សម្តេចក្រឡាហោម ស ខេង អញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលជាមួយថ្នាក់ដឹកនាំ ប្រតិភូ គ្រូបង្វឹក កីឡាករ កីឡាការិនី ក្រសួងមហាផ្ទៃ

ចែករំលែក៖

ភ្នំពេញ : នារសៀលថ្ងៃអាទិត្យ ទី៤ ខែមិថុនា ឆ្នាំ២០២៣នេះ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីសំណេះសំណាលជាមួយថ្នាក់ដឹកនាំ ប្រតិភូ គ្រូបង្វឹក កីឡាករ កីឡាការិនី នៃក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ ដែលទទួលបានជ័យលាភី មេដាយមាស ប្រាក់ និងសំរឹទ្ធ ក្នុងព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ នៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។

លោក សរ សិទ្ធិ អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ ទទួលជួយការងារដឹកនាំអគ្គលេខាធិការដ្ឋាននៃក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ បានធ្វើសេចក្តីរាយការណ៍គោរពជូនសម្ដេចក្រឡាហោម និងអង្គពិធីថា ក្នុងចំណោមមេដាយចំនួន ២៨២គ្រឿង ដែលកម្ពុជាដណ្ដើមបានពីការប្រកួតក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ កីឡាករ កីឡាការិនីនៃក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ បានរួមចំណែកយ៉ាងធំធេងដោយដណ្ដើមបានមេដាយសរុបចំនួន ១៣២គ្រឿង ក្នុងនោះមេដាយមាសចំនួន ៣៥គ្រឿង ប្រាក់៣៤គ្រឿង និងសំរឹទ្ធ៦៣។

លោក អនុរដ្ឋលេខាធិការបន្តថា ការរួមចំណែកបានមេដាយនេះ បើគិតជាភាគរយ ស្មើនឹង ៤៦,៨ភាគរយ ហើយលើសពីនោះទៀត កីឡាការិនីជាកងកម្លាំងនគរបាលជាតិនៃក្រសួងមហាផ្ទៃ គឺលោកវរសេនីយ៍ត្រី ប៉ាល់ ឆរស្មី បានជាប់ជាអត្តពលិកឆ្នើមបំផុត ដោយដណ្ដើមេដាយសរុបចំនួន៦គ្រឿង លើប្រភេទកីឡាវូវីណាម រួមមានមេដាយមាស៤គ្រឿង ប្រាក់១ និងសំរឹទ្ធ១ ព្រមទាំងមានអត្តពលិកក្រសួងមហាផ្ទៃម្នាក់ទៀតដណ្ដើមមេដាយមាសចំនួន៣គ្រឿងម្នាក់ឯង និង៩រូបផ្សេងទៀតដណ្ដើមបានមេដាយមាសម្នាក់២គ្រឿង។

ទន្ទឹមនេះដែរ លោក សរ សិទ្ធិ បានថ្លែងអំណរគុណគោរពជូនសម្ដេចក្រឡាហោម ដែលបានផ្ដល់ការលើកទឹកចិត្តដល់កីឡាករកីឡារិនីជ័យលាភីនូវទឹកប្រាក់សរុបចំនួន ២២០.៨០០.០០០រៀល បានផ្ដល់នូវការលើកទឹកចិត្តដំឡើងឋាន្តរស័ក្ដិជូនអត្តពលិកមានស្នាដៃ ព្រមទាំងបានផ្ដល់ក្របខណ្ឌជូនអត្តពលិកមានស្នាដៃជាមន្រ្តីនគរបាលជាតិផងដែរ

នាឱកាសនោះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានចាត់ទុកលទ្ធផលនៃចំនួនមេដាយដែលអត្តពលិកក្រសួងមហាផ្ទៃរួមចំណែកដណ្ដើមបាននេះថាកិត្តិយសរបស់រាជរដ្ឋាភិបាល និងកិត្តិយសរបស់ជាតិទាំងមូល។ សម្ដេចក្រឡាហោម បានថ្លែងការកោតសរសើរដោយស្មោះអស់ពីដួងចិត្ត និងបានជូនពរអត្តពលិក និងកីឡាករកីឡាករិនីក្រសួងមហាផ្ទៃទាំងអស់ សូមទទួលបានជោគជ័យថ្មីៗបន្ថែមទៀតក្នុងការប្រកួតកីឡាទាំងកម្រិតជាតិ និងអន្តរជាតិនាពេលខាងមុខ។

សម្ដេចក្រឡាហោម ស ខេង ក៏បានបញ្ជាក់ជូនអង្គពិធីផងដែរ អំពីគោលការណ៍នៃការផ្ដល់ក្របខណ្ឌជូនអ្នកមានស្នាដៃ និងការរៀបចំក្របខណ្ឌមន្រ្តីនគរបាលជាតិជាប្រចាំឆ្នាំ ដោយបញ្ជាក់ថាជាគោលការណ៍ ក្រសួងមិនបានស្នើសុំសម្ដេចតេជោប្រមុខរាជរដ្ឋាភិបាលនូវចំនួនក្របខណ្ឌលើសពីភាពជាក់ស្ដែងនោះទេ។ ភាពជាក់ស្ដែងត្រូវបានសម្ដេចពន្យល់ថាបើនៅក្នុងឆ្នាំចាស់មានមន្រ្តីចូលនិវត្តន៍ ឬបញ្ឈប់ ឬដោយប្រការណាមួយក្នុងចំនួន៣ពាន់នាក់ ក្រសួងនឹងស្នើសុំបំពេញបន្ថែមតែ៣ពាន់នាក់នោះទេ ពោលគឺមិនអាចស្នើសុំលើសដែលនាំឱ្យប៉ះពាល់ដល់ការចំណាយរបស់រដ្ឋនោះទេ។

លើសពីនោះទៀត សម្ដេចក្រឡាហោម ស ខេង ក៏បានមានប្រសាសន៍ផ្ដល់ទស្សនាទានអំពីស្នាដៃសំខាន់ៗដែលរាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន សម្រេចបានក្នុងរយៈពេល៥ឆ្នាំ ពីឆ្នាំ២០១៨ រហូតដល់ឆ្នាំ២០២៣នេះ ព្រមទាំងបានគូសបញ្ជាក់អំពីសារៈសំខាន់នៃការរៀបចំការបោះឆ្នោតជាទៀងទាត់តាមគោលការណ៍លទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស ក្នុងនោះរួមទាំងការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៧ ឆ្នាំ២០២៣ ដែលនឹងប្រព្រឹត្តិទៅនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខនេះផងដែរ៕

ដោយ ៖ សហការី

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print