ក្រសួងសុខាភិបាលក្រើនរំលឹក អំពីការចាក់វ៉ាក់សាំងកូវីដ-១៩ “ដូសជំរុញ” ជូនដល់ប្រជាជនដែលមានអាយុចាប់ពី ៣ឆ្នាំឡើងទៅ

ចែករំលែក៖

ភ្នំពេញ​៖​ ក្រសួង​សុខាភិបាល​កម្ពុជា​ នៅព្រឹក​ថ្ងៃ​ទី០២​ ខែមិថុនា​ ឆ្នាំ​២០២៣​ បានចេញសេចក្ដីជូនដំណឹង​ស្ដីពី​ ការក្រើនរំលឹកអំពីការចាក់វ៉ាក់សាំងកូវីដ-១៩ “ដូសជំរុញ” ជូនដល់ប្រជាជនដែលមានអាយុចាប់ពី ៣ឆ្នាំឡើងទៅ។

នៅក្នុង​សេចក្តីជូនដំណឹងរបស់ក្រសួង​ បានបញ្ជាក់ថា​ យោងចំណារឯកភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីន ព្រះរាជាណាចក្រកម្ពុជា ចុះថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២៣ លើលិខិតរបស់គណៈប្រចាំការ នៃគណៈកម្មការជាតិប្រយុទ្ធនឹង ជំងឺកូវីដ-១៩ (គ.ប.ក.) និងដោយសង្កេតឃើញថា ក្នុងពេលថ្មីៗនេះ វីរុសកូវីដ-១៩ បំប្លែងថ្មី ពពួក Omicron XBB.1.5 និងពពួក ថ្មីៗទៀត កំពុងមានការឆ្លងរីករាលដាលនៅតាមបណ្ដាប្រទេសមួយចំនួននៅលើសាកលលោក និងនៅក្នុងតំបន់ គណៈកម្មការចំពោះ កិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ (គ.វ.ក-១៩) សូមធ្វើការក្រើនរំលឹកជម្រាបជូនសាធារណជនអំពីការចាក់វ៉ាក់សាំងកូវីដ-១៩ ដូសជំរុញ តាមគោលការណ៍ស្ម័គ្រចិត្ត និងដោយមានការកែសម្រួលគម្លាតនៃការចាក់វ៉ាក់សាំងដូសជំរុញ ណែនាំពីអង្គការសុខភាពពិភពលោក ដោយគម្លាតនៃការចាក់វ៉ាក់សាំងកូវីដ-១៩ ដូសជំរុញត្រូវធ្វើចាប់ពី៦ខែឡើង បន្ទាប់ពីចាក់ដូសចុងក្រោយ។ ប្រទេសកម្ពុជាកំពុងបន្ត ផ្តល់ការចាក់វ៉ាក់សាំងកូវីដ-១៩ ដូចតទៅ៖

– ចំពោះកុមារដែលមានអាយុចាប់ពី៣ឆ្នាំ ដល់អាយុក្រោម៥ឆ្នាំទាំងអស់ដែលបានចាក់វ៉ាក់សាំងកូវីដ-១៩ ដូសទី១ និង ដួសទី២ (ដូសមូលដ្ឋាន) រួចរាល់ ហើយមានគម្លាតចាប់ពី៦ខែឡើង បន្ទាប់ពីការចាក់វ៉ាក់សាំងកូវីដ-១៩ ដួសចុងក្រោយ សូមអាណាព្យាបាលរួសរាន់នាំកូន ក្មួយ ឬចៅ ទៅទទួលយកការចាក់វ៉ាក់សាំងកូវីដ-១៩ ដូសទី៣ ឬដូសទី៤ ឱ្យបានគ្រប់ៗគ្នា។ ចំពោះការចាក់វ៉ាក់សាំងកូវីដ-១៩ ដូសទី៥ ឬដូសជំរុញបន្តបន្ទាប់ទៀត ជូនដល់ក្រុមអាយុនេះ សូមរង់ចាំការជូនដំណឹងជាថ្មី ពី គ.វ.ក-១៩។

– ចំពោះកុមារ ដែលមានអាយុចាប់ពី៥ឆ្នាំ ដល់អាយុក្រោម១២ឆ្នាំទាំងអស់ដែលបានចាក់វ៉ាក់សាំងកូវីដ-១៩ ដូសទី១ និងដូសទី២ (ដូសមូលដ្ឋាន) រួចរាល់ ហើយមានគម្លាតចាប់ពី៦ខែឡើង បន្ទាប់ពីការចាក់វ៉ាក់សាំងកូវីដ-១៩ ដូសចុងក្រោយ សូមអាណាព្យាបាលរួសរាន់នាំកូន ក្មួយ ឬចៅ ទៅទទួលយកការចាក់វ៉ាក់សាំងកូវីដ-១៩ ដូសទី៣ ដូសទី៤ ឬដូសទី៥ ឱ្យបាន គ្រប់ៗគ្នា។ ចំពោះការចាក់វ៉ាក់សាំងកូវីដ-១៩ ដួសទី៦ ឬដូសជំរុញបន្តបន្ទាប់ទៀត ជូនដល់ក្រុមអាយុនេះ សូមរង់ចាំការជូន ដំណឹងជាថ្មីពី គ.វ.ក-១៩។

– ចំពោះប្រជាជនដែលមានអាយុចាប់ពី១២ឆ្នាំឡើងទាំងអស់ដែលបានចាក់វ៉ាក់សាំងកូវីដ-១៩ ដូសទី១ និងដូសទី២ ឬបាន ចាក់វ៉ាក់សាំងចនសុន និងចនសុន មួយដូស (ដូសមូលដ្ឋាន) រួចរាល់ ហើយមានគម្លាតចាប់ពី៦ខែឡើង បន្ទាប់ពីការចាក់ វ៉ាក់សាំងកូវីដ-១៩ ដូសចុងក្រោយ សូមរួសរាន់អញ្ជើញទៅទទួលការចាក់វ៉ាក់សាំងកូវីដ-១៩ ដូសទី៣ ដួសទី៤ ដូសទី៥ឬដូសទី៦ ឱ្យបានគ្រប់ៗគ្នា។ ចំពោះការចាក់វ៉ាក់សាំងកូវីដ-១៩ ដូសទី៧ ឬដូសជំរុញបន្តបន្ទាប់ទៀត ជូនដល់ក្រុមអាយុនេះ សូមរង់ចាំការជូនដំណឹងជាថ្មីពី គ.វ.ក-១៩។

ចំពោះទីតាំងនៃការចាក់វ៉ាក់សាំងកូវីដ-១៩ ជូនគ្រប់ក្រុមអាយុដែលបានរៀបរាប់ជូនខាងលើ គឺនៅតាមមូលដ្ឋានសុខាភិបាល សាធារណៈ រួមមានមន្ទីរពេទ្យជាតិ មន្ទីរពេទ្យបង្អែក និងមណ្ឌលសុខភាព ទូទាំងរាជធានី-ខេត្តទាំង២៥ ដែលស្ថិតនៅជិតទីសំណាក់ របស់បងប្អូន។

អាស្រ័យដូចបានគោរពជម្រាបជូនខាងលើ គ.វ.ក-១៩ សូមអំពាវនាវដល់ពុក ម៉ែ បង ប្អូន ក្មួយៗ ប្រជាពលរដ្ឋ គ្រប់ក្រុម អាយុទាំងអស់ចាប់ពី៣ឆ្នាំឡើង ដែលមិនទាន់បានចាក់វ៉ាក់សាំងកូវីដ-១៩ សមូលដ្ឋាន ឬដូសជំរុញដូចបានរៀបរាប់ខាងលើ សូមអញ្ជើញទៅទទួលយកការចាក់វ៉ាក់សាំងកូវីដ-១៩ ដូសទី១ និងដូសទី២ (ដូសមូលដ្ឋាន) ដូសទី៣ ដូសទី៤ ដូសទី៥ ឬដួសទី៦ តាមក្រុមអាយុ និងទីតាំងដែលបានជម្រាបជូនខាងលើឱ្យបានគ្រប់ៗគ្នាជាមួយនឹងការបន្តអនុវត្តវិធានការ ៣ការពារ និង៣កុំ ទៅ តាមសភាពជាក់ស្ដែង និងការវាយតម្លៃត្រឹមត្រូវ ដើម្បីបង្កើនភាពស៊ាំបុគ្គល និងសហគមន៍ សំដៅចូលរួមទប់ស្កាត់ការឆ្លងរីករាលដាល កាត់បន្ថយអត្រាឈឺធ្ងន់ និងអត្រាស្លាប់ដែលបង្កដោយជំងឺកូវីដ-១៩ សារជាថ្មីនាពេលខាងមុខ នៅក្នុងព្រះរាជាណាចក្រកម្ពុជា។

...

ប្រសិនបើបងប្អូនប្រជាពលរដ្ឋមានចម្ងល់ពាក់ព័ន្ធទៅនឹងការចាក់វ៉ាក់សាំងកូវីដ-១៩ សូម​អានសេចក្ដីជនដំណឹងរបស់ក្រសួងមានដូចខាងក្រោម៖

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print