុខមានស្នាមសាក់ជាប់ខ្លួនដោយសរសេរថា (ថ្ងៃស្អែកស្លាប់នៅលើដើមទ្រុង និងពាក្យលាឪលើដើមដោះខាងស្តាំ និងលាម៉ែលើដើមដោះខាងឆ្វេង)។ អាស្រ័យដូចបានជម្រាបជូនតាមភិនភាគនៃសពខាងលេីនេះ អធិការដ្ឋាននគរបាលស្រុកស្រីសន្ធរនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម ស្នេីសុំឱ្យបងប្អូនសាធារណជនទាំងអស់ ពិសេសអ្នកនិយមកប្រេីប្រាស់នូវបណ្ដាញសង្គមជួយផ្សព្វផ្សាយបន្ដ ដេីម្បីស្វែងរកសាច់ញាតិបងប្អូនគ្រួសារសព និងសូមផ្ដល់ព័ត៌មានជាក់លាក់តាមរយៈក្រុមការងារប្រតិកម្មរហ័សនៃអធិការដ្ឋាននគរបាលស្រុកស្រីសន្ធរ ខេត្តកំពង់ចាមយេីងខ្ញុំ លេខទូរស័ព្ទ 09777 80050 ៕ដោយវណ្ណៈ