ភ្នំពេញ៖ បុរសចំណាស់ម្នាក់ធ្វើអោយញញួរជ្រុះចូលក្នុងទឹកស្អុយ ក៏ចុះទៅរាវ ស្រាប់តែលិចបាត់ទាំងមនុស្សរាប់ម៉ោងទៅតាមញញូរ បង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋនាំគ្នាប្រាប់សមត្ថកិច្ចអោយជួយស្វែងរកជនរងគ្រោះ។
ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៩យប់ថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៣ ស្ថិតនៅក្នុងភូមិទួលសង្កែ សង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។
យោងតាមប្រភពព័ត៌មានពីដៃគូរបស់បុរសដែលបានបាត់ខ្លួនបានប្រាប់អោយដឹងថា៖ មុនពេលកើតហេតុ បុរសដែលបានបាត់ខ្លួនបានបបួលខ្លួនទៅវាយថ្មសំណង់ផ្ទះចាស់ៗដើម្បីយកដែកលក់ ដូចសព្វដង តែខ្លួនបានបដិសេធមិនទៅនោះទេ ព្រោះខ្លួនបានធ្វើឱ្យជ្រុះញញួរ សម្រាប់ដំធ្លាក់ទៅក្នុងប្រឡាយលូបាត់ទៅហើយរកមិនឃើញទេ។
គ្រាន់តែឮដូច្នេះ បុរសដែលបាត់ខ្លួនបានប្រាប់ថា ទុកអោយគាត់ជាអ្នកទៅរកវិញ និយាយរួចអ្នកទាំងពីរបានទៅកាន់ទីតាំងកើតហេតុ ដើម្បីស្វែងរកញញួរដែលបានបាត់។ បុរសបាត់ខ្លួនបានស្រាតសម្លៀកបំពាក់និងដោះស្បែកជើងរបស់ខ្លួនចេញ ដោយទុកតែខោខ្លីដើម្បីចុះក្នុងទឹកប្រឡាយស្វែងរកញញួរនោះ គាត់បានចុះឡើងៗចំនួន០២ដងនៅតែរាវរកញញួរមិនឃើញ ក៏សម្រេចហឹបទឹកប្រឡាយជាលើកទី៣ស្រាប់តែបាត់ឈឹងមិនឃើញមកវិញ។
បុរសជាដៃគូបានបន្តថា៖ ដោយយល់ថាមិនស្រួល គាត់ក៏បានស្រាតសម្លៀកបំពាក់ចុះទៅតាមដើម្បីស្វែងរកបុរសបាត់ខ្លួនខាងលើ តែរកមិនឃើញ កើតចិត្តភ័យខ្លាំង ក៏បានស្រែកហៅអ្នកភូមិអោយជួយរក។ ភ្លាមៗនោះអ្នកភូមិបានផ្អើលរត់មកចោមរោមមើល និងបានរាយការណ៍ប្រាប់សមត្ថកិច្ចមូលដ្ឋាន ដើម្បីសុំជំនួយជួយស្វែងរកបុរសដែលបានបាត់ខ្លួននោះទាំងអស់គ្នា។
សូមបញ្ជាក់ថា៖ បុរសបាត់ខ្លួនមានឈ្មោះ ចាន់ណា វ័យ៤០ឆ្នាំជាង
មានទីលំនៅ នៅភូមិផ្សារតូច ក្បែរនឹងទីតាំងកើតហេតុ។
ក្រោយពេលកើតហេតុរយៈពេលជិត២ម៉ោង នៅតែរកមិនឃើញបុរសដែលបាត់ខ្លួននោះ នៅសល់តែសម្លៀកបំពាក់ ដែលស្រាតចោលនៅទីនោះ និងទ្រនាប់ជើងមួយគូរបស់គាត់តែប៉ុណ្ណោះនៅកន្លែងកើតហេតុ បើទោះបីជាអ្នកផ្ទះអ្នកភូមិនាំគ្នាអុជធូបតាមអបិយជំនឿក៏មិនអាចរកឃើញដែរ។
បច្ចុប្បន្នគណៈបញ្ជាការឯកភាពខណ្ឌឫស្សីកែវ រួមទាំងសមត្ថកិច្ចមូលដ្ឋាន បានប្រើប្រាស់គ្រឿងចក្រប្រភេទ អិចស្កាវ៉ាទ័រ ធ្វើការស្វែងរកសាកសពអោយឃើញ ដើម្បីប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕ ដោយ រ៉ារ៉ា